ប្លង់ដីជិត៦ពាន់ប័ណ្ណ ត្រូវបានក្រសួងរៀបចំដែនដី និងអាជ្ញាធរខេត្តកណ្ដាល បន្តផ្ដល់ជូនពលរដ្ឋស្រុកកៀនស្វាយ

20-11-2025 17:27

(កណ្ដាល)៖ លោក ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារសម្របសម្រួលដោះស្រាយវិវាទដីធ្លីខេត្តកណ្តាល និងលោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានអញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន៥ភូមិ សរុបចំនួន៥,៩១១បណ្ណ គឺភូមិព្រែកតាកែវ ភូមិជ្រោយដង ភូមិជ័យឧត្តម២ ភូមិព្រែកតាកែវ២ ភូមិជ្រោយដង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ​នៅបរិវេណវត្តជ័យមង្គល។

នៅក្នុងឱកាសនោះ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានលើកឡើងថា ការចេញប្លង់ដីជូនពលរដ្ឋគ្រប់ទីកន្លែងទូទាំងប្រទេស បានស្ដែងចេញឱ្យឃើញ ពីការគិតគូរយ៉ាងហ្មត់ចត់ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីកម្ពុជា ដែលបាន និងកំពុងអនុវត្តយ៉ាងសកម្ម លើគោលនយោបាយដីធ្លី ជូនដល់ប្រជាពលរដ្ឋ និងដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋយ៉ាងពិតប្រាកដ។

ការចេញប្លង់នេះត្រូវបានលោក គួច ចំរើន កោតសរសើរក្រុមការងារសូរិយោដីដែលមានលោក សុខ កាន់ណារិទ្ធ ជាប្រធានមន្ទីរ ដែលបានខិតខំធ្វើការលើរឿងនេះ បានយ៉ាងល្អប្រសើរជូនពលរដ្ឋ។ លោកអភិបាលខេត្តកណ្ដាល បន្តថា អាជ្ញាធរទាំងអស់ មិនត្រូវធ្វើការបញ្ជាក់នៅលើឯកសារដីធ្លីទាំងឡាយណាដែលភូមិ ឃុំនោះបានចុះបញ្ជីដីធ្លីរួចហើយ ក្រៅពីប័ណ្ណកម្មសិទ្ធិស្របច្បាប់ឡើយ។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានអំពាវនាវសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តផ្ដល់ការជឿទុកចិត្ត និងផ្ដល់ការគាំទ្រដល់រាជរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធ រួមទាំងប្រជាពលរដ្ឋរបស់យើង ដែលរស់នៅតាមខ្សែបន្ទាប់ព្រំដែន។ ពីព្រោះការគាំទ្ររបស់យើង គឺមានសារៈសំខាន់ណាស់ ក្នុងការជួញដល់រាជរដ្ឋាភិបាល កងទ័ព និងប្រជាពលរដ្ឋនៅតាមព្រំដែនឱ្យមានស្មារតីរឹងមាំ បន្តការពារទឹកដីបានកាន់តែខ្លាំងក្លាថែមទៀត។

នាឱកាសនោះលោក ឈឿន ប៊ុណ្ណារ័ត្ន បានកោតសរសើរប្រធានមន្ទីរ និងក្រុមការងារទាំងអស់ តាំងពីមូលដ្ឋានដល់ថ្នាក់លើ ដែលបានខិតខំពុះពារលើការងារចេញប្លង់រឹងជូនពលរដ្ឋ ព្រោះការងារនេះ ស្មុគស្មាញច្រើន ប៉ុន្តែក្រុមការងារ ទាំងអស់ បានធ្វើការងារបានយ៉ាងល្អប្រសើរ ហើយបានចេញប្លង់រឹងជាហូរហែរជូនពលរដ្ឋស្ទើរគ្រប់ចំនួនហើយដែរ។

លោករដ្ឋលេខាធិការ បានបន្ថែមថា ការផ្តល់ជូននូវវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ(ប្លង់រឹង) គឺផ្តល់នូវការធានាបាននូវសិទ្ធពេញលេញជាកម្មសិទ្ធិករស្របច្បាប់លើដីធ្លី ដូច្នេះប្រសិនបើមានអ្នកណាម្នាក់ មករំលោភលើបណ្ណកម្មសិទ្ធិករ ស្របច្បាប់នេះ ដោយសាងសង់លំនៅឋាន ឬធ្វើអ្វីមួយនៅលើដីកម្មសិទ្ធិកររបស់អ្នកដទៃ នោះមានន័យថាអ្នកទាំងនោះប្រព្រឹត្តនូវអំពើល្មើសនៃច្បាប់ ដូច្នេះអ្នកទាំងនោះនឹងត្រូវផ្ដន្ទាទោសតាមច្បាប់ ដែលបានកំណត់ដោយគ្មានការលើកលែងឡើយ៕