ក្រសួងសេដ្ឋកិច្ច ផ្សព្វផ្សាយរបាយការណ៍វិភាគ និងបណ្តុះបណ្តាល វិធាន និងនីតិវិធីនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិ នៅក្នុងខេត្តកណ្តាល

24-11-2025 17:28

(សៀមរាប)៖ លោកបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គ-លេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការ ដឹកនាំការងារ កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរងនៃ អ.គ.ហ. នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ របាយការណ៍វិភាគភាពខ្លាំង ភាពខ្សោយ កាលានុវត្តភាព និងការគំរាម (SWOT) និងការបណ្តុះបណ្តាលស្តីពីវិធាន និងនីតិវិធីនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជូនដល់មន្ត្រីទទួលបន្ទុកគ្រប់គ្រងថវិកា នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងខេត្តកណ្តាល។

សិក្ខាសាលា និងការបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅរយៈពេល ២ ថ្ងៃគឺចាប់ពីថ្ងៃទី៤-៥ ខែវិច្ឆិកា ឆ្នាំ២០២៥ និង មានការអញ្ជើញចូលរួមជាគណៈអធិបតីពីលោក ឌឹម បូរ៉ា អភិបាលរង តំណាងអភិបាលខេត្តកណ្តាល និង មានការចូលរួមពី លោក លោកស្រីតំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្តទាំង ២៥, លោក លោកស្រីតំណាងមន្ទីរជំនាញជុំវិញខេត្តកណ្តាល ព្រមទាំង លោក លោកស្រីដែលជាមន្ត្រីគ្រប់គ្រងហិរញ្ញវត្ថុនៃរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ក្នុងខេត្តកណ្តាលសរុបប្រមាណ ២៦២ នាក់។

សិក្ខាសាលា និងការបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង៖
(ទី១)៖ ផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីខ្លឹមសារ និងអត្ថប្រយោជន៍នៃការរៀបចំរបាយការណ៍វិភាគ SWOT របស់ខេត្តកណ្តាល ជូនដល់មន្ត្រីពីបណ្ដាមន្ទីរជំនាញ និងអង្គភាពពាក់ព័ន្ធជុំវិញខេត្តកណ្ដាល។
(ទី២)៖ បណ្តុះបណ្តាល ដើម្បីពង្រឹងសមត្ថភាព និងជំនាញវិជ្ជាជីវៈ របស់មន្រ្ដីគ្រប់គ្រងហិរញ្ញវត្ថុ នៃមន្ទីរជំនាញ អង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ជុំវិញខេត្តកណ្តាល។

សូមគូសបញ្ជាក់ថា អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានចាប់ផ្ដើមគាំទ្រមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលើការរៀបចំឯកសារវិភាគ SWOT ចាប់តាំងពីឆ្នាំ២០២១ ក្នុងគោលបំណង (ទី១) ពង្រឹងសមត្ថភាពរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការអនុវត្តមុខងារជាសេនាធិការជូនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរដ្ឋបាលរាជធានី ខេត្ត លើការងារគ្រប់គ្រងវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈនៅថ្នាក់ក្រោមជាតិ (ទី២) ផ្សព្វផ្សាយអំពីសក្តានុពល កាលានុវត្តភាព និងព័ត៌មានសង្គម-សេដ្ឋកិច្ចរបស់រាជធានី-ខេត្តនិមួយៗ ដើម្បីបង្កើនឱកាសវិនិយោគ និងការអភិវឌ្ឍន៍, (ទី៣) វិភាគអំពីចំណុចខ្សោយ និងហានិភ័យដើម្បីកំណត់ជាវិធានការ និងគោលនយោបាយសម្រាប់កែលម្អ និងដោះស្រាយឱ្យមានប្រសិទ្ធភាព និង (ទី៤) ជាឯកសារ ដើម្បីប្រើប្រាស់ជាមូលដ្ឋានក្នុងការវិភាគអំពីការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងជាធាតុចូលសម្រាប់ការកសាងផែនការអភិវឌ្ឍន៍ រាជធានីខេត្ត, កម្មវិធីវិនិយោគ និងក្របខ័ណ្ឌថវិកា ឬឯកសារគោលនយោបាយផ្សេងៗ។

ទន្ទឹមនេះ, ការបណ្តុះបណ្តាលអំពីវិធាន និងនីតិវិធីនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីពង្រឹងសមត្ថភាព និងជំនាញវិជា្ជជីវៈ ដល់មន្ត្រីគ្រប់គ្រងហិរញ្ញវត្ថុនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមទិសដៅនៃការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សំដៅលើកកម្ពស់ការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច នៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា៕