ជំនួបជាមួយគណៈប្រតិភូក្រុមហ៊ុន Cambrew! រដ្ឋមន្ត្រី នេត្រ ភក្ត្រា ថ្លែងអំណរគុណចំពោះការវិនិយោគនៅកម្ពុជាបង្កើតឱកាសការងារដល់យុវជន និងកោតសរសើរចំពោញក្រុមហ៊ុនចូលរួមគោរពច្បាប់ និងការប្រកួតប្រជែងដោយស្មោះត្រង់

24-11-2025 18:14

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានអនុញ្ញាតឱ្យលោក Mr. Michiel Oerlemans នាយកប្រតិបត្តិថ្មីនៃក្រុមហ៊ុន Cambrew (Carlsberg Cambodia) និងសហការី ចូលជួបសម្តែងការគួរ ដើម្បីពិភាក្សាអំពីបរិយាកាសនៃការធ្វើអាជីវកម្ម និងការផ្សព្វផ្សាយពាណីជ្ជកម្មផលិតផលភេសជ្ជៈ និងស្រាបៀរនៅក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជា។

តាមរយៈជំនួបជាមួយលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន, លោក Michiel Oerlemans បានបញ្ជាក់ពីការប្តេជ្ញាចិត្តចូលរួមចំណែក និងតាំងចិត្តខ្ពស់ចូលរួមការវិនិយោគនៅប្រទេសកម្ពុជា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជា ជាពិសេសបង្កើតឱកាសការងារជូន​ដល់យុវជនកម្ពុជា។

ក្នុងជំនួបនោះ តំណាងសម្ព័ន្ធក្រុមហ៊ុន Carlsberg Group បានជម្រាបអំពីសាវតានៃការឈានជើងចូលទីផ្សារកម្ពុជា, បច្ចុប្បន្នភាពនៃប្រតិបត្តិការអាជីវកម្ម, ខ្សែសង្វាក់ផលិតកម្មភេសជ្ជៈរបស់ក្រុមហ៊ុន និងការចែកចាយលក់នៅក្នុងទីផ្សារ, ពិសេសគឺការធ្វើទំនើបកម្ម និងផែនការកំណែទម្រង់នានា ដើម្បីលើកកម្ពស់គុណភាព និងប្រជាប្រិយភាពផលិតផលរបស់ខ្លួនក្នុងទីផ្សារដែលកំពុងមានការប្រកួតប្រជែង ក៏ដូចជាស្នើសុំការចែករំលែកទស្សនៈ និងអនុសាសន៍ពីសំណាក់ ឯកឧត្តមរដ្ឋរដ្ឋមន្ត្រី ផងដែរ។

ជាមួយគ្នានេះដែរ លោកក៏បានវាយតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជា ដែលមានការរីកចម្រើនជាលំដាប់ទាំងផ្នែកសេដ្ឋកិច្ច ក្រោ​មការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងបន្តវេនដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនីតិកាលទី៧ នៃរដ្ឋសភា លើការងារអភិវឌ្ឍន៍ប្រទេសកម្ពុជា។ លោកក៏បានមើលឃើញពីសក្តានុពលរបស់ប្រទេសកម្ពុជា ដែលបានបោះជំហានយ៉ាងស្វាហាប់ រហ័សរហួន លើការងារអភិវឌ្ឍន៍ប្រទេស ជាពិសេសមានប្រជាជនវ័យក្មេងដែលពោលពេញដោយសមត្ថភាព ដែលជាកម្លាំងចលករមួយដ៏រឹងមាំ ឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់វិស័យឯកជន ដែលមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។

ពាក់ព័ន្ធនឹងការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង, លោក Michiel Oerlemans បានប្តេជ្ញាចិត្តគោរពតាមគោលការណ៍ និងតាមច្បាប់ផ្សេងៗរបស់ប្រទេសកម្ពុជា ដើម្បីធ្វើយ៉ាងណាអនុវត្តឱ្យបានត្រឹមត្រូវ និងភាពស្មោះត្រង់នៃការប្រកួតប្រជែងដោយស្មើភាព ជុំវិញការផ្សព្វផ្សាយពាណិជ្ជកម្ម​ផ្សាយ​គ្រឿងស្រវឹង។

ជាឆ្លើយតប លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានបោះទុនមកវិនិយោគនៅក្នុងប្រទេសកម្ពុជា បង្កើតឱកាសការងារថ្មីៗដល់ប្រជាជនកម្ពុជា។ រដ្ឋមន្ត្រី ក៏បានស្នើឱ្យក្រុមហ៊ុនគោរពឱ្យបានត្រឹមត្រូវនូវគោលការណ៍ណែនាំ និងច្បាប់បទដ្ឋានគតិយុត្តនានារបស់កម្ពុជា ជាពិសេសត្រូវចូលរួមពង្រឹងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ មានសណ្តាប់ធ្នាប់ និងចូលរួមប្រកួតប្រជែងដោយស្មោះត្រង់ មានសុច្ចរិតភាព ជាមួយបណ្តាក្រុមហ៊ុនវិនិយោគផ្សេងទៀតជាដើម។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានបញ្ជាក់ពីការខិតខំរួមគ្នា ដើម្បីឱ្យការងារផ្សព្វផ្សាយផលិតផលនានានៅលើទឹកដីកម្ពុជា គោរពតាមគោលការណ៍ច្បាប់ ដោយឈរលើស្មារតីស្មើភាពគ្នា នៃការប្រកួតប្រជែងជាដើម និងរំពឹងថា ក្រុមហ៊ុននឹងទទួលបានការគាំទ្រថែមមួយកម្រិតទៀត។តាមរយៈ​ប្រកាស​​​​​ស្ដីពី​ការ​កំណត់​អំពី​បែបបទ​ នីតិ​វិធី​ និង​វិធាន​ក្នុង​ការ​គ្រប់គ្រង​ការ​ផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​គ្រឿងស្រវឹង​របស់​ក្រសួង​ព័ត៌​មាន​ បាន​ឱ្យដឹង​ថា​ ការ​ផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​គ្រឿងស្រវឹង​ត្រូវ​គោរព​ទៅ​តាម​គោលការណ៍​​ដែល​កំណត់​ដោយ​ក្រសួង​​ព័ត៌មាន​។ គោលការណ៍​ដែល​ត្រូវ​បាន​កំណត់​​ក្នុង​ប្រកាស​ទាំងនោះ​​​រួមមាន​​ មិន​អនុញ្ញាត​ផ្សាយ​ពាណិជ្ជកម្ម​ ឃោសនា​ និង​ការ​ផ្សព្វផ្សាយ​លក់​គ្រឿង​ស្រវឹង​ដោយ​​​យក​ទស្សនិកជន​ឱ្យ​ទទួល​ទាន​គ្រឿង​ស្រវឹង​ នៅ​លើ​ឆាក​​កម្មវិធី​នានា​។ មិន​អនុញ្ញាត​ឱ្យ​​ផ្សាយ​គ្រឿងស្រវឹង​​ផ្ដោត​លើ​គោលដៅ​អនីតិជន​ និង​/ឬ​យក​អនីតិ​ជន​មក​ផ្សាយ​​។ មិន​អនុញ្ញាត​ឱ្យ​​ផ្សាយ​លក់​គ្រឿង​ស្រវឹង​នៅ​ចន្លោះ​ម៉ោង១៨​ ដល់​ម៉ោង​២០​ តាម​ស្ថានីយ​ទូរទស្សន៍​ ឬ​វិទ្យុ​គ្រប់​ប្រភេទ​ លើក​លែង​តែ​ការ​ផ្សាយ​ដោយ​បង្ហាញ​តែ​រូប​សញ្ញា​ ឬ​ឈ្មោះ​ផលិត​ផល​គ្រឿងស្រវឹង​​។

ប្រកាស​ដដែល​បន្ថែម​​​ថា​ ពាណិជ្ជកម្ម​ផ្សាយ​គ្រឿងស្រវឹង​ត្រូវ​មាន​ចម្ងាយ​មិន​តិច​ជាង​​២០០​ម៉ែត្រ ​ជា​ពិសេស​នៅ​ជុំវិញ​បរិវេណ​ទីតាំង​មួយ​ចំនួន​ដូចជា​ គ្រឹះស្ថានសិក្សា​ គ្រឹះស្ថានសុខាភិបាល​ គ្រឹះស្ថាន​សាសនា​ រមណីយដ្ឋាន​វប្បធម៌​​ប្រវត្តិសាស្រ្ត​ និង​អាកាសយានដ្ឋាន​អន្តរជាតិ​។ ការ​បង្ហាញ​ពី​ការ​ទទួល​ទាន​គ្រឿងស្រវឹង​ ជា​លក្ខខណ្ឌ​តម្រូវ​ឱ្យ​​សង្គម​ទទួល​ស្គាល់​ ឬ​សម្រាប់​ជោគជ័យ​ក្នុង​សង្គម​ ឬ​មោទនភាពជាតិ​ត្រូវ​បាន​ហាម​ឃាត់​ និង​ត្រូវ​គោរព​អ្នក​មាន​តំណម​ រួម​មាន​អ្នក​កាន់​សាសនា ​វប្បធម៌​ អ្នក​មាន​ជំងឺ​ និង​ស្រ្តី​មាន​ផ្ទៃ​ពោះ​៕