អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តរតនគិរី នាំយកចង្ក្រានព្រៃមាន់ចំនួន ២,០០០ របស់ក្រុមហ៊ុន «ជាងស៊ូ អៃបឺក» ប្រគល់ជូនប្រជាពលរដ្ឋចំនួន៤ឃុំ នៃស្រុកអូរយ៉ាដាវ
24-11-2025 15:34
(រតនគិរី)៖ លោក ស ថាវី អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តរតនគិរី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូរយ៉ាដាវ នៅព្រឹកទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បាននាំយកចង្ក្រានព្រៃមាន់ចំនួន ២,០០០ របស់ក្រុមហ៊ុន «ជាងស៊ូ អៃបឺក» (Guangzhou Iceberg) ប្រគល់ជូនប្រជាពលរដ្ឋចំនួន៤ឃុំ គឺឃុំសោមធំ, ឃុំយ៉ាទុង, ឃុំប៉ក់ញ៉ៃ និងឃុំសេសាន្ត នៃស្រុកអូរយ៉ាដាវខេត្តរតនគិរី។
ពិធីនេះមានការចូលរួមពីសំណាក់លោក សុខ រដ្ឋា ក្រុមការងារថ្នាក់ខេត្ត និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកអូរយ៉ាដាវ, លោក ហេង ប៊ុន្នី អភិបាលស្រុកអូរយ៉ាដាវ និងលោក សំ វិជ្ជៈវិទ្យា អនុប្រធានបណ្តាញសង្គមស៊ីវិល (CCN)។
លោក សំ វិជ្ជៈវិទ្យា បានថ្លែងក្នុងពិធីនេះថា ខេត្តរតនគិរីជាខេត្តទី១៣ ដែលប្រើប្រាស់ចង្ក្រានព្រៃមាន់នេះ គឺផលិតដោយរោងចក្រក្រុមហ៊ុន ជាងស៊ូ អៃបឺកមានទីតាំងក្នុងខេត្តកំពង់ឆ្នាំង ប្រើប្រាស់កម្លាំងពលកម្មជាច្រើននាក់ ក្នុងនោះមានជនពិការធ្វើការផងដែរ។
លោកបានណែនាំឲ្យបងប្អូនប្រជាពលរដ្ឋ ដែលភាគច្រើនជាជនជាតិភាគតិចងាកមកប្រើចង្ក្រានព្រៃមាន់ដោយមិនប្រើចង្ក្រានថ្ម៣ដុំ ដែលដុតធ្យូង, ដុតអុសធំៗប៉ះពាល់បរិស្ថាន ពោលគឺប្រើប្រាស់មែកឈើតូចៗនៅក្បែរផ្ទះ ពីការកាប់បំផ្លាញព្រៃឈើធ្វើធ្យូង កាត់បន្ថយការចំណាយក្នុងគ្រួសារ, មិនប៉ះពាល់សុខភាពជាពិសេសស្ត្រីមានផ្ទៃពោះ, អាចជួយកាត់បន្ថយផ្សែងពុលចូលក្នុងបរិយាកាស។
ក្នុងឱកាសនេះលោក ស ថាវី បានពាំនាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត ជូនចំពោះបងប្អូនទាំងអស់គ្នា។
លោកសូមឲ្យយកទៅប្រើប្រាស់ព្រោះវាអាចជួយសន្សំថវិកាពីការទិញធ្យូង, ចូលរួមការពារព្រៃឈើ, ចូលរួមថែរក្សាបរិស្ថានប្តូរទម្លាប់ពីមុនប្រើចង្ក្រានថ្ម៣ដុំ។
លោករំលឹកថា ពីអតីតកាលគ្រួសារលោកក៏ប្រើចង្ក្រានថ្ម៣ដុំដែរ, យកគល់ឈើធំៗមកដុតហុយផ្សែងឡើងខ្មៅទៅក្នុងបរិយាកាស។ បន្ថែមលើនេះទៀតក៏ផ្តាំផ្ញើដល់បងប្អូនសូមថែរក្សាសុខភាពពីព្រោះរដូវនេះធាតុអាកាសត្រជាក់ អាចមានជំងឺផ្សេងៗឆ្លង ព្រមទាំងទទួលសំណើរពីអាជ្ញាធរមូលដ្ឋានឃុំយ៉ាទុងស្រុកអូរយ៉ាដាវសាងសង់ទីស្នាក់ការបក្សថ្មី៕


















