អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការបង្ករបង្កើនផលដំណាំស្រូវ និងកសិផលបន្លែផ្លែឈើ ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស ធានាបាននូវតម្លៃទីផ្សារសមរម្យ
22-11-2025 16:49
(ប៉ៃលិន)៖ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំមន្ត្រីជំនាញ និងក្រុមការងារ ចុះពិនិត្យមើលដោយផ្ទាល់ ការបង្ករបង្កើនផល ដំណាំស្រូវ និងបន្លែ ផ្លែឈើ ក្នុងខេត្តប៉ៃលិន ព្រមទាំងលើកទឹកចិត្តដល់ប្រជាកសិករធ្វើការផលិតឱ្យបានច្រើន ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញក្រៅប្រទេស ដែលធានាបាននូវតម្លៃសមរម្យ និងគុណភាព តាមបែបធម្មជាតិ ប្រកបដោយទំនុកចិត្ត មិនប៉ះពាល់ដល់សុខភាព។
លោកស្រីបណ្ឌិត បាន ស្រីមុំ បានលើកឡើងថា បច្ចុប្បន្នរាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតជានាយករដ្ឋមន្ត្រី បានជំរុញក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្វើការបណ្តុះបណ្តាលដល់សហគមន៍ ឬបណ្តុំកសិករ ដោយផ្តល់អ្នកជំនាញទៅបណ្តុះបណ្តាលដល់មូលដ្ឋានផ្ទាល់តែម្តង គឺធ្វើយ៉ាងណាឱ្យការដាំដុះរបស់បងប្អូន ប្រជាកសិករ ទទួលបានទិន្នផលច្រើន ចំណាយលើការផលិតតិច និងមានសុវត្ថិភាព ដល់អ្នកប្រើប្រាស់ ក៏ដូចជាអ្នកដាំផ្ទាល់ ជាពិសេស ផលិតកសិផលទាំងបរិមាណ និងគុណភាព ទៅតាមតម្រូវការទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស ។
លោកស្រីបណ្ឌិត បាន ស្រីមុំ បានបន្តថា នៅខេត្តប៉ៃលិនក្រសួងពាណិជ្ជកម្ម តាមរយៈគម្រោង ជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ហៅកាត់ថា អេមស៍ ក៍បានរៀបចំ ជាបណ្តុំផលិតផល ក្នុងស្រុកតាមបែបធម្មជាតិ ដើម្បីជំរុញឱ្យបងប្អូនប្រជាកសិករយើង បង្កើនការចិញ្ចឹម និងការដាំដុះបន្ថែមទៀត ក្នុងការផ្គត់ផ្គង់ឲ្យបានទាន់ពេលវេលា និងតាមតម្រូវការទីផ្សារ ក្នុងតម្លៃមួយសមរម្យជៀសវាងការផលិត ដែលគ្មានគុណភាព និងមិនមានទីផ្សារ ហើយជាក់ស្តែងបច្ចុប្បន្ននេះ ខេត្តប៉ៃលិន បើទោះបីជាច្រកទ្វារព្រំអន្តរជាតិ កម្ពុជា-ថៃ ត្រូវបានបិទ តែមានក្រុមហ៊ុនជាច្រើន កំពុងទទួលទិញ បន្លែផ្លែឈើ និងកសិផលផ្សេងៗទៀត ដើម្បីធ្វើការវេចខ្ចប់ និងសម្ងួត សម្រាប់នាំចេញយកទៅលក់នៅក្រៅប្រទេស ដូចជា ប្រទេសចិនប្រទេសវៀតណាម សហគមន៍អឺរុប និងសហរដ្ឋអាមេរិកជាដើម។
នៅក្នុងឱកាសនោះផងដែរ ដើម្បីជាការលើកទឹកចិត្តដល់ប្រជាកសិករដាំដុះបន្លែ លោកស្រីបណ្ឌិត បាន ស្រីមុំ ក៏បានជួយទិញបន្លែរបស់បងប្អូនកសិករ ព្រមទាំងជំរុញឲ្យពួកគាត់ បង្កើនការដាំដុះបន្លែ សរីរាង្គឲ្យបានច្រើន ដើម្បីលើកកម្ពស់ជីវភាពក្នុងគ្រួសារ និងផ្គត់ផ្គង់តម្រូវការទីផ្សារ ហើយក្នុងករណីបន្លែគ្មានទីផ្សារ សូមទំនាក់ទំនងមកកាន់ក្រុមការងារ លោកស្រីនឹងជួយរកទីផ្សារជូនបងប្អូន។
បើតាមការបញ្ជាក់របស់មន្ត្រីជំនាញ ដោយសារគុណភាព នៃការផលិតបច្ចុប្បន្នទីផ្សារបន្លែផ្លែឈើ និងស្រូវ នៅខេត្តប៉ៃលិន មានស្ថានភាពល្អប្រសើជាងឆ្នាំកន្លងទៅ ព្រោះពេលដែលកសិករផលិតបាន គឺមានឈ្មួញកណ្តាលមក ប្រមូល ទិញយកអស់ៗ ក្នុងតម្លៃសមរម្យ ហើយមានពេលខ្លះប្រជាកសិករ សឹងតែផលិតមិនទាន់សម្រាប់បំពេញតម្រូវការ ទីផ្សារ ថែមទៀតផង ដោយក្នុងនោះបន្លែផ្លែឈើ ដែលផលិតបាន ក្រៅតែពីលក់ក្នុងមូលដ្ឋាន គឺមួយចំនួនធំត្រូវនាំចេញ ទៅផ្គត់ផ្គង់ ទីផ្សារនៅឯខេត្តនានាជាប់ព្រំប្រទល់ខេត្តប៉ៃលិន និងមានទៅដល់ រាជធានីភ្នំពេញ ពិសេសនៅតាមផ្សារទំនើបនានាផងដែរ៕
























