សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា១ខ្នង កម្ពស់២ជាន់ ស្មើនឹង១២បន្ទប់ តម្លៃ២៥ម៉ឺនដុល្លារ នៅសាលាបឋមសិក្សាថ្នាញ សង្កាត់បាទី
20-11-2025 17:50
(ស្វាយរៀង)៖ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សា១ខ្នង កម្ពស់២ជាន់ ស្មើនឹង១២បន្ទប់ ស្ថិតនៅសាលាបឋមសិក្សាថ្នាញ សង្កាត់បាទី ក្រុងបាវិត ខេត្ដស្វាយរៀង។
ពិធីនេះ ក៏មានការចូលរួមពីសំណាក់លោកអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ/អង្គភាពនានាក្នុងខេត្ត តំណាងកងកម្លាំងទាំង៣ លោក លឹម សៀងហេង អភិបាលក្រុង អភិបាលរងក្រុងបាវិត លោកចៅសង្កាត់ សមាជិកក្រុមប្រឹក្សាសង្កាត់បាទី សប្បុរសជន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋមួយចំនួនទៀតផងដែរ។
នៅក្នុងឱកាសនោះ លោកអភិបាលខេត្តការ បានថ្លែងនូវការអរគុណចំពោះការចូលរួមចំណែករបស់លោកអភិបាលក្រុង មន្ត្រីក្រោមឱវាទ និងសប្បុរសជននានា ដែលបានគិតគូរ និងការផ្តល់ជំនួយពីសប្បុរជន ក្នុងការកសាងអាគារសិក្សានេះឡើង គឺពិតជាបានរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយគាំទ្រដល់ការបណ្តុះបណ្តាល អភិវឌ្ឍធនធានមនុស្ស នៅក្នុងមូលដ្ឋានរបស់យើង ក៏ដូចជាការលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ ជាពិសេសមាតាបិតាសិស្ស ដែលតែងតែសង្ឃឹមថា សិស្សានុសិស្ស និងកូនចៅរបស់ខ្លួនអាចមានលទ្ធភាព បានចូល រៀននៅក្នុងសាលារៀនល្អផងដែរ។
លោកបន្តថា សមិទ្ធផលជាអគារសិក្សាថ្មី១ខ្នង នេះ មិនត្រឹមតែបានចូលរួមចំណែកជួយបម្រើ និងបំពេញតម្រូវការចាំបាច់ផ្នែកហេដ្ឋារចនា សម្ព័ន្ធអប់រំ និងឆ្លើយតបទៅនឹងតម្រូវការ ចាំបាច់ដល់ការសិក្សារបស់ក្មួយៗទាំងអស់នៅទីនេះ ដើម្បីធានាក្នុងការសិក្សាសមតាមបំណងប្រាថ្នា និងការទទូចចង់បានរបស់ ថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រងសាលាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការឆ្លើយតប បានទាន់ពេលវេលា ស្របតាមគោលដៅអភិវឌ្ឍន៍សហសវត្សកម្ពុជា របស់រាជរដ្ឋាភិបាល ក្នុងការលើកស្ទួយវិស័យអប់រំ សំដៅដល់ការកសាងនូវធនធានមនុស្ស ប្រកបដោយសមត្ថភាពគ្រប់គ្រាន់ នៅក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ លើគ្រប់វិស័យ និងក៏បានបញ្ជាក់ឲ្យឃើញពីការទទួលខុសត្រូវ និងការគិតគូរយកចិត្តទុកដាក់ចូលរួមពីគ្រប់មជ្ឈដ្ឋាន ក្នុងការអភិវឌ្ឍវិស័យអប់រំរបស់យើង។
លោកបានគូសបញ្ជាក់ថា ការអប់រំមិនគ្រាន់តែជាការទទួលខុសត្រូវរបស់ក្រសួង និងរាជរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែជាកិច្ចការរបស់ប្រជាពលរដ្ឋ គ្រប់រូប សហគមន៍ អាជ្ញាធរ និងគ្រប់ភាគីពាក់ព័ន្ធ ដូចជាអ្វីដែលយើងទាំងអស់គ្នាកំពុង រួមគ្នាធ្វើ និងបានកសាងនៅទីនេះ ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណភ្លឺថ្លា និងត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិត របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញនូវកម្មវិធី នយោបាយសម្រាប់ការកសាង និងការការពារមាតុភូមិឆ្នាំ២០២៣-២០២៨ ដើម្បីបន្តកសាង កម្ពុជាប្រកបដោយសុខសន្តិភាព ឯករាជ្យ និងមានការអភិវឌ្ឍ។
សូមជម្រាបជូនថា កន្លងមកដោយមើលឃើញពីស្ថានភាពអគារសិក្សាមានសភាពចាស់ទ្រុឌទ្រោម និងមានកំណើនក្មួយៗ សិស្សានុសិស្សជាច្រើនក្នុងមួយឆ្នាំៗត្រូវចូលរៀន លោក លឹម សៀងហេង អភិបាលក្រុងបាវិត និងលោក ឈី តុងសឺង (Mr.Qu DONGSHENG) ព្រមទាំងសប្បុជនដទៃទៀតបានពិភាក្សាគ្នា ហើយបានចុះមកពិនិត្យទីតាំង និងមើលស្ថានភាពសាលា និងឯកភាពគ្នាសម្រេចជួយកសាងអគារសិក្សាថ្មីចំនួន១ខ្នង កម្ពស់ពីរជាន់ ស្មើនឹង១២បន្ទប់ នៃសាលាបឋមសិក្សាថ្នាញ ស្ថិតនៅសង្កាត់បាទី ក្រុងបាវិត នេះឡើង និងបានកសាងរួចរាល់ ព្រមទាំងបានបំពាក់សម្ភារមួយចំនួន រួម មានតុនិងកៅអីសិស្ស តុគ្រូ និងក្តារខៀន ដោយចំណាយថវិកាសរុបចំនួនប្រមាណ ២៥០,០០០ដុល្លារ អាមេរិក៕























