ធនាគារជាតិនៃកម្ពុជា បន្តចុះផ្សព្វផ្សាយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល និងការប្តូរក្រដាសប្រាក់ ចាស់ ទក់ រហែក
24-11-2025 16:04
(កំពង់ឆ្នាំង)៖ ធនាគរជាតិនៃកម្ពុជា បានបន្តយុទ្ធនាការផ្សព្វផ្សាយអំពី «ប្រាក់រៀល ប្រព័ន្ធបាគង និងKH QR» ដោយមានការតាំងពិពរណ៌ និងការប្ដូរក្រដាសប្រាក់រៀលចាស់, ទក់, រហែក យកក្រដាសប្រាក់ថ្មីដោយឥតគិតថ្លៃ នៅខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពលោក យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា និងលោកស្រី ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងលោក ស៊ុន សុវ ណ្ណារិទ្ធិ អភិបាលខេត្ត មន្ត្រីរាជការលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរយនាក់ផងដែរ។
លោកស្រី ប៊ន សុភី បានថ្លែងអំណរគុណដល់ធនាគារជាតិនៃកម្ពុជា ដែលបានរៀបចំសិក្ខាសាលានេះ ឡើងក្នុងគោលបំណង ដើម្បីរួមចំណែកក្នុងការយល់ដឹង អំពីប្រាក់រៀល សម្រាប់នៅក្នុងទឹកដីនៃខេត្តកំពង់ឆ្នាំង។
លោក យឹម លាត បានលើកឡើងអំពីប្រវត្តិនៃប្រាក់រៀល និងងវឌ្ឍនភាពនៃការជំរុញការប្រើប្រាស់ប្រាក់រៀល ក៏ដូចជាប្រព័ន្ធទូទាត់នៅកម្ពុជា។
លោកបានបញ្ជាក់ឲ្យដឹងទៀតថា ក្នុងគោលដៅធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា កាន់តែរឹងមាំរាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា បានដាក់ចេញនូវគោល នយោបាយជាច្រើន ដោយក្នុងនោះការលើកកម្ពស់ប្រាក់រៀល ក៏ជាការងារអាទិភាពមួយដែរ ជាពិសេសចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ២០០០មកស្របពេល ដែលស្ថានភាពម៉ាក្រូសេដ្ឋកិច្ចមានលំនឹងល្អប្រសើរ ក្រោយកម្ពុជាទទួលបានសុខសន្តិភាពពេញលេញនៅចុងឆ្នាំ១៩៩៨ របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីនាយករដ្ឋមន្ត្រីនៃកម្ពុជា ជាលទ្ធផលនិន្នាការនៃការប្រើប្រាស់ប្រាក់រៀល ក៏មានការកើនឡើងជាលំដាប់។
លោកបានបញ្ជាក់ថា ការបោះផ្សាយក្រដាសប្រាក់ថ្មី ធ្វើឡើងដោយផ្អែកលើការរីកចម្រើននៃទំហំសេដ្ឋកិច្ច ឬដើម្បីប្ដូរជំនួសក្រដាសប្រាក់ចាស់ ទក់ និងរហែក នៅលើទីផ្សារដែលត្រូវប្រមូលយកទៅកំទេចចោល ដោយមិនបញ្ចេញឲ្យចរាចរណ៍វិញនោះទេ។
តាមរយៈការប្ដូរក្រដាសប្រាក់ថ្មីនេះ ក៏ដើម្បីលើកទឹកចិត្តដល់ការប្រើប្រាស់ប្រាក់រៀល ក្នុងការទូទាត់ និងការរក្សាទុកប្រាក់រៀល សម្រាប់សន្សំជាដើម។ ដូច្នេះមិនមានផលប៉ះពាល់អ្វីទៅលើក្រដាសប្រាក់ថ្មី ដែលមានស្រាប់នោះទេ លោកមានសង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋនឹងជួយផ្សព្វផ្សាយ បន្តអំពីសារៈសំខាន់នៃការប្រើប្រាស់ប្រាក់រៀល ដើម្បីឲ្យការយល់ដឹងពីអត្ថប្រយោជន៍ នៃរូបិយវត្ថុជាតិយើងកាន់តែទូលំទូលាយដែលនឹងលើកកម្ពស់ មោទនភាពជាតិយើងនឹងរួមចំណែកអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាតិឲ្យកាន់តែរីកចម្រើនឆាប់រហ័ស៕





























