អភិបាលខេត្តបាត់ដំបង ក្រើនរំលឹកអាជ្ញាធរត្រូវជំរុញការរៀបចំបង្កើតភូមិ «ស» គ្មានគ្រឿងញៀន និងបង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទនៅតាមមូលដ្ឋាន
24-11-2025 15:41
(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ការផ្សព្វផ្សាយ បទបញ្ជាលេខ០២បប ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាល និងលិខិតលេខ ៥០១ល.ស របស់អគ្គលេខាធិការ អ.ជ.ប.គ.ញ ព្រមទាំងការជូនប័ណ្ណសរសើរ ដល់អង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលដែលបានចាប់ចំណាត់ថ្នាក់ ថ្នាក់ខេត្ត ដែលកិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង។
ក្នុងឱកាសនោះ លោក សុខ លូ បានសម្ដែងការកោតសរសើរ និងថ្លែងអំណរគុណដល់អាជ្ញាធរ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែង ក្នុងការបង្រ្កាបគ្រឿងញៀនយ៉ាងមានប្រសិទ្ធភាព។ ទន្ទឹមនឹងនេះ លោក អភិបាលខេត្ត បានជំរុញដល់អាជ្ញាធរ និងកងកម្លាំង ត្រូវបន្តយកចិត្តទុកដាក់ក្នុងការបង្រ្កាបគ្រឿងញៀន ឱ្យកាន់តែសកម្មភាពបន្ថែមទៀត។
លោក សុខ លូ ក្រើនរំលឹកដល់អាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវជំរុញការរៀបចំបង្កើតភូមិ «ស» គ្មានគ្រឿងញៀន ការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ទប់ស្កាត់ការរំលោភដីចំណីផ្លូវ និងបង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទនៅតាមមូលដ្ឋាន។
លោកបាន ណែនាំដល់មន្ទីរ អង្គភាព ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវបើកយុទ្ធនាការជំរុញឱ្យមន្រ្តីចេះប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ App NoDrugs និងចុះផ្សព្វផ្សាយណែនាំឱ្យប្រជាពលរដ្ឋ ចូលរួមប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ App NoDrugs ដើម្បីរាយការណ៍ពីករណីគ្រឿងញៀន ខណៈអ្នកចូលមើលអាចទទួលបាននូវចំណេះដឹងទូទៅពាក់ព័ន្ធនឹងគ្រឿងញៀន និងចំណេះដឹងពាក់ព័ន្ធនឹងការពង្រឹងសមត្ថភាពបំណិនជីវិត ដែលជាមូលដ្ឋាន ក្នុងការបង្ការ និងការពារខ្លួន ការពារគ្រួសារ ក៏ដូចជាមិត្តភក្តិកុំឱ្យពាក់ព័ន្ធឬចាញ់ការបោកបញ្ឆោតឱ្យទៅប្រើប្រាស់គ្រឿងញៀន។ ការរាយការណ៍តាមរយៈកម្មវិធីទូរស័ព្ទដៃ App NoDrugs ធានាបាននូវសុវត្ថិភាព និងការសម្ងាត់១០០%។
លោក ក្រើនរំលឹកដល់មន្ទីរ អង្គភាព និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវជំរុញការផ្សព្វផ្សាយយុទ្ធនាការថែរក្សាអនាម័យបរិស្ថានឱ្យបានផុសផុល ទប់ស្កាត់ការបំពុលបរិស្ថាន បញ្ឈប់ការដុតសំរាម និងកាត់បន្ថយការរំពងសំឡេងទ្រហឹងអឺងកងយ៉ាងអនាធិបតេយ្យ។
ក្នុងកិច្ចប្រជុំនេះផងដែរ លោក សុខ លូ បានក្រើនរំលឹកដល់មន្រ្តីអប់រំ និងសុខាភិបាលដែលបានជាប់ចំណាត់ថ្នាក់ ជាអង្គភាពផ្ដល់សេវាសាធារណៈគំរូ ត្រូវបន្តខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីលើកកម្ពស់មុខមាត់ខេត្តបាត់ដំបង។
យោងតាមសេចក្ដីសម្រេចស្ដីពីការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ដែលបានជាប់ចំណាត់ថ្នាក់ ថ្នាក់ខេត្តចំនួន១២អង្គភាព ក្នុងខេត្តបាត់ដំបងសម្រាប់ឆ្នាំ២០២៥មានដូចជា៖ អនុវិទ្យាល័យចំនួន៤រួមមាន៖ ១.អនុវិទ្យាល័យ បាក់អំរែក ស្រុកឯកភ្នំ លេខ១ ,អនុវិទ្យាល័យខ្នាចរមាស ស្រុកបវេល លេខ២, អនុវិទ្យាល័យសំពៅលូន ស្រុកសំពៅលូន លេខ៣. អនុវិទ្យាល័យវត្តគរ ក្រុងបាត់ដំបង លេខ៤. សាលាបឋមសិក្សាចំនួន៤ រួមមាន៖ សាលាបឋមសិក្សាសម្ដេច ជា ស៊ីម ក្រុងបាត់ដំបង លេខ១, សាលាបឋមសិក្សាបោះពោធិ៍ ស្រុកសង្កែ លេខ២, សាលាបឋមសិក្សាដំណាក់ក្សាន្ត ស្រុកភ្នំព្រឹក លេខ៣, សាលាបឋមសិក្សា អភិវឌ្ឍន៍សំឡូត លេខ៤។
វិស័យសុខាភិបាលចំនួន៤ អង្គភាពរួមមាន៖ មណ្ឌលសុខភាព បួរ ស្រុកភ្នំព្រឹក លេខ១,មណ្ឌលសុខភាពតាលាស់ ស្រុកមោងឫស្សី លេខ២,មណ្ឌលសុខភាពបារាំងធ្លាក់ លេខ៣ និងមណ្ឌលសុខភាព បឹងព្រីង ស្រុកថ្មគោល លេខ៤៕










































