មន្រ្តីយោធាកម្ពុជា ច្រានចោលការចោទប្រកាន់របស់ថៃថា កងកម្លាំងយោធាកម្ពុជាបានយកទីតាំងអគារកាស៊ីណូ នៅតាមបណ្តោយព្រំដែនធ្វើជាមូលដ្ឋានសម្រាប់ប្រតិបត្តិការដ្រូន ក្នុងគោលដៅប្រឆាំងជាមួយភាគីថៃ

24-11-2025 20:46

(ភ្នំពេញ)៖ យោងតាមប្រភពពីមន្ត្រីយោធាកម្ពុជា បានថ្លែងថា ការចុះផ្សាយព័ត៌មានរបស់អ្នកសារព័ត៌មាននិងបណ្តាញសារព័ត៌មានរបស់ថៃ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយផ្អែកលើប្រភពពីកងទ័ពភូមិភាគទី២ថៃ បានចោទប្រកាន់ថាកងកម្លាំងយោធាកម្ពុជាបានយកទីតាំងអគារកាស៊ីណូ នៅតាមបណ្តោយព្រំដែនធ្វើជាមូលដ្ឋានសម្រាប់ប្រតិបត្តិការដ្រូន ក្នុងគោលដៅប្រឆាំងជាមួយភាគីថៃ។

មន្រ្តីយោធាកម្ពុជាខាងលើ បានបញ្ជាក់យ៉ាងច្បាស់លាស់ថា ការចុះផ្សាយព័ត៌មានរបស់អ្នកសារព័ត៌មាន និងបណ្តាញសារព័ត៌មានរបស់ថៃខាងលើនេះ គឺប្រាស់ចាកពីការពិតទាំងស្រុង ក្នុងគោលបំណងបង្កឱ្យមានការយល់ច្រឡំ និងដើម្បីបង្វែកំហុសមកលើកម្ពុជាដោយគ្មានការទទួលខុសត្រូវ ព្រោះថាភាគីថៃខ្លួនឯងនោះទេ ដែលតែងតែបង្ហោះដ្រូននៅតាមបណ្តោយព្រំដែន ហើយនៅថ្ងៃនេះថែមទាំងបានបង្ហោះផ្សាយបង្អួតដ្រូនអត្តឃាតជាច្រើនគ្រឿង ដែលនេះជាសកម្មភាពបង្ហាញពីចេតនាគំរាមកំហែងដល់សន្តិភាពនិងសុវត្ថិភាពរបស់ប្រជាជនស្លូតត្រង់។