ឧបនាយករដ្ឋមន្ដ្រី ស សុខា អញ្ជើញបិទសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិ ស្តីពីអត្តសញ្ញាណកម្ម ដំណាក់កាលទី២ (២០២៦-២០៣៥)

24-11-2025 20:47

(ភ្នំពេញ)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ ដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិ ស្តីពីអត្តសញ្ញាណកម្ម ដំណាក់កាលទី២ (២០២៦-២០៣៥)។

លោកឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក និងជាប្រធានលេខាធិការដ្ឋាន (គ.ជ.ដ.អ.) បានធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលសិក្ខាសាលាក្នុងថ្ងៃនេះ និងគោលបំណងយុទ្ធសាស្រ្តលើសេចក្ដីព្រាងផែនការយុទ្ធសាស្រ្តជាតិ ស្ដីពី អត្តសញ្ញាណកម្ម ដំណាក់កាលទី២ (២០២៦-២០៣៥) ជូនលោកអភិសន្តិបណ្ឌិត ស សុខា និងលោក លោកស្រី ភ្ញៀវកិត្តិយស នៃអង្គសិក្ខាសាលាផងដែរ។

ក្នុងឱកាសនោះ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន (គ.ជ.ដ.អ.) បានថ្លែងអំណរគុណដល់តំណាងក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ នៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ និងវិស័យ ឯកជន ដែលតែងចូលរួមសហការ លេីកកម្ពស់ការងារអត្តសញ្ញាណកម្មនៅកម្ពុជា សំដៅធានាការផ្តល់អត្តសញ្ញាណស្របច្បាប់នៅកម្ពុជា និងឆ្លេីយនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។

ឧបនាយករដ្ឋមន្ដ្រី ស សុខា បានគូសបញ្ជាក់ថា ការចូលរួមនេះបង្ហាញអំពីឆន្ទៈ ក្នុងការសម្រេចនូវបេសកកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វេីទំនេីបកម្ម និងពង្រឹងប្រព័ន្ធអត្តសញ្ញាណកម្មជាតិ សម្រេចឲ្យបាន «បុគ្គលគ្រប់រូបត្រូវបានកំណត់អត្តសញ្ញាណកម្ម» និង «មនុស្សម្នាក់អត្តសញ្ញាណតែមួយ» តាមរយៈការអនុវត្ត ផែនការយុទ្ធសាស្ត្រជាតិស្ដីពីអត្តសញ្ញាណកម្ម ដំណាក់កាលទី២ ២០២៦-២០៣៥៕