គម្រោងសាងសង់ផ្លូវជនបទលេខ៣៧០ ប្រវែង ៦ ៣០០ម៉ែត្រ ក្នុងស្រុកអូររាំងឪ បានចាប់ផ្តើមដំណើរការ ជាមួយពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវ ៩ខ្សែផ្សេងទៀតនៅក្នុងខេត្តត្បូងឃ្មុំ

24-11-2025 16:57

(ត្បូងឃ្មុំ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ ផ្លូវលេខ៣៧០ ប្រវែង ៦ ៣០០ម៉ែត្រ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅក្នុងភូមិជើងវត្ត ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

ពិធីសម្ពោធបើកករដ្ឋានសាងសង់ផ្លូវនេះ បានប្រព្រឹត្តទៅជាមួយការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជនបទចំនួន ៩ខ្សែ ស្មើនឹង ៧០ ៤០០ម៉ែត្រ នៅក្នុងខេត្តត្បូងឃ្មុំ ទាំងមូលផងដែរ ដែលជាគម្រោងរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមថវិកាហិរញ្ញប្បទានឥណទានពីធនាគារពិភពលោក (WB)។

ក្នុងឱកាសនោះ លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ពិធីបើកការដ្ឋានស្ថាបនាផ្លូវថ្នល់ឱកាសនេះ គឺជាសក្ខីភាពមួយបង្ហាញយ៉ាងច្បាស់អំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការតភ្ជាប់បេះដូងសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈផ្លូវថ្នល់នៅក្នុងយុគសម័យ នៃការអភិវឌ្ឍប្រកបដោយនិរន្តរភាព ដែលជាទស្សនវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងក្រោមការដឹកនាំ ប្រកបដោយថាមពលរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោកបណ្ឌិត បានថ្លែងថា ជាមួយនឹងសមិទ្ធផលថ្មីសម្រាប់ប្រជាពលរដ្ឋនៅក្នុងស្រុកអូររាំងឪ ក៏ដូចជាប្រជាពលរដ្ឋក្នុងមូលដ្ឋាននៃខេត្តត្បូងឃ្មុំ ថ្នាក់ដឹកនាំក្រសួងបរិស្ថាន ក្រុមការងារចុះមូលដ្ឋានគ្រប់ថ្នាក់ បានចូលរួមគាំទ្រលើកកម្ពស់ជីវភាពប្រជាពលរដ្ឋបន្ថែមទៀត ដូចជាបានបំពាក់អំពូល សូឡា ដែលជាអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្នមុន្នី ហ៊ុនម៉ាណែត ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាននានា ដែលផ្តល់ប្រយោជន៍សេដ្ឋកិច្ច សង្គមយ៉ាងសំខាន់ ជាពិសេសប្រជាពលរដ្ឋមាន សេចក្តីសង្ឃឹមខ្ពស់រស់នៅមានសុខភាពល្អ មានបរិស្ថានស្អាត និងមានជីវភាពរីកចម្រើន។

ជាមួយគ្នានេះ លោក ឆាយ ឫទ្ធិសែន បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារចុះមូលដ្ឋានគ្រប់ថ្នាក់ រដ្ឋបាលខេត្តត្បូងឃ្មុំ មន្ទីរ អង្គភាពទាំងអស់របស់ខេត្ត និងអាជ្ញាធរមូលដ្ឋាន ដែលបានចូលរួមគាំទ្រឱ្យមូលដ្ឋានមានការរីកចម្រើនលើគ្រប់វិស័យ។

លោករដ្ឋមន្រ្តី បានបញ្ជាក់ថាគោលនយោបាយអភិវឌ្ឍន៍ជនបទ មានចក្ខុវិស័យ «កសាងសង្គមជនបទកម្ពុជា ឱ្យមានវិបុលភាពប្រកបដោយបរិយាបន្ន និងចីរភាពទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌»។ លោកបានបន្ថែមថា សមិទ្ធផលដែលសម្រេចបាន នាពេលនេះ គឺដោយសារកម្ពុជាមាន «សុខសន្តិភាព» ដែលកើតចេញពីការលះបង់ដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន ជាបិតាសន្តិភាព ស្ថាបនិកមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលនាំមកនូវឯកភាពជាតិ និងសន្ដិភាពពេញលេញទូទាំងប្រទេស និងការដឹកនាំបន្តវេនប្រកបដោយថាមវន្តរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងកសាងសមិទ្ធផលថ្មីបន្ថែមទៀត ជូនប្រទេសជាតិ និងប្រជាជនដើម្បីសម្រេចឱ្យបានជោគជ័យនូវចក្ខុវិស័យ «កម្ពុជាជាប្រទេសមានប្រាក់ចំណូលខ្ពស់ឆ្នាំ ២០៥០។

ក្នុងពេលជាមួយគ្នានេះ រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញបញ្ជាគ្រឿងចក្រជានិមិត្តរូប នៃការបើកឱ្យដំណើរការសាងសង់ផ្លូវទាំង ១ខ្សែខាងលើ និងអញ្ជើញចាប់បេតុងដាំបង្គោលអំពូលសូឡាសម្រាប់បំភ្លឺនៅតាមដងផ្លូវនេះជានិមិត្តរូបផងដែរ។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តីក្រសួងទាំង២ បានឯកភាពចុះពិនិត្យផ្លូវជនបទ១ខ្សែទៀត នៅក្នុងស្រុកអូររាំងឪ ដែលជាអតីតផ្លូវប្រវត្តិសាស្រ្តបុរាណភ្ជាប់ចំណុចវត្តព្រះធាតុបាស្រី ក្នុងឃុំព្រះធាតុ ទៅឃុំដំរិល ស្រុកអូររាំងឪ និងទៅដល់វត្តនគរក្នុង ក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

សូមបញ្ជាក់ថា កំណាត់ផ្លូវលេខ៣៧០ ប្រវែង ៦,៣០គីឡូម៉ែត្រ ត្រូវសាងសង់ឡើងភ្ជាប់ពីមូលដ្ឋានឃុំគងជ័យ ស្រុកអូររាំងឪ មកកាន់ផ្លូវជាតិលេខ១១ ចំណុចទីប្រជុំជនផ្សារអូររាំងឪ និងមានសំណង់សិល្បការ្យចំនួន ១១កន្លែង។ លើសពីនេះនៅតាមដងផ្លូវនឹងមានការបំពាក់អំពូលសូឡាបំភ្លឺលម្អចំនួន ១៦៧ដើម។ ការដ្ឋានសាងសង់ផ្លូវនេះ ចូលរួមផ្តល់ផលប្រយោជន៍ដល់ប្រជាជនចំនួន ២ ០២០គ្រួសារ ស្មើនឹងប្រជាជនសរុបជិត ១ម៉ឺននាក់ ក្នុងភូមិចំនួន១០ នៃឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

ជាមួយនឹងកម្មវិធីបើកការដ្ឋាននាពេលនេះថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងបរិស្ថាន បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវខ្សែផ្លូវជនបទចំនួន ៩ខ្សែ ដែលមានប្រវែងសរុប ៧០,៤គ.ម ផងដែរ ដែលផ្តល់ផលយោជន៍ដោយផ្ទាល់ដល់ប្រជាពលរដ្ឋចំនួន១២ឃុំ ចំនួន ១៧៤,៦១០នាក់ ស្មើរនឹងជាង ១៥ ០០០គ្រួសារ, មណ្ឌលសុខភាពចំនួន ៧កន្លែង, សាលារៀនចំនួន ២៦កន្លែង, ផ្សារ ៧កន្លែង និងវត្តអារាមចំនួន១២កន្លែង តាមរយៈការជួយគាំទ្រ និងសម្រួលដល់ការប្រកបការងារប្រចាំថ្ងៃ ចំណេញពេលវេលា និងថវិកា ជាពិសេសធានាបានូវការប្រើប្រាស់ផ្លូវបានគ្រប់រដូវកាល៕