រដ្ឋមន្ត្រីក្រសួងបរិស្ថាន បង្ហាញលទ្ធផលដំណើរបេសកកម្មចូលរួមសន្និសីទភាគីលើកទី៣០ នៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ នៅប្រទេសប្រេស៊ីល
24-11-2025 17:36
(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបង្ហាញអំពីលទ្ធផលដំណើរបេសកកម្មបន្ទាប់ពីអញ្ជើញចូលរួមសន្និសីទភាគីលើកទី៣០ នៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុង Belem ប្រទេសប្រេស៊ីល ប្រកបដោយលទ្ធផលជាផ្លែផ្កា។
ក្នុងឱកាសដឹកនាំគណៈប្រតិភូនៃព្រះរាជាណាចក្រកម្ពុជាធ្វើសន្និសីទសារព័ត៌មាន បន្ទាប់ពីអញ្ជើញធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ដិភាព មកដល់ព្រលានយន្តហោះអន្តរជាតិតេជោ នាព្រល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា គម្រោងសំខាន់ៗចំនួន៦ ត្រូវបានទទួលការគាំទ្រពីអង្គការសហប្រជាជាតិ និងដៃគូអភិវឌ្ឍធ្វើឱ្យប្រសើរឡើងនូវភាពស្អាត ភាពបៃតង កាត់បន្ថយការប្រែប្រួលអាកាសធាតុ និងការរស់នៅប្រកបដោយចិរភាព។
សូមបញ្ជាក់ថា ក្នុងឱកាសនៃសន្និសីទ COP30 លោករដ្ឋមន្ត្រីបានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍សំខាន់ៗចំនួន១១ និងបានឡើងថ្លែងសន្ទរកថាគន្លឹះតំណាងឱ្យប្រទេសកម្ពុជា និងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី សម្រាប់ភាពជាដៃគូកិច្ចដឹកនាំសម្រាប់វិស័យព្រៃឈើ និងអាកាសធាតុ រួមទាំងការចែករំលែក និងបង្ហាញពីដំណើរការរបស់កម្ពុជា រួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ តាមរយៈផែនការរួមចំណែកជាតិ NDC3.0 ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភា និងបានបន្តវេនដឹកនាំប្រកបដោយស្វាហាប់និងវាងវៃ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ជូនយ៉ាងជោគជ័យ ទៅកាន់អនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥។
ការដាក់ជូននូវផែនការជាតិនេះ សបញ្ជាក់ពីការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជា ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល និងដើម្បីសម្រេចគោលបំណងនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ។ កម្ពុជាបានគូសបញ្ជាក់អំពីការពង្រឹងគោលដៅក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ តាមរយៈវិស័យអាទិភាពចំនួន៥ គឺវិស័យឧស្សាហកម្ម ថាមពល កសិកម្ម ព្រៃឈើ និងសំណល់ ក្នុងគោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់រហូតដល់ ៥៥% នៅឆ្នាំ ២០៣៥៕
















