អ្នកឧកញ៉ា សៀ ឫទ្ធី ចូលរួមវេទិកាសេដ្ឋកិច្ច Bloomberg New Economy 2025 នៅសិង្ហបុរី
24-11-2025 19:33
(សិង្ហបុរី)៖ អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន WorldBridge Group ធុរជនខ្មែរដ៏លេចធ្លោមួយរូប ដែលបានចូលរួមក្នុងវេទិកា ដ៏មានកិត្យានុភាព Bloomberg New Economy 2025 Forum ដែលប្រារព្ធធ្វើឡើងនៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥។
ព្រឹត្តិការណ៍នេះ គឺជាកិច្ចប្រជុំដ៏សំខាន់មួយដែលប្រមូលផ្តុំថ្នាក់ដឹកនាំធុរកិច្ចពិភពលោក អ្នកតាក់តែង គោលនយោបាយ និងឥស្សរជន ដែលមានឥទ្ធិពល ដើម្បីពិភាក្សាអំពីទិដ្ឋភាពសេដ្ឋកិច្ចដែលកំពុងមានការវិវត្ត។
វេទិកានេះមានការពិភាក្សាស៊ីជម្រៅជាមួយវាគ្មិនសំខាន់ៗដែលពោរពេញដោយចំណេះជំនាញ និងកេរ្ដិ៍ឈ្មោះល្បីរន្ទឺ ជាច្រើនរូប រួមមាន លោក Michael R. Bloomberg ស្ថាបនិកក្រុមហ៊ុន Bloomberg LP និង Bloomberg Philanthropies; លោក Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី ដែលបានថ្លែងអំពីប្រធានបទស្នូលដូចជា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក-ចិន និងតួនាទីរបស់សិង្ហបុរីជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ; លោកបណ្ឌិត Vivian Balakrishnan រដ្ឋមន្ត្រីការបរទេសសិង្ហបុរី; និងនាយកប្រតិបត្តិជាន់ខ្ពស់ពីសាជីវកម្មឈានមុខគេលំដាប់ពិភពលោក។
ការចូលរួមរបស់អ្នកឧកញ៉ា សៀ ឫទ្ធី បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្ត របស់លោក ក្នុងនាមជាវិនិយោគិនខ្មែរ ដ៏មានសក្ដានុពល ដើម្បីភ្ជាប់ខ្លួន ជាមួយគំនិត ដឹកនាំផ្នែក សេដ្ឋកិច្ចកម្រិតខ្ពស់ និងការកសាងទំនាក់ទំនងជាមួយថ្នាក់ ដឹកនាំជាន់ខ្ពស់ ដែលកំពុង ស្ថាបនា ក្របខណ្ឌ សេដ្ឋកិច្ច សកល។
លោកបានផ្តល់នូវទស្សនវិស័យ ជាក់ស្តែងទៅកាន់ នាយកប្រតិបត្តិក្រុមហ៊ុនល្បីៗជាច្រើន ដែលបានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការពង្រីកវិសាលភាព ជាសកលរបស់ពួកគេ តាមរយៈការវិនិយោគ ចូលក្នុង ទីផ្សារកម្ពុជា។ វេទិកានេះបានផ្តល់ឱកាស ដ៏មាន តម្លៃ ក្នុងការ ផ្លាស់ប្តូរគំនិត និងស្វែង រក កិច្ចសហការ ដែលស្រប តាមនិន្នាការសេដ្ឋកិច្ចនាពេលអនាគត៕








