Fresh Exclusive: ការអនុវត្តបច្ចេកទេសវាស់វែងបង្គោលព្រំដែនតាមកិច្ចព្រមព្រៀងគួឡាឡាំពួរ កំពុងត្រូវក្រុមជ្រុលនិយមប្រើសម្តីមួលបង្កាច់
24-11-2025 16:41
(ភ្នំពេញ)៖ ក្រុមជ្រុលនិយមនៅក្រៅស្រុកកំពុងព្យាយាមបំផ្លាញ និងបំភ័ន្តកិច្ចប្រឹងប្រែងបច្ចេកទេសវាស់វែងព្រំដែន ដែលភាគីកម្ពុជានិងថៃ បាននិងកំពុងធ្វើស្របតាមស្មារតីនៃការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពគួឡាឡាំពួរ។
Fresh Exclusive មានអត្ថបទស៊ីជម្រៅជុំវិញបញ្ហានេះ៖
នៅតំបន់ភូមិព្រៃចាន់ និងជោគជ័យ ត្រង់ខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ, បរិយាកាសមានសភាពស្ងៀមស្ងាត់ជាមួយនឹងការប្រុងប្រយ័ត្នតាមរយៈការបំពេញកិច្ចការងាររបស់កងកម្លាំងដែលជាប់ពាក់ព័ន្ធ។ ក្រុមបច្ចេកទេសពីភាគីទាំងពីរ បានធ្វើកិច្ចការវាស់វែងបង្គោលព្រំដែនលេខ៤២ ដល់ ៤៧ ដោយយោងតាមឯកសារបារាំង Procès Verbaux ឆ្នាំ១៩០៨-១៩០៩ និង១៩១៩-១៩២០ ជាមូលដ្ឋានក្នុងការស្វែងរកទីតាំងដ៏ត្រឹមត្រូវ។
ប៉ុន្តែ នៅពេលដែលក្រុមការងារបច្ចេកទេស កំពុងដំណើរការយ៉ាងប្រុងប្រយ័ត្នធ្វើកិច្ចការវាស់វែងព្រំដែន នៅក្នុងតំបន់វិវាទនោះ ការសរសេរនៅលើបណ្តាញសង្គមដោយក្រុមប្រឆាំង និងអ្នកនៅក្រៅស្រុក បានព្យាយាម និយាយប្រឌិតព័ត៌មាន បំភ្លៃ បំផ្លើស ក្នុងបំណងបំភ័ន្តមតិជាតិនិងអន្តរជាតិ។ ពួកគេបានពង្រីកប្រធានបទ «បាត់បង់ទឹកដី» និង «រំកិលបង្គោល» ដោយសម្តីអត្ថាធិប្បាយមិនមានប្រភព និងគ្មានការគាំទ្រពីឯកសារសន្ធិសញ្ញាអន្តរជាតិស្របច្បាប់ណាមួយឡើយ។
សម្តីចោទប្រកាន់របស់ក្រុមរស់នៅក្រៅស្រុកទាំងនោះ បានបង្ហាញពីភាពគ្មានចំណេះដឹងពិតប្រាកដលើទង្វើបច្ចេកទេសតាមព្រំដែន និងជាការបង្ហាញថាពួកគេ ជាក្រុមមិនដែលធ្លាប់ចូលរួមក្នុងការវាស់វែងសូម្បីតែមួយមីលីម៉ែត្រ នៅលើដីព្រំដែនដោយផ្ទាល់ឡើយ។
ក្នុងបរិបទដែលកម្ពុជា-ថៃ កំពុងអនុវត្តកិច្ចព្រមព្រៀងសន្តិភាពក្រុងគួឡាឡាំពួរ ចុះហត្ថលេខាថ្ងៃទី២៦ តុលា ២០២៥ ក្រោមវត្តមានរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងលោក អានវ៉ា អ៊ីប្រាហ៊ីម, ការវាស់វែង និងបោះបង្គោលបណ្តោះអាសន្នរវាងបង្គោលលេខ៤២ ដល់ ៤៧ មិនមែនជាការកាត់ទឹកដីខ្មែរឲ្យថៃឡើយ។ វាជាការអនុវត្តបច្ចេកទេស ឈរលើមូលដ្ឋានឯកសារគតិយុត្តដែលទុកសំគាល់ដោយអាណាព្យាបាលបារាំង ជាពិសេស Procès Verbaux ឆ្នាំ១៩០៨-១៩០៩ និង ១៩១៩-១៩២០ ព្រមទាំងលទ្ធផលកិច្ចប្រជុំព្រំដែនចម្រុះ (JBC) ថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០២៥។
ផ្ទុយទៅវិញ ការអះអាងថាកម្ពុជា «បាត់បង់ទឹកដីពី២-៣គីឡូម៉ែត្រ» គឺជាវិធីសាស្ត្រញុះញង់អារម្មណ៍ជាតិនិយម ដោយខ្វះជំនាញ និងគ្មានភស្ដុតាង ដើម្បីចង់បំផ្លាញសន្តិភាព និងរុញប្រទេសឱ្យចូលក្នុងជម្លោះប្រដាប់អាវុធ ជំនួសការប្រើវិជ្ជាជីវៈការទូត និងច្បាប់អន្តរជាតិ។
* ព្រំដែនកម្ពុជា-ថៃ មិនត្រូវបានកំណត់ដោយឯកសារបង្ហោះលើបណ្តាញសង្គមឡើយ
បញ្ហាព្រំដែន មិនមែនជារឿងតូចតាច កំប៉ិកកំប៉ុក ដោយត្រឹមតែយកផែនទីមួយផ្ទាំងមកបង្ហោះ តាមបណ្តាញសង្គម ហើយធ្វើអត្ថាធិប្បាយ២-៣ម៉ាត់ នៅលើ Facebook ឬ YouTube ក្នុងសម្តីលាបពណ៌ដើម្បីការញុះញង់ឱ្យមនុស្សក្តៅក្រហាយទេ។ ព្រំដែនកម្ពុជា-ថៃ ត្រូវបានកំណត់ដោយ៖
• តារាងកំណត់ព្រំដែន (Procès Verbaux) របស់គណៈកម្មការកំណត់ព្រំដែន ឥណ្ឌូចិន-សៀម ឆ្នាំ ១៩០៨-១៩០៩
• Procès Verbaux នៃគណៈកម្មការបោះបង្គោលព្រំដែន ឆ្នាំ១៩១៩-១៩២០
• ផែនទីក្រដាសផ្លូវការ ដែលបារាំង និងសៀមបានយល់ព្រមជាមួយគ្នា
• កិច្ចប្រជុំ និងសេចក្តីកំណត់ហេតុរបស់គណៈកម្មការចម្រុះកម្ពុជា-ថៃ (JBC និង RBC) ក្នុងសម័យបច្ចុប្បន្ននេះ
ប្រការនេះមានន័យថា ខ្សែបន្ទាត់ព្រំដែន មិនអាចផ្លាស់ទីទៅតាមសម្តីអត្ថាធិប្បាយ ឬតាមការនិយាយ Video Clip របស់ក្រុមដែលគ្មានជំនាញទាំងនោះឡើយ។ ព្រំដែនជារឿងតែមួយគត់ ដែលកំណត់ដោយឯកសារគតិយុត្តិ និងច្បាប់អន្តរជាតិ មិនមែនដោយសម្លេងអត្ថាធិប្បាយ បង្ហោះតាមបណ្តាញសង្គមឡើយ។
ដូច្នេះការប្រើប្រធានបទ «បាត់បង់ទឹកដី» និង «រំកិលបង្គោល» ដោយក្រុមជ្រុលនិយមរស់នៅក្រៅស្រុកនោះ មិនមែនជាការពិភាក្សាច្បាប់ឡើយ។ វាគ្រាន់តែជាល្បិចញុះញង់និងតាមតែអារម្មណ៍ ដែលគ្មានទំងន់ និងក៏មិនអាចបោកកូនខ្មែរនៅសម័យបច្ចេកវិទ្យាដូចបច្ចុប្បន្ននេះឡើយ។
* ការវាស់វែងចន្លោះបង្គោល៤២-៤៧ ជាការងារប្រកបដោយវិជ្ជាជីវៈ មិនមែនការធ្វើឱ្យជាតិបាត់បង់ទឹកដីឡើយ
សេចក្តីថ្លែងការណ៍របស់មន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានបញ្ជាក់យ៉ាងច្បាស់ថា ការវាស់វែង និងការស្វែងរកទីតាំងពិតប្រាកដនៃបង្គោលលេខ៤២ ដល់ ៤៧ គឺអនុវត្តឡើង ដោយភាពហ្មត់ចត់ខ្ពស់ និងការទទួលខុសត្រូវបំផុត ដោយឈរលើមូលដ្ឋានដើមដ៏រឹងមាំនៃឯកសារបារាំង និង Procès Verbaux ដែលមានតម្លាភាពច្បាស់លាស់តាំងពីសម័យអាណានិគម។ ប្រការនោះមានន័យថា៖
• ក្រុមបច្ចេកទេសមិនមានសិទ្ធិគូសបន្ទាត់ថ្មី ឬបង្កើតផែនទីថ្មីឡើយ។ ពួកគេត្រូវតែធ្វើតាមឯកសារច្បាប់ដែលបានកំណត់ជាស្រេច។
• ការវាស់វែង គឺការដាក់កូអរដីណេ GPS និងបច្ចេកវិទ្យាសម័យថ្មី លើខ្សែព្រំដែនដើម ដើម្បីធានាថា ទីតាំងបង្គោលត្រូវតាម Procès Verbaux របស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូ ចិន-សៀម ឆ្នាំ ១៩០៨-១៩០៩ និងគណៈកម្មការបោះបង្គោល ឆ្នាំ១៩១៩-១៩២០។ នេះជាឯកសារគតិយុត្តតែមួយគត់ ដែលមានសុពលភាពព្រំដែនដ៏ត្រឹមត្រូវរវាងប្រទេសទាំងពីរ។
• ចំណែកបង្គោលបណ្តោះអាសន្ន គ្រាន់តែជាសញ្ញាសម្គាល់បណ្ដោះអាសន្ន នៅលើតំបន់ដែលបានបញ្ជាក់តាមឯកសារចាស់ PV ដើម្បីរង់ចាំដំណាក់កាលបច្ចេកទេសបន្ទាប់ និងការបញ្ចប់ ការវាស់វែងដោយផ្លូវការ។ វាមិនមែនជាបង្គោលព្រំដែនថ្មី ឬការកែប្រែព្រំដែនឡើយ។
* ទង្វើប្រជាភិថុតិរបស់ក្រុមជ្រុលនិយម ដែលចង់បានសង្គ្រាមជាជាងសន្តិភាព
ក្នុងរយៈពេលចុងក្រោយនេះ ក្រុមប្រឆាំងខ្មែរនៅក្រៅស្រុក បានព្យាយាមជាខ្លាំងក្នុងការប្រើព័ត៌មានមិនពិត ពាក់ព័ន្ធករណីភូមិព្រៃចាន់ និងភូមិជោគជ័យ ខណៈពួកគេមិនមានឯកសារច្បាប់ ឬសមត្ថភាពចៅក្រម ផ្នែកព្រំដែនទាល់តែសោះ។
អ្វីជាឧទាហរណ៍ដែលបង្ហាញថាពួកគេមិនមែនជាក្រុមជំនាញផ្នែកបច្ចេកទេសព្រំដែននោះគឺ៖
ការចោទរបស់ពួកគេទាំងឡាយ ដោយចោទថារាជរដ្ឋាភិបាលបានធ្វើឱ្យបាត់ទឹកដីតាមរយៈការវាស់វែងនោះ គឺពួកគេមិនបានបង្ហាញឯកសារគតិយុត្តណាមួយ ឬឯកសារដែលអាចទទួលស្គាល់តាមច្បាប់អន្តរជាតិឡើយដូចជា៖
• ឯកសារ Procès Verbaux ដែលជាឯកសារដើមតាំងពីសម័យអាណានិគម
• ឯកសារផែនទីបារាំង-សៀម ដែលមានការចុះហត្ថលេខាយល់ព្រមរបស់ភាគីទាំងពីរ
• ការបញ្ជាក់ Coordinate និងតារាងបច្ចេកទេស ដែលជាភស្ថុតាងវិទ្យាសាស្ត្រច្បាស់លាស់
• ឬសេចក្តីកំណត់ហេតុ JBC និង RBC ដែលជាឯកសារផ្លូវការទទួលស្គាល់ក្នុងសេចក្តីប្រកាសកិច្ចព្រមព្រៀងសន្តិភាពគួឡាឡាំពួរ។
ជំនួសឲ្យភស្ដុតាងទាំងនេះ ពួកគេប្រើសំឡេងញុះញង់បង្កកំហឹង និងប្រើភាសារចោទប្រកាន់ថា «កាត់ដីដើម្បីដោះដូរអំណាច» ដើម្បីបញ្ឆេះអារម្មណ៍ជាតិនិយមក្លែងក្លាយ។ នេះជារបៀបមួយនៃទង្វើ «ជាតិនិយមលើអេក្រង់» ដែលគ្មានបំណងការពារជាតិខ្មែរ ឬការពារសន្តិភាពរបស់ប្រទេសកម្ពុជាឡើយ។ ផ្ទុយទៅវិញ វាគ្រាន់តែជាយុទ្ធសាស្ត្រនយោបាយ «មួយចំអែតក្រពះ» ក្នុងបំណងបំផ្លាញកិច្ចខិតខំប្រឹងប្រែងសន្តិភាព, បំផ្លាញការអនុវត្តគោលការណ៍ច្បាប់អន្តរជាតិ ប៉ុន្តែមហិច្ឆិតាពិតប្រាកដគឺ បម្រើនយោបាយបរទេស ដែលចង់បញ្ឆេះសង្គ្រាមកម្ពុជាសាឡើងវិញ។
ក្នុងសេចក្តីសន្និដ្ឋាន៖
ព្រំដែនជាតិ មិនមែនជាខ្សែបន្ទាត់ខ្មៅលើក្រដាស ឬខ្សែបន្ទាត់ក្រហមនៅលើអេក្រង់ឌីជីថលនោះទេ។ ខ្សែព្រំដែន គឹជាខ្សែបង្កប់នូវប្រវត្តិសាស្ត្រ កិច្ចព្រមព្រៀងផ្លូវច្បាប់ និងការលះបង់របស់មនុស្សជំនាន់មុន ដែលបានចុះហត្ថលេខា និងកត់ត្រាវាតាំងពីដើមសតវត្សរ៍ទី២០។
សព្វថ្ងៃនេះ ប្រទេសកម្ពុជា កំពុងឈរយ៉ាងរឹងមាំលើសសរស្តម្ភនៃសន្តិភាព ច្បាប់អន្តរជាតិ និងឯកសារស្របច្បាប់ ដើម្បីដោះស្រាយបញ្ហាព្រំដែនរបស់ខ្លួនជាមួយប្រទេសថៃ ក្រោមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ។ ការវាស់វែង និងការបោះបង្គោលព្រំដែនបណ្តោះអាសន្នលេខ៤២-៤៧ គឺគ្រាន់តែជាជំហានមួយ ក្នុងចំណោមជំហានជាច្រើនប៉ុណ្ណោះ ដែលជាផ្នែកមួយនៃដំណើរការផ្លូវច្បាប់ ដែលពង្រឹងភាពច្បាស់លាស់ត្រឹមត្រូវតាមច្បាប់នៃព្រំដែនរបស់យើង និងកាត់បន្ថយហានិភ័យនៃជម្លោះសាឡើងវិញ។ វាមិនមែនជាជំហានឆ្ពោះទៅរកការបាត់បង់ទឹកដីនោះទេ។
សម្តីរបស់ក្រុមជ្រុលនិយមនៅក្រៅស្រុក ដែលប្រើពាក្យបញ្ឆេះអារម្មណ៍ជាតិនិយមជ្រុល ដូចជាចោទថា ធ្វើ «បាត់បង់ដីធ្លី» ឬ «កាត់ដីដោះដូរអំណាច» គឺជាការចោទប្រកាន់ដោយគ្មានភស្តុតាង និងគ្មានការទទួលខុសត្រូវ ដែលអ្វីទាំងនេះ គឺដើម្បីតែការបញ្ឆេះភាពស្អប់ខ្ពើម បំបែកបំបាក់សាមគ្គីជាតិ និងមិនមែនជាទង្វើចង់បានសន្តិភាព និងការការពារប្រទេសជាតិទេ។ ផ្ទុយទៅវិញ វាកំពុងបន្លឺជាសំឡេងដ៏គ្រោះថ្នាក់មួយ ដែលចង់អូសទាញប្រទេសកម្ពុជាវិលត្រឡប់ទៅអតីតកាលដ៏ខ្មៅងងឹតវិញ។
យើងជាមនុស្សជំនាន់ក្រោយត្រូវយល់ថា យើងមានកាតព្វកិច្ចដ៏សំខាន់មួយដើម្បីជាតិ នោះគឺការពារសន្តិភាព និងបូរណភាពទឹកដី ដោយផ្អែកលើច្បាប់ ភស្តុតាង និងការវិនិច្ឆ័យដ៏ត្រឹមត្រូវ នោះមិនមែនការប្រើអារម្មណ៍បញ្ឆេះកំហឹង ឬការប្រឌិតរឿងដើម្បីនាំប្រទេសឱ្យធ្លាក់ចូលក្នុងសង្គ្រាមឡើយ។
ថ្ងៃនេះកម្ពុជាឈរលើគន្លឹះសន្តិភាព ច្បាប់អន្តរជាតិ និងឯកសារគតិយុត្ត ដើម្បីដោះស្រាយជម្លោះព្រំដែនជាមួយថៃ តាមកិច្ចព្រមព្រៀងគួឡាឡាំពួរ។ ការវាស់វែងនិងបោះបង្គោលបណ្តោះអាសន្នរវាងបង្គោល ៤២-៤៧ គឺជាជំហានមួយក្នុងចំណោមជំហានជាច្រើន ដែលនាំឱ្យព្រំដែនក្លាយជាព្រំដែនរឹងមាំស្របច្បាប់ និងជាកាត់បន្ថយគ្រោះថ្នាក់សង្គ្រាម និងវាមិនមែនជាជំហានធ្វើឱ្យបាត់បង់ទឹកដីឡើយ៕
















