ពលករ និងពលរដ្ឋជិត ៥ពាន់ អ្នកចូលរួមនិងទទួលបានការងារ ក្នុងពិព័រណ៌ការងារ នៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ

24-11-2025 16:13

(ភ្នំពេញ)៖ អតីតពលករមកពីប្រទេសថៃ និងប្រជាពលរដ្ឋសរុបប្រមាណជិត ៥ពាន់អ្នក បានចូលរួមនិងទទួលបានការងារពីពិព័រណ៌ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានធ្វើឡើងនៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ នាចុងសប្តាហ៍ទី២ និងទីសប្តាហ៍ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ នេះបើតាមការឱ្យដឹងពី លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកានេះ។

បើតាម អ្នកនាំពាក្យក្រសួងការងារ បានបញ្ជាក់ថា ក្នុងខែវិច្ឆិកានេះ ក្រសួងការងារបានរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខេត្តចំនួន២ រួចហើយ គឺនៅខេត្តបាត់ដំបង ពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា នៅស្រុកថ្មគោល និងស្រុកមោងឫស្សី ដែលមានអ្នកចូលរួម ២ ១៩៤នាក់ អ្នកជាប់ការងារ (បឋម) ៤៤៤នាក់ និងក្រុមហ៊ុនធំៗចូលរួមផ្ទាល់ចំនួន ១៧ក្រុមហ៊ុន។ មួយទៀតគឺ នៅខេត្តបន្ទាយមានជ័យ ពីថ្ងៃទី២៣ -២៣ ក្នុងស្រុកមង្គលបូរី និងស្រុកព្រះនេត្រព្រះ ដែលមានអ្នកចូលរួម ២ ៦៦៤នាក់ អ្នកជាប់ការងារ (បឋម) ១ ១៣៣នាក់ និងក្រុមហ៊ុនធំៗចូលរួមផ្ទាល់ចំនួន ២០ក្រុមហ៊ុន។

លោក ស៊ុន មេសា បានបញ្ជាក់ទៀតថា៖ «លទ្ធផលសរុបទាំង២ខេត្តនេះ មានអ្នកចូលរួមសរុបប្រមាណជិត៥ពាន់អ្នក ដែលក្នុងពិព័រណនេះមានអ្នកជាប់ការងារ (បឋម) ១ ៥៧៧នាក់។ ជាមួយលទ្ធផលដ៏វិសេសនេះ ខ្ញុំសូមអរគុណដល់អតីតពលករ និងពលរដ្ឋទាំង២ខេត្តនេះ ដែលបានមកចូលរួម និងសូមរអគុណទៅដល់មន្ត្រីក្រសួងការងា អាជ្ញាធរពាក់ព័ន្ធ ជាពិសេស សហគ្រាស ក្រុមហ៊ុន រោងចក្រ ដែលបានចុះទៅសម្ភាសផ្ទាល់ដើម្បីជ្រើសរើសកម្លាំងពលកម្ម»

ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការងារ បានបញ្ជាក់បន្ថែមថា ជំហានបន្ទាប់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំពិព័រណការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់នៅខេត្តសៀមរាប ដែលតាមគម្រោងគឺធ្វើនៅថ្ងៃទី២៩- ៣០ វិច្ចិកា ប៉ុន្តែដោយសារមានការប្រែប្រួលខ្លះ ពេលវេលានេះត្រូវបានលើកពេលទៅធ្វើនៅថ្ងៃទី៦-៧ខែធ្នូ ឆ្នាំ២០២៥ វិញ នៅស្រុកសូទ្រនិគម និងស្រុកពួក ខេត្តសៀមរាប៕