* ការគំរាមដាក់គ្រាប់បែក «ពេលវេលាកំពុងរាប់ថយក្រោយ» រំខានដល់ស្ថានីយទូរទស្សន៍ជាច្រើននៅទូទាំងអឺរ៉ុប
* អំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចែកជូនដល់ដៃប្រជាជនរងគ្រោះដោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញទស្សនាពិព័រណ៍ផលិតផលខ្មែរឱ្យបានច្រើនកុះករនៅកោះពេជ្រ ដើម្បីជួយលើកកម្ពស់គុណភាពផលិតផលរបស់ខ្មែរយើង និងបង្កើនទំនុកចិត្តពីអ្នកប្រើប្រាស់
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង ១.០០០នាក់ មកពី ៣៦ប្រទេស បានចុះឈ្មោះត្រៀមយកព័ត៌មានពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* Fresh Exclusive: ក្រោយបរាជ័យបោះឆ្នោតអាមេរិក៖ តើត្រាំនឹងបញ្ចប់សង្គ្រាមអ៉ីរ៉ង់ ឬបង្កើនការវាយប្រហារមុនឆ្នាំ២០២៧?
* UNHCR៖ មនុស្សប្រហែល ៩០លាននាក់ដែលត្រូវបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន កំពុងប្រឈមហានិភ័យពីការគំរាមកំហែងដោយបញ្ហាអាកាសធាតុ
* កាណាដា ប្រកាសដាក់ចេញនូវកញ្ចប់ថវិកា ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក
* ជួបគ្នានៅមូស្គូ ប្រមុខសន្តិសុខអ៉ីរ៉ង់ប្រគល់សំបុត្ររបស់លោក Khamenei ទៅឱ្យលោក ពូទីន
* ប្រធានាធិបតីអ៉ីស្រាអែល សន្យាតែងតាំងបេក្ខជនដើម្បីបង្កើតរដ្ឋាភិបាល នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ
* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ឧបនាយករដ្ឋមន្ដ្រី ស សុខា ចេញសាររំលែកទុក្ខ និងសោកស្តាយចំពោះសោកនាដកម្ម គ្រោះថ្នាក់ចរាចរណ៍ ស្លាប់១៣នាក់ របួសជាង២០នាក់ នៅខេត្តកំពង់ធំ

20-11-2025 18:43

(ភ្នំពេញ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញសាររំលែកទុក្ខ និងសោកស្តាយចំពោះសោកនាដកម្ម គ្រោះថ្នាក់ចរាចរណ៍ ស្លាប់១៣នាក់ របួសជាង២០នាក់ ដោយរថយន្ដក្រុងដឹកអ្នកដំណើរពេលយប់ បានក្រឡាប់ធ្លាក់ចូលក្នុងទឹក នៅចំណុចស្ពានអូរប្រសាទ ក្នុងភូមិជ័យជំនះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។ នេះបើតាម Facebook Page របស់លោកអភិសន្ដិបណ្ឌិត ស សុខា បានបង្ហោះនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥។

ឧបនាយករដ្ឋមន្ដ្រី ស សុខា បានសរសេរថា «ក្នុងនាមពលរដ្ឋខ្មែរ ១រូប ខ្ញុំពិតជាមានក្តីក្តុកក្តួល និងតក់ស្លុតជាខ្លាំងចំពោះសោកនាដកម្ម នៃគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ដោយរថយន្ដក្រុង ដឹកអ្នកដំណើរពេលយប់ ១គ្រឿង ផ្ទុកមនុស្ស ៣៧នាក់ បានក្រឡាប់ធ្លាក់ចូលក្នុងទឹក នៅចំណុចស្ពានអូរប្រសាទ ក្នុងភូមិជ័យជំនះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលបណ្តាលឱ្យបងប្អូនប្រជាពលរដ្ឋយើង ស្លាប់ ១៣នាក់ និងរបួសធ្ងន់ស្រាលជាង ២០នាក់។

ខ្ញុំក៏សូមចូលរួមសោកស្តាយ និងរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសពទាំងអស់។ ជាមួយគ្នានេះ ខ្ញុំសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធអ្នកបាត់បង់ជីវិតទាំងអស់ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ និងសូមជូនពរដល់ជនរងគ្រោះ ដែលកំពុងសម្រាកព្យាបាលទាំងអស់ ឆាប់បានជាសះស្បើយ និងមានសុខភាពល្អឡើងវិញគ្រប់ៗគ្នា។
សោកនាដកម្មដ៏ធំធេងនេះ គឺជាការដាស់តឿនដ៏ឈឺចាប់បំផុតមួយ សម្រាប់យើងទាំងអស់គ្នា អំពីតម្លៃនៃជីវិត និងសារៈសំខាន់ នៃការគោរពច្បាប់ចរាចរណ៍។ ខ្ញុំយល់ថា គ្រោះថ្នាក់ចរាចរណ៍ភាគច្រើន អាចបង្ការបាន បើសិនជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ មានស្មារតីទទួលខុសត្រូវខ្ពស់»។

ក្នុងន័យនេះ ឧបនាយករដ្ឋមន្ដ្រី ស សុខា សូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ ចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវចំណុចខ្លះៗ ដូចខាងក្រោម៖
* កុំបើកបរហួសល្បឿនកំណត់ ៖ ការបើកបរលឿន គឺជាមូលហេតុចម្បងនៃការស្លាប់នៅលើដងផ្លូវ
* កុំបើកបរក្នុងស្ថានភាពស្រវឹង ៖ គ្រឿងស្រវឹង បណ្តាលឱ្យបាត់បង់ការគ្រប់គ្រង និងស្មារតីប្រុងប្រយ័ត្ន
* ពាក់មួកសុវត្ថិភាព/ខ្សែក្រវ៉ាត់ ៖ ឧបករណ៍ការពារទាំងនេះ អាចជួយសង្គ្រោះជីវិតអ្នកបាន ពេលមានគ្រោះថ្នាក់
* កុំវ៉ាជែងដោយប្រថុយប្រថាន ៖ ត្រូវវ៉ាជែង តែនៅពេលចាំបាច់បំផុត និងធានាថាមិនមានគ្រោះថ្នាក់
* ប្រកាន់ស្តាំជានិច្ច ៖ ត្រូវបើកបរដោយយកចិត្តទុកដាក់ និងគោរពសញ្ញាចរាចរណ៍ទាំងអស់។

ជាមួយគ្នានេះ ដើម្បីបង្ការ ទប់ស្កាត់នូវឧបទ្ទវហេតុដ៏អាក្រក់នេះ អាជ្ញាធរពាក់ព័ន្ធ ពិសេសមន្ត្រីនគរបាលចរាចរណ៍ និងក្រសួងសាធារណការនិងដឹកជញ្ជូន គួរបន្តពង្រឹងការអនុវត្តច្បាប់ និងវិធានការនានា ដើម្បីកាត់បន្ថយគ្រោះថ្នាក់៖
* យុទ្ធនាការអប់រំ ៖ ត្រូវបង្កើនយុទ្ធនាការផ្សព្វផ្សាយ និងអប់រំអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឱ្យបានទូលំទូលាយដល់សាធារណជន ពិសេសតាមសហគមន៍ និងសាលារៀន
* ត្រួតពិនិត្យយានយន្ត ៖ ត្រូវពិនិត្យគុណភាព និងលក្ខណៈបច្ចេកទេសរបស់យានយន្តដឹកជញ្ជូនសាធារណៈ និងធុនធ្ងន់ជាប្រចាំ
* កែលម្អហេដ្ឋារចនាសម្ព័ន្ធ ៖ អាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវត្រួតពិនិត្យមើលផ្លូវដែលងាយបង្កគ្រោះថ្នាក់ (Black Spots) ដើម្បីដំឡើងស្លាកសញ្ញាបន្ថែម លាបគំនូសថ្មី ឬកែលម្អសភាពផ្លូវ។

ឧបនាយករដ្ឋមន្ដ្រី ស សុខា ក៏សូមឲ្យបងប្អូនជនរួមជាតិ ជាពិសេសអ្នកប្រើប្រាស់ដងផ្លូវ និងយានជំនិះគ្រប់ប្រភេទ ចងចាំថា ការគោរពច្បាប់ចរាចរណ៍ មិនមែនធ្វើដើម្បីតែគេ ឬដើម្បីគេចពីការពិន័យនោះទេ តែដើម្បីការពារជីវិត និងសុវត្ថិភាពផ្ទាល់ខ្លួនរបស់យើង។ សូមរំលឹកខ្លួនឯងជារឿយៗថា «កុំប្រញាប់ពេក! ទៅយឺតបានយូរ ដល់គោលដៅជុំគ្រួសារ»៕