ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ជំរុញក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន និងសហគ្រាសគ្រឹះស្ថាន បញ្ជូនភ្នាក់ងាររបស់ខ្លួនមកបំប៉នជំនាញពីអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីពង្រឹងសមត្ថភាព
20-11-2025 17:53
(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានជំរុញឲ្យអគ្គនាយក អគ្គនាយិកា ក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន និងសហគ្រាសគ្រឹះស្ថាន ចាត់បញ្ជូនភ្នាក់ងារសន្តិសុខឯកជន មកទទួលការបណ្តុះបណ្តាលឲ្យមានវិជ្ជាជីវៈច្បាស់លាស់ ឲ្យយល់ដឹងអំពីច្បាប់ យល់ដឹងអំពីវិធីសាស្រ្តការពារគោលដៅ ការពារកន្លែងកើតហេតុ ទប់ស្កាត់បទល្មើស ទប់ស្កាត់អគ្គីភ័យនិងសង្គ្រោះ ដែលជាកិច្ចការងារចម្បង សម្រាប់ភ្នាក់ងារសន្តិសុខឯកជន។
ក្នុងពិធីបិទវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី៨០ នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានបញ្ជាក់ថា វិស័យសន្តិសុខឯកជន ក៏បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែក ថែរក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ស្ថេរភាពនយោបាយ ជូនសង្គមជាតិទាំងមូលផងដែរ និងដែលជាកម្លាំងជំនួយដល់សមត្ថកិច្ច ក្នុងការចូលរួមសហការ បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស នៅតាមទីតាំងឯកជន និងតាមសាធារណៈ។
លោកឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋានបានបន្ដទៀតថា ភ្នាក់ងារសន្ដិសុខឯកជន ក៏បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» សំដៅថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ក៏ដូចជាការពារផលប្រយោជន៍ជាតិ និងការអភិវឌ្ឍប្រទេសជាតិយើងផងដែរ។
ដើម្បីពង្រឹងនូវវិស័យសន្តិសុខឯកជន ឲ្យមានការរីកចម្រើន និងប្រកបដោយគុណភាព លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការដ្ឋាននគរបាលជាតិ តែងតែយកចិត្តទុកដាក់ខ្ពស់ ដើម្បីគាំពារ និងគាំទ្រនូវវិស័យនេះ ឲ្យមាននិរន្តភាព ស្ថេរភាព និងការអភិវឌ្ឍ។ ដូច្នេះវិស័យសន្តិសុខឯកជន ត្រូវទាមទារនូវគុណភាពខ្ពស់ ដើម្បីឆ្លើយតបតាមតម្រូវការ នៃអភិវឌ្ឍន៍ និងការរីកចម្រើនជាលំដាប់ ទើបធ្វើឲ្យមានការរៀបចំបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជននេះឡើង។
រយៈពេល២ថ្ងៃនេះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ជឿជាក់ថា សិក្ខាកាមទាំងអស់បានខិតខំប្រឹងប្រែង យកចិត្តទុកដាក់ ទទួលបានចំណេះដឹងជាច្រើន ដែលសិក្ខាកាមបាននិងកំពុងជួបប្រទះកន្លងមក ដើម្បីយកទៅបំពេញតួនាទីរបស់ខ្លួន បម្រើផលប្រយោជន៍សង្គមជាតិក្នុងផ្លូវវិជ្ជមាន និងមានក្រមសិលធម៌ វិជ្ជាជីវៈរបស់សន្តិសុខឯកជន។ ជាមួយគ្នានេះ លោកសូមលើកទឹកចិត្តឲ្យយកចំណេះដឹងទាំងអស់នេះ ទៅផ្សព្វផ្សាយ និងចែករំលែកបន្ត ឲ្យយល់ដឹងអំពីសារៈសំខាន់ នៃការថែរក្សាសន្តិសុខ សុវត្ថិភាព អាយុជីវិត និងសណ្តាប់ធ្នាប់សង្គម ព្រមទាំងការចូលរួមចំណែកអនុវត្តគោលនយោបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាល៕


















