កិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញក្នុងពិធីបើកកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិលើកទី៣៧ នៅទីក្រុងហ្សាកាតា (Video inside)
24-11-2025 15:45
(ហ្សាកាតា, ឥណ្ឌូនេស៊ី)៖ ក្នុងឱកាសចូលរួមមហាសន្និបាតលើកទី២៤របស់សហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន (VECONAC), នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ កិត្តិសង្គហបណ្ឌិត គន់ គីម បានអញ្ជើញដឹកនាំ គណៈប្រតិភូចូលរួមក្នុងពិធីបើកកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិលើកទី៣៧ ដែលដឹកនាំដោយប្រធាន VECONAC ដើម្បីពិនិត្យ អនុម័តលើរបៀបវរៈ ព្រមទាំងពិនិត្យ អនុម័តលើសេចក្តីព្រាងសេចក្តីសម្រេចដែលបានព្រាង ក្នុងកិច្ចប្រជុំគណៈកម្មការការងារលើកទី៦ សម្រាប់មហាសន្និបាតលើកទី២៤ ខនៈកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីបណ្តាថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ានទាំងអស់។
ក្នុងពិធីបើកកិច្ចប្រជុំនេះ កិត្តិសង្គហបណ្ឌិត គន់ គីម សង្ឃឹមយ៉ាងមុតមាំថា បណ្តាប្រទេសជាសមាជិកសហព័ន្ធអតីតយុទ្ធជនអាស៊ានទាំងអស់ នឹងបន្តធ្វើការយ៉ាងជិតស្និតជាមួយគ្នាប្រកប ដោយការទទួលខុសត្រូវរួមគ្នា សាមគ្គីជាធ្លុងមួយ ដើម្បីសម្រេចបានសមិទ្ធផលថ្មីទៀតលើវិស័យអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនរងគ្រោះដោយសារសង្គ្រាម នឹងបន្តសកម្មភាពកាន់តែផុសផុលថែមទៀតក្នុងការជួយ ឧបត្ថម្ភគាំទ្រដល់គ្រួសារអតីតយុទ្ធជន ដើម្បីជាការតបស្នងចំពោះវីរភាពដ៏អង់អាចក្លាហាន ហ៊ានពុះពារជម្នះ គ្រប់ឧបសគ្គរបស់អតីតយុទ្ធជនក្នុងបុព្វហេតុជាតិ និងប្រជាជនឲ្យមានសេរីភាព សុខសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ។
ក្នុងថ្ងៃដដែលនេះ ឧត្តមសេនីយ៍ឯក ឈៀ ស៊ីដារ៉ា អគ្គលេខាធិការរង (អ.ន.ក) និងឧត្តមសេនីយ៍ទោ គីម សុផារុន អគ្គលេខាធិការរង (អ.ន.ក) បានអញ្ជើញក្នុងកិច្ចប្រជុំវេទិកាធុរកិច្ច ព្រមទាំងមានការចូលរួមពីគណៈប្រតិភូបណ្តា ប្រទេសដែលជាសមាជិកសមាគមអតីតយុទ្ធជនអាស៊ាន។
កិច្ចប្រជុំវេទិកាធុរកិច្ចត្រូវបានបង្កើតឡើងក្នុងគោលបំណងបង្កើនទំនាក់ទំនងសម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ដើម្បីផ្តល់អត្ថប្រយោជន៍ដល់បណ្តាប្រទេសជាសមាជិក និងជួយគ្នាទៅវិញទៅមក។
សូមជម្រាបថា សហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨០ ដើម្បីធ្វើសកម្មភាពផ្សព្វផ្សាយ លើកកម្ពស់ប្រណិតភាពជីវិត ដែលជាផលប៉ះពាល់ដោយសារសង្គ្រាមមកលើអាយុជីវិតប្រជាជន និងសង្គមកិច្ចចំពោះជនរងគ្រោះដោយសារសង្គ្រាម និងផ្សព្វផ្សាយយល់ដឹងឱ្យបានស៊ីជម្រៅសំដៅ ដើម្បីសម្រេចកិច្ចសហប្រតិបត្តិការឈានទៅរកភាពសុខដុមរមនា យុត្តិធម៌សង្គម និងសន្ដិភាព៕

































