វេជ្ជបណ្ឌិត ជា សំណាង៖ ការអន្តរាគមន៍សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដែលគិតគូរដល់អាហារូបត្ថម្ភ មិនអាចមើលរំលងក្នុងការលើកកម្ពស់អាហារូបត្ថម្ភរបស់កុមារ

24-11-2025 16:57

(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត ជា សំណាង អនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍ស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានថ្លែងបញ្ជាក់ថា ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ បានជះឥទ្ធិពលជាវិជ្ជមានដល់ការកាត់បន្ថយជំងឺរាករូស ដែលជាកត្តាចម្បងមួយនៃការស្លាប់របស់កុមារ និងជាបញ្ហាមួយប៉ះពាល់ដល់កង្វះអាហារូបត្ថម្ភស្រួលស្រាល់ធ្ងន់ធ្ងរ ដុូចនេះការអន្តរាគមន៍សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ដែលគិតគូរដល់អាហារូបត្ថម្ភ ពិតជាមិនអាចមើលរំលងក្នុងការលើកកម្ពស់អាហារូបត្ថម្ភរបស់កុមារអាយុ ក្រោម ៥ឆ្នាំ និងការគិតគូរក្នុងអំឡុង ១០០០ថ្ងៃដំបូងនៃជីវិត។

លោកវេជ្ជបណ្ឌិត ជា សំណាង បានបញ្ជាកល់ដូចនេះ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ នាឱកាសជាតំណាងលោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ប្រកាសប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការសៀវភៅបណ្តុះបណ្តាលគ្រូបង្គោលសម្រាប់អនុវត្តគោលការណ៍ប្រតិបត្តិថ្នាក់ជាតិ ស្តីពីកិច្ចអន្តរាគមន៍ សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដែលគិតគូរដល់អាហារូបត្ថម្ភ និងដោយមានការចូលរួមពីតំណាងក្រសួងសុខាភិបាល, ក្រសួងកិច្ចការនារី, ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងអភិវឌ្ឍន៍ជនបទ រួមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

បើតាមលោកវេជ្ជបណ្ឌិត ជា សំណាង ផ្អែកតាមលទ្ធផលនៃការសិក្សាស្រាវជ្រាវសកល ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ បានជះឥទ្ធិពលជាវិជ្ជមានដល់ការកាត់បន្ថយជំងឺរាករូស ដែលជំងឺនេះជាកត្តាចម្បងមួយនៃការស្លាប់របស់កុមារ និងជាបញ្ហាមួយប៉ះពាល់ដល់កង្វះអាហារូបត្ថម្ភស្រួលស្រាល់ធ្ងន់ធ្ងរ (SAM) និងមធ្យម (MAM) នៃ កុមារអាយុក្រោម ៥ឆ្នាំ។ ផលវិជ្ជមានរួមចំណែកកាត់បន្ថយកង្វះអាហារូបត្ថម្ភមាន៖ ការលាងសម្អាតដៃ ជាមួយនឹងសាប៊ូនៅពេលវេលាសំខាន់ៗនឹងកាត់បន្ថយជំងឺរាករូសបាន ៤៤%, ការប្រើប្រាស់ទឹកស្អាត សម្រាប់បរិភោគនឹងកាត់បន្ថយជំងឺរាករូសបាន ៣៩%, ការអប់រំអនាម័យនឹងរួមចំណែកកាត់បន្ថយបាន ២៨% ។

លោកវេជ្ជបណ្ឌិត បានបន្ថែមថា តួលេខទាំងអស់នេះបានឆ្លុះបញ្ចាំងថា ការអន្តរាគមន៍សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ដែលគិតគូរដល់អាហារូបត្ថម្ភ ពិតជាមិនអាចមើលរំលងក្នុងការលើកកម្ពស់អាហារូបត្ថម្ភរបស់កុមារអាយុ ក្រោម ៥ឆ្នាំ និងការគិតគូរក្នុងអំឡុង ១០០០ថ្ងៃដំបូងនៃជីវិត ចាប់ពីកកំណើតក្នុងផ្ទៃពោះម្តាយ រហូត ដល់អាយុបាន ២ខួប ដែលនេះជាពេលវេលាដ៏សំខាន់សម្រាប់ការលូតលាស់របស់ទារក-កុមារ និង ការពារពីបញ្ហាកង្វះអាហារូបត្ថម្ភ ។

ដោយផ្អែកទៅលើភស្តុតាងវិទ្យាសាស្ត្របង្ហាញថា កង្វះ ទឹកស្អាត និងអនាម័យ រួមចំណែកប្រមាណ ៥០% នៃកង្វះអាហារូបត្ថម្ភ ។ ដូច្នេះការធ្វើសមាហរណកម្ម កិច្ចអន្តរាគមន៍សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ និងអាហារូបត្ថម្ភ គឺជាអាទិភាពមួយក្នុងចំណោមអាទិ ភាពទាំង៥ នៃយុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ៥ឆ្នាំ លើកទី៣, ២០២៤-២០២៨ ។ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ក្នុងនាមជាសេនាធិការជូនរាជរដ្ឋាភិបាលលើវិស័យ សន្តិសុខស្បៀង និងអាហារូបត្ថម្ភ នឹងបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាពហុវិស័យ សំដៅធ្វើឱ្យប្រសើរឡើងនូវស្ថានភាពអាហារូបត្ថម្ភនៅកម្ពុជា ។

បន្ថែមពីនេះស្របជាមួយនឹងការប្រកាសដាក់ឱ្យប្រើប្រាស់សៀវភៅបណ្តុះបណ្តាលគ្រូបង្គោល សម្រាប់ អនុវត្តគោលការណ៍ប្រតិបត្តិថ្នាក់ជាតិ ស្តីពីកិច្ចអន្តរាគមន៍ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដែលគិតគូរ ដល់អាហារូបត្ថម្ភ នេះដែរ លោកវេជ្ជបណ្ឌិត ជា សំណាង បានបន្ថែមថា ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ នឹងបន្តដឹកនាំសម្របសម្រួលវគ្គ បណ្តុះបណ្តាលគ្រូបង្គោលសម្រាប់អនុវត្តគោលការណ៍ប្រតិបត្តិថ្នាក់ជាតិ ស្តីពីកិច្ចអន្តរាគមន៍ការផ្គត់ ផ្គង់ទឹកស្អាត និងអនាម័យដែលគិតគូរដល់អាហារូបត្ថម្ភ ឱ្យបានកាន់តែផុសផុលផងដែរ៕