រដ្ឋលេខាធិការ ផូ ផារិទ្ធ ដឹកនាំជំនាញចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាពការងារស្ដារឡើងវិញ ផ្លូវ លូ នឹងផ្លាកឈ្មោះផ្លូវ នៅក្នុងខេត្តកំពង់ធំ និងខេត្តកំពង់ឆ្នាំង
24-11-2025 18:42
(កំពង់ឆ្នាំង)៖ លោក ផូ ផារិទ្ធ រដ្ឋលេខាធិការតំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈកម្មការអន្តរក្រសួងរួមមាន៖ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ វាយតម្លៃ បញ្ចប់សុពលភាព លើការងារស្ដារឡើងវិញផ្លូវ លូ នឹងផ្លាកឈ្មោះផ្លូវ ស្ថិតនៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ និងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។
គម្រោងទាំង២នេះ រួមមាន៖ (១) ការងារស្តារឡើងវិញផ្លូវក្រាលដីល្បាយក្រួសចំនួន ១ខ្សែ ប្រវែងជា ១១គីឡូម៉ែត្រ ទទឹង ៥ម៉ែត្រ និងសំណង់សិល្បការ្យផ្សេងៗ ស្ថិតនៅភូមិកំពង់ឈើទាល ឃុំសំបូរណ៍ ទៅភូមិតាអោក ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ (២) ការងារស្ដារឡើងវិញ ផ្លូវក្រាលដីល្បាយក្រួសចំនួន ១ខ្សែ មាន៦កំណាត់ ប្រវែងសរុប ៩គីឡូម៉ែត្រ ទទឹង ៨ម៉ែត្រ និងសំណង់សិល្បការ្យផ្សេងៗ ស្ថិតនៅភូមិត្រពាំងចាន់ ឃុំត្រពាំងចាន់ ទៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។
ជុំវិញផ្លូវខាងលើនេះ លោក ផូ ផារិទ្ធ បានកោតសរសើរដល់នាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ ដែលបានយកចិត្តទុកដាក់ ចាប់តាំងពីការស្ថាបនារហូតដល់បញ្ចប់សុពលភាព ដោយបានរក្សានូវគុណភាពផ្លូវបានល្អប្រសើរ ព្រោះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍ជនបទនេះ គឺជាគន្លឹះគាំទ្រនូវរាល់កម្មវិធីកាត់បន្ថយភាពក្រីក្រនៅតាមជនបទរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដោយសម្តេចបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការអភិវឌ្ឍនេះ មិនថានៅទីក្រុង ទីប្រជុំជន និងតាមជនបទឡើយ។
លោករដ្ឋលេខាធិការ បានបន្ថែមថា ជាក់ស្តែងផ្លូវជនបទទាំងពីរគម្រោងខាងលើនេះ ពិតជាមានសារៈសំខាន់ក្នុងការលើកកម្ពស់ដល់រស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈសម្រួលដល់ការធ្វើដំណើរ ការរកស៊ីទទួលទានផ្សេងៗជាដើម។
លោក ផូ ផារិទ្ធ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់នាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ នៅលើការងារស្ដារឡើងវិញ ផ្លូវក្រាលដីល្បាយក្រួសរហូតបញ្ចប់សុពលភាព នៅខេត្តកំពង់ធំ និងខេត្តកំពង់ឆ្នាំង ដោយរក្សាគុណភាពផ្លូវល្អប្រសើរ សម្រាប់កាប្រើប្រាស់យូរអង្វែង ដល់សហគមន៍មូលដ្ឋាន និងសាធារណជនទូទៅ។
ហើយទាក់ទិនជនបទនេះដែរ លោក ផូ ផារិទ្ធ បានបន្ថែមថា ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងបន្តយកចិត្តទុកដាក់ ចំពោះគម្រោងដែលស្ថិតនៅក្រោមក្របខណ្ឌរបស់ក្រសួង ដើម្បីកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ តាមរយៈការលើកកម្ពស់សុខភាព និងបរិស្ថាន ដែលជាកត្តាដ៏សំខាន់សម្រាប់ប្រជាជននៅតំបន់ជនបទ ធ្វើយ៉ាងណាជួយឱ្យប្រជាជនមានសុខភាពល្អ តាមរយៈការផ្តល់សេវាផ្គត់ផ្គង់ទឹក និងអនាម័យជនបទ គម្រោងជីក និងស្តារស្រះសហគមន៍ ខួងអណ្តូង ការសាងសង់អាងត្រងទឹកភ្លៀង សាងសង់ប្រព័ន្ធចែកចាយទឹកតាមបំពង់ សហគមន៍ខ្នាតតូចស្ថានីយ៍ផលិតទឹកស្អាតសហគមន៍ និងការសាងសង់បង្គន់អនាម័យជាដើម ជំរុញអភិវឌ្ឍន៍ឱ្យក្របដណ្តប់ទូទាំងប្រទេស ដើម្បីឆ្លើយតបនិងការរស់នៅរបស់ប្រជាជន ប្រកបដោយភាពសុខសាន្ត៕






















