ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រទេសបារាំង អញ្ជើញចុះពិនិត្យព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋនៅស្រុកស្អាង
24-11-2025 18:30
(កណ្តាល)៖ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) ដឹកនាំដោយ លោក ម៉ម ប៊ុននាង ប្រធានក្រុម នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានដឹកនាំសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់ក្រុមហ៊ុន Laboratoire Bioderma (ប្រទេសបារាំង) ពិនិត្យ និងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋដោយមិនយកកម្រៃ នៅឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។
តាងនាមឱ្យក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ លោក ម៉ម ប៊ុននាង ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានមានប្រសាន៍នាំនូវការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, អនុប្រធានទី១ និងលោកបណ្ឌិតអនុប្រធានទី២ព្រឹទ្ធសភា ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំស្រុក អាជ្ញាធរពាក់ព័ន្ធ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលបានជួយសម្របសម្រួល និងសហការយ៉ាងរលូនឱ្យមានពិធីពិនិត្យ និងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋដោយមិនយកកម្រៃនាពេលនេះ។
លោកប្រធានក្រុម បានបញ្ជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យប្រទេសជាតិយើងសម្រេចបានជោគជ័យយ៉ាងធំធេង បង្កើតបាននូវសមិទ្ធផលធំៗ ជាប្រវត្តិសាស្រ្តជាច្រើនលើគ្រប់វិស័យ។ ក្នុងនោះសម្តេចទាំងពីរ តែងតែយកចិត្តទុកដាក់ចំពោះសុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ដែលក្នុងនោះ វិស័យសុខាភិបាល គឺជាវិស័យអាទិភាពមួយ ដែលរាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់ បង្ខិតសេវាសុខភាពឱ្យកាន់តែគៀកជិតនឹងមូលដ្ឋាន ដើម្បីលើកកម្ពស់សុខមាភាព ដែលជាកត្តាចម្បង សម្រាប់ប្រជាពលរដ្ឋក្នុងការទទួលបាននូវសុខភាពល្អ សំដៅរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋយើង។
លោកប្រធានក្រុម បានបញ្ជាក់បន្ថែមថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃក្រុមហ៊ុន Laboratoire Bioderma របស់ប្រទេសបារាំង ចុះមកពិនិត្យ និងព្យាបាលជំងឺទូទៅជូនបងប្អូនប្រជាពលរដ្ឋដោយមិនយកកម្រៃ ព្រមទាំងផ្តល់ថ្នាំជូនទៅតាមប្រភេទជំងឺក្នុងស្មារតីមនុស្សធម៌ ដែលស្តែងចេញពីទឹកចិត្តសប្បុរស សំដៅរួមចំណែកជាមួយរាជរដ្ឋាភិបាល ជួយកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋបានមួយចំណែក។ ជាមួយគ្នានេះ ឯកឧត្តមសង្ឃឹមថា ក្រុមគ្រូពេទ្យនឹងបន្តធ្វើការងារមនុស្សធម៌ជូនប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា ក៏ដូចជាចុះជួយនៅភូមិភាគទី៣ និងភូមិភាគនានាជាបន្តបន្ទាប់ទៀត។
លោកប្រធានក្រុម បានក្រើនរំលឹកដល់ប្រជាពលរដ្ឋនៅស្រុកស្អាងទាំងអស់ សូមថែទាំសុខភាពឱ្យបានល្អ ខិតខំថែរក្សាសុខភាពរបស់ខ្លួន ដោយត្រូវយល់ដឹងឱ្យបានច្រើនអំពីបញ្ហាអនាម័យ តាមរយៈការហូបស្អាត រស់នៅស្អាត និងគោរពតាមការណែនាំរបស់គ្រូពេទ្យ និងការផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាល និងភ្នាក់ងារសុខាភិបាល។
តាមរយៈការពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងរយៈពេល១ថ្ងៃនេះ នៅស្រុកស្អាង ខេត្ត កណ្តាល មានប្រជាពលរដ្ឋមកពិនិត្យ និងព្យាបាលជំងឺសរុបចំនួន៥៥៦នាក់ (នារីចំនួន៣៥៦នាក់ និងបុរសចំនួន២០០នាក់)
ក្នុងពិធីពិនិត្យ និងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋដោយមិនយកកម្រៃនាពេលនេះរៀចំឡើង ដោយចំណាយថវិកាសរុបទាំងអស់ចំនួន៣,៩០០,០០០រៀល៕



















