វិភាគអន្តរជាតិ៖ បើកភ្លើងបៃតងឱ្យកូរ៉េខាងត្បូងមាននាវាមុជទឹកនុយក្លេអ៊ែរ តើសហរដ្ឋអាមេរិកចង់បានអ្វី?

19-11-2025 21:07

(វ៉ាស៊ីនតោន)៖ ការបើកភ្លើងបៃតងរបស់សហរដ្ឋអាមេរិកដើម្បីជួយកូរ៉េខាងត្បូងផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរបានក្លាយជាចំណុចរបត់មួយនៅក្នុងសម្ព័ន្ធភាពរវាងប្រទេសទាំង២ ដែលក្រុមអ្នកវិភាគខ្លះបាននិយាយថា បាន និងកំពុងជំរុញឱ្យទីក្រុងសេអ៊ូលចូលរួមកាន់តែជ្រៅក្នុងយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់ទីក្រុងវ៉ាស៊ីនតោនទប់ទល់នឹងការកើនឡើងឥទ្ធិពលចិន។ តាមក្រុមអ្នកវិភាគ ខណៈយោធាអាមេរិកកំពុងព្យាយាមបង្កើតយុទ្ធសាស្ត្រត្រីកោណ តាមរយៈការពង្រឹងទំនាក់ទំនងស៊ីជម្រៅជាមួយកូរ៉េខាងត្បូង ជប៉ុន និងហ្វីលីពីន ទីក្រុងវ៉ាស៊ីនតោនបានចាប់ផ្ដើមតថ្លៃ ដោយយល់ព្រមអនុម័តកិច្ចព្រមព្រៀងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដើម្បីជាថ្នូរឱ្យកូរ៉េខាងត្បូងបង្កើន ការចូលរួមក្នុង «យុទ្ធសាស្ត្រសន្តិសុខត្រីកោណនេះ»។

* នៅលើលោក គ្មានរបស់ហ្វ្រី
លោក Doo Jin-ho ជាអ្នកវិភាគជាន់ខ្ពស់ម្នាក់មកពីវិទ្យាស្ថានស្រាវជ្រាវកូរ៉េសម្រាប់យុទ្ធសាស្ត្រជាតិ បានប្រាប់កម្មវិធី This Week in Asia របស់កាសែត South China Morning Post ថា «នៅលើពិភពលោកនេះ គ្មានរបស់ហ្រី្វនោះទេ»។ លោកបន្ថែមថាទីក្រុងវ៉ាស៊ីនតោនបានហ៊ុចវិក្ក័យប័ត្រមួយទៅឱ្យសេអ៊ូលជាមួយការអំពាវនាវឱ្យចូលរួមកាន់តែសកម្មនៅក្នុងយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក»។ តាមអ្នកវិភាគរូបនេះ កិច្ចព្រមព្រៀងនាវាមុជទឹកនុយក្លេអ៊ែរ នឹងកាន់តែធ្វើឱ្យកូរ៉េខាងត្បូងបែរចេញពី «យុទ្ធសាស្ត្រមិនច្បាស់លាស់» ដោយធ្វើឱ្យគេឃើញថាខ្លួនងាកទៅរកសហរដ្ឋអាមេរិកកាន់តែខ្លាំងក្នុងបរិបទនៃការកើនឡើងភាពតានតឹងរវាងអាមេរិក និងចិន។ ការផ្លាស់ប្ដូរនេះនឹងធ្វើឱ្យកូរ៉េខាងត្បូងលំបាកនៅក្នុងការរក្សាតុល្យភាពទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តយោធាដ៏សំខាន់ និងជាមួយចិនដែលជាដៃគូពិពាណិជ្ជកម្មដ៏ធំរបស់ខ្លួន។ តែចង់ ឬមិនចង់ កូរ៉េខាងត្បូងមិនអាចបំភ្លេចចោលនូវគោលដៅចម្បងដែលផ្សាភ្ជាប់នឹងសម្ព័ន្ធភាពរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកបានទេ នោះគឺការកំញើញកូរ៉េខាងជើង និងស្វែងរកមធ្យោបាយដើម្បីសម្របខ្លួនទៅតាមផលប្រយោជន៍សន្តិសុខរបស់ សហរដ្ឋអាមេរិក។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae-myung បានធ្វើឱ្យក្រុមអ្នកវិភាគភ្ញាក់ផ្អើលកាលពីខែតុលាកន្លងទៅ នៅពេលលោកស្នើសុំដោយបើកចំហការអនុញ្ញាតពីសហរដ្ឋអាមេរិកដើម្បីឱ្យកូរ៉េខាងត្បូងផលិតនាវាមុជទឹកនុយក្លេអ៊ែរ អំឡុងកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ កូរ៉េខាងជើងកាលពីថ្ងៃអង្គារ ទី១៨ ខែវិច្ឆិកា បានថ្កោលទោសកិច្ចព្រមព្រៀងនាវាមុជទឹកនុយក្លេអ៊ែររវាងអាមេរិក និងកូរ៉េខាងត្បូងជាមួយការព្រមានថានឹងបង្កឱ្យ មានការរត់ប្រណាំងសព្វាវុធក្នុងតំបន់។ សេចក្ដីប្រកាសព័ត៌មានរួមមួយចេញផ្សាយកាលពីថ្ងៃទី១៤ ខែវិច្ឆិកា បាននិយាយថាសហរដ្ឋអាមេរិកនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយទីក្រុងសេអ៊ូលដើម្បីជំរុញតម្រូវការនានាដែលត្រូវការជាចាំបាច់ សម្រាប់គម្រោងផលិតនាវាមុជទឹកនុយក្លេអ៊ែរ។ ក្រៅពីកិច្ចព្រមព្រៀងនាវាមុជទឹក កូរ៉េខាងត្បូងក៏បានសន្យាដែរថានឹងចំណាយប្រាក់ ២៥ពាន់លានដុល្លារលើការទិញប្រព័ន្ធអាវុធពីសហរដ្ឋអាមេរិក នៅមុនឆ្នាំ២០៣០ និងបានគូសបញ្ជាក់ ពីផែនការកញ្ចប់ថវិកា ៣៣ពាន់លានដុល្លារលើកងទ័ពអាមេរិកឈរជើងនៅកូរ៉េខាងត្បូង ព្រមទាំងសន្យាថាបង្កើនកញ្ចប់ថវិកាយោធាឱ្យដល់ ៣.៥ភាគរយនៃផលិតផលក្នុងស្រុកសរុប។

* លើសពីឧបទ្វីបកូរ៉េ
លោក Chang Yong-seok ជាអ្នកស្រាវជ្រាវជាន់ខ្ពស់ម្នាក់មកពីវិទ្យាស្ថានសម្រាប់សន្តិភាព និងការសិក្សាពីការបង្រួបបង្រួមជាតិ នៃសាកលវិទ្យាល័យជាតិសេអ៊ូល បាននិយាយថាសេចក្ដីប្រកាសព័ត៌មានរួមរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានបង្ហាញពីអ្វីដែលសហរដ្ឋអាមេរិកចង់បានពីកូរ៉េខាងត្បូង ជាថ្នូរនឹងការយល់ព្រមអនុម័តកិច្ចព្រមព្រៀងនាវាមុជទឹកនុយក្លេអ៊ែរ នោះគឺពង្រីកកិច្ចសហប្រតិបត្តិការសន្តិសុខលើសពីតំបន់ឧបទ្វីបកូរ៉េ។ លោកបន្ថែមថា លោក Lee Jae-myung ខណៈស្វែងរកការយល់ព្រមពីលោក ត្រាំលើកិច្ចព្រមព្រៀងនាវាមុជទឹកនុយក្លេអ៊ែរ បានកត់សម្គាល់ពីភាពចាំបាច់ក្នុងការតាមដានការធ្វើប្រតិបត្តិការនៃនាវាមុជទឹកចិននៅក្បែរតំបន់ឧបទ្វីបកូរ៉េ។ ឃើញដូចនេះ សហរដ្ឋអាមេរិកបានចាប់យកឱកាសដើម្បីតថ្លៃជាមួយកូរ៉េខាងត្បូងឱ្យបង្ហាញការប្ដេជ្ញាចិត្តកាន់តែច្បាស់លាស់ជាងមុនក្នុងការទប់ទល់នឹងឥទ្ធិពលចិន ជាថ្នូរនឹងនាវាមុជទឹកនុយក្លេអ៊ែរដែលនេះនឹងផ្ដល់សន្ទុះឱ្យសេអ៊ូលពង្រីកតួនាទី សន្តិសុខរបស់ខ្លួនចេញពីហួសពីតំបន់ឧបទ្វីបកូរ៉េ ទៅកាន់តំបន់អាស៊ីទាំងមូល។ លោកឧត្តមនាវី Daryl Caudle ជាប្រមុខប្រតិបត្តិការកងទ័ពជើងទឹកអាមេរិកបានបន្ទរតាមពីក្រោយទំនោរបែបនេះដោយនិយាយថាវាជារឿងធម្មតា ដែលគេរំពឹងថាសហរដ្ឋអាមេរិកនឹងប្រើប្រាស់នាវាមុជទឹកនុយក្លេអ៊ែរកូរ៉េខាងត្បូង ដើម្បីទប់ទល់ជាមួយចិន។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បាននិងកំពុងជំរុញឱ្យសម្ព័ន្ធមិត្តរបស់ខ្លួនបង្កើនការចំណាយលើវិស័យការពារជាតិ និងចូលរួមចំណែកកាន់តែច្រើនក្នុង «ការការពារជាសមូហភាព» ជាមួយការសង្កត់ធ្ងន់ពីតម្រូវការនូវ «យុទ្ធសាស្ត្របត់បែន ដ៏អស្ចារ្យមួយ» ក្នុងនោះរួមមានទាំងការពង្រីកតួនាទីសម្រាប់កងទ័ពអាមេរិក ២៨ ៥០០នាក់ដែលកំពុងឈរជើងនៅកូរ៉េខាងត្បូង។ នាយឧត្តមសេនីយ៍លោក Xavier Brunson ជាមេបញ្ជាការនៃកងទ័ពអាមេរិកប្រចាំកូរ៉េខាងត្បូង បានអះអាងថាកូរ៉េខាងត្បូង ជប៉ុន និងហ្វីលីពីន គួរតែបង្កើត «យុទ្ធសាស្ត្រត្រីកោណមួយ» ដែលជាបេះដូងនៃអនាគតកិច្ចសហប្រតិបត្តិការសន្តិសុខក្នុងតំបន់៕