ដំណឹងមរណភាព! ឯកឧត្តម នុត សាអាន បានទទួលមរណភាព ក្នុងជន្មាយុ៨៣ឆ្នាំ

20-11-2025 16:03

(ភ្នំពេញ)៖ ឯកឧត្តម នុត សាអាន ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម អំពើឃោរឃៅ អំពើអមនុស្សធម៌ អំពើធ្វើទុក្ខបុកម្នេញ ឬទណ្ឌកម្ម បានទទួលមរណភាព នៅថ្ងៃព្រហស្បតិ៍ ១៥រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១១៖៣០នាទីថ្ងៃត្រង់ ក្នុងជន្មាយុ ៨៣ឆ្នាំ ដោយរោគាពាធ។

បច្ចុប្បន្នសពបានតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋានផ្ទះលេខ២៦១​ ផ្លូវត្រឡក់ផ្អែម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ (ក្នុងវិមានរដ្ឋចំការមន)។ ដំណឹងនេះចាត់ទុកជាការអញ្ជើញបងប្អូន ញាតិមិត្តជិតឆ្ងាយអញ្ជើញចូលរួមបុណ្យសពឯកឧត្តមឲ្យបានគ្រប់ៗគ្នា។

ក្រោយទទួលបានដំណឹងមរណភាពនេះ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសារលិខិតរំលែកមរណទុក្ខផ្ញើជូនលោកជំទាវ ទិត្យ ខាំដារ៉ា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ឯកឧត្តម។

នៅក្នុងសារលិខិតផ្ញើជូនភរិយានៃសព, ឧបនាយករដ្ឋមន្រ្តី ស សុខា បានថ្លែងថា «ខ្ញុំ និងក្រុមគ្រួសារ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីពន្ធនាគារ និងមន្ត្រីនគរបាលជាតិ នៃក្រសួងមហាផ្ទៃ មានសេចក្ដីក្ដុកក្ដួល រន្ធត់តក់ស្លុត និងសោកស្តាយជាអនេក ចំពោះដំណឹងមរណភាពរបស់ឯកឧត្តម នុត សាអាន ដែលត្រូវជាស្វាមីរបស់លោកជំទាវ បានទទួលមរណភាពនៅថ្ងៃព្រហស្បតិ៍ ១៥រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១១:៣០នាទីថ្ងៃត្រង់ ក្នុងជន្មាយុ ៨៣ឆ្នាំ ដោយរោគាពាធ។

ក្នុងវេលាប្រកបដោយទុក្ខព្រួយដ៏សោកសង្រេងជាទីបំផុតនេះ ខ្ញុំសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ ជាមួយលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ដោយសេចក្តីអាឡោះអាល័យរកអ្វីប្រៀបផ្ទឹមពុំបាន ចំពោះការបាត់បង់ដ៏ធំធេងនូវស្វាមី ឪពុក ជីតា និងជីទួត ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយ ព្រហ្មវិហារធម៌របស់ភរិយា កូនៗ ចៅៗ និងក្រុមគ្រួសារ ហើយក៏ជាការបាត់បង់នូវឥស្សរជនជាន់ខ្ពស់ដ៏ ឆ្នើមមួយរូប ដែលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី តស៊ូយ៉ាងសកម្មបំពេញការងារប្រកបដោយឆន្ទៈ មនសិការបម្រើឧត្តមប្រយោជន៍ជាតិមាតុភូមិ និងប្រជាជន។

ខ្ញុំសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធឯកឧត្តម នុត សាអាន បានទៅកាន់ឋានបរមសុខ ក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ សូមលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ទទួលនូវមនោសញ្ចេតនាចែករំលែកនូវមរណទុក្ខ ដ៏ក្រៀមក្រំបំផុតពីយើងខ្ញុំ»៕