វិភាគអន្តរជាតិ៖ កាត់ដីឱ្យរុស្ស៉ី ឬបាត់បង់ការគាំទ្រពីអាមេរិក តើលោក ហ្សេលេនស្គី អស់ផ្លូវដើរហើយឬ?
24-11-2025 22:27
(វ៉ាស៊ីនតោន)៖ ផែនការសន្តិភាពអ៊ុយក្រែន ២៨ចំណុចដែលត្រូវបានឈានដល់ដោយបេសកជនអាមេរិក និងរុស្ស៉ី ហើយត្រូវបានបញ្ជូនឱ្យអ៊ុយក្រែនកាលពីសប្ដាហ៍មុន បានភ្ជាប់ជាមួយឱសានវាទ និងការបញ្ជូនសារគំរាម ដោយប្រយោលឱ្យលោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី ត្រូវតែធ្វើការជ្រើសរើសថាតើទទួលយកផែនការសន្តិភាព ឬក៏ប្រឈមត្រូវបានសហរដ្ឋអាមេរិកបោះបង់ចោល។ លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ ទី២១ ខែវិច្ឆិកា បាននិយាយថាមេដឹកនាំអ៊ុយក្រែន លោក ហ្សេលេនស្គី ត្រូវតែទទួលយកផែនការរបស់សហរដ្ឋអាមេរិក ដោយព្រលយថារូបលោកមិនមានអារម្មណ៍ចរចាទៀតនោះទេ។ ចាប់តាំងពីថ្ងៃនោះមក លោក ត្រាំ បានបញ្ជូនសារចម្រុះ ក្នុងនោះលោកថាផែនការសន្តិភាពថ្មីមិនមែនជាសំណើចុងក្រោយរបស់លោកឡើយ ប៉ុន្តែថាប្រសិនបើលោក ហ្សេលេនស្គី មិនព្រមទទួលយកទេ នោះអ៊ុយក្រែននឹងត្រូវបន្តប្រយុទ្ធដោយមិនមានការគាំទ្រពេញទំហឹងពីរូបលោក។
លោក ហ្សេលេនស្គីបានទទួលស្គាល់ថាកំពុងប្រឈមនឹងជម្រើសដ៏លំបាករវាងការបាត់បង់ភាពថ្លៃថ្នួរដោយការកាត់ទឹកដីទៅឱ្យរុស្ស៉ី និងបាត់បង់ការគាំទ្រពីសហរដ្ឋអាមេរិកក្នុងនាមជាសម្ព័ន្ធមិត្តមួយ។ ក្នុងករណីទីក្រុងកៀវបាត់បង់ ការគាំទ្រពីសហរដ្ឋអាមេរិក អាចនឹងមានផលវិបាកធ្ងន់ធ្ងរចំពោះអ៊ុយក្រែនដូចជាលើការផ្គត់ផ្គង់អាវុធ និងការទទួលបានព័ត៌មានស៊ើបការណ៍សម្ងាត់ បន្ថែមពីវិបត្តិដែលអ៊ុយក្រែនកំពុងប្រឈមរួមមានការខ្វះខាតចំនួនកងទ័ព វិបត្តិហិរញ្ញវត្ថុ និងការបាត់បង់ជំនឿចិត្តនៅក្នុងចំណោមប្រជាជនអ៊ុយក្រែនលើរដ្ឋាភិបាលរបស់លោក ហ្សេលេនស្គី ដោយសាររឿងអាស្រូវពុករលួយ។ មួយវិញទៀត ការទាត់ចោលសំណើរបស់លោក ត្រាំ អាចនឹងប្រថុយធ្វើឱ្យ បាត់បង់ការគាំទ្រពីសហរដ្ឋអាមេរិកដែលនេះជាផលវិបាកខាងយុទ្ធសាស្ត្រដ៏ធ្ងន់ធ្ងរមួយសម្រាប់អ៊ុយក្រែន និងបណ្ដាប្រទេសអឺរ៉ុប ដែលគាំទ្រអ៊ុយក្រែន។ ពិសេសអាចធ្វើឱ្យលោក ត្រាំ ដកសហរដ្ឋអាមេរិកចេញពីជម្លោះ និងបំភ្លេចចោលពាក្យសន្យាពីការធានាសន្តិសុខឱ្យអ៊ុយក្រែនដោយមិនត្រឹមតែប្រាប់អ៊ុយក្រែនទេ តែក៏ប្រាប់អឺរ៉ុបដែរថា «អ្នកត្រូវតែដោះស្រាយបញ្ហាដោយខ្លួនឯង»។
* ការផ្គត់ផ្គង់អាវុធ
បើសហរដ្ឋអាមេរិកបញ្ឈប់ការផ្គត់ផ្គង់អាវុធ ប្រាកដណាស់អ៊ុយក្រែននឹងជួបបញ្ហា។ ប៉ុន្តែក៏មិនធ្ងន់ធ្ងរដូចកាលពីជាង៣ឆ្នាំមុននោះដែរ។ នេះមានមួយផ្នែកក៏ព្រោះតែសង្រ្គាមនៅអ៊ុយក្រែនបានផ្លាស់ប្ដូរយ៉ាងខ្លាំង ពោលគឺឥលូវ រថក្រោះ អាវុធប្រឆាំងរថក្រោះ និងរថពាសដែកបានក្លាយជាអាវុធបន្ទាប់បន្សំ ខណៈកងទ័ពអ៊ុយក្រែនកំពុងពឹងផ្អែកយ៉ាងខ្លាំងលើដ្រូន។ មួយផ្នែកទៀត ដោយសារតែការផ្គត់ផ្គង់អាវុធពីអឺរ៉ុបមានច្រើនជាងសហរដ្ឋអាមេរិក។ គិតចាប់តាំងពីខែមករា ឆ្នាំ២០២៥ អឺរ៉ុបបានផ្ដល់ជំនួយយោធាយ៉ាងហោច ៤០ពាន់លានដុល្លារទៅឱ្យអ៊ុយក្រែន ឬច្រើនជាងសហរដ្ឋអាមេរិក ៥ពាន់លានដុល្លារ។
ការបាត់បង់ការផ្គត់ផ្គង់អាវុធពីសហរដ្ឋអាមេរិក នឹងបង្កផលប៉ះពាល់ស្ទើរទាំងស្រុងដល់ប្រព័ន្ធខែលការពារដែនអាកាសរបស់អ៊ុយក្រែន មានដូចជាប្រព័ន្ធខែលប្រឆាំងមីស៊ីល Patriot និងគ្រាប់មីស៊ីល។ លោក ហ្សេលេនស្គី បានទទូចសុំម្ដងហើយម្ដងទៀតនូវប្រព័ន្ធការពារដែនអាកាសពីសហរដ្ឋអាមេរិក តែការផ្គត់ផ្គង់ Patriot នៅតែមានការខ្វះខាត។ ក្នុងន័យនេះបើទោះជាសហរដ្ឋអាមេរិកបញ្ឈប់ការផ្គត់ផ្គង់គ្រាប់មីស៊ីល និងគ្រឿងបន្លាស់ក៏ដោយ អឺរ៉ុប និងសម្ព័ន្ធមិត្តផ្សេងទៀតអាចបន្តជួយដល់អ៊ុយក្រែន។ អ៊ុយក្រែនក៏កំពុងប្រើប្រាស់មីស៊ីលអាមេរិក ATACM ក្នុងចំនួនតិចតួចផងដែរ។
រដ្ឋបាលលោក ដូណាល់ ត្រាំ បានបង្ហាញពីឆន្ទៈលក់អាវុធអាមេរិកទៅឱ្យកម្មវិធីមួយគាំទ្រដោយអឺរ៉ុបដើម្បីទិញអាវុធផ្គត់ផ្គង់ឱ្យអ៊ុយក្រែន។ ប៉ុន្តែសហរដ្ឋអាមេរិកអាចបោះបង់ចោលកម្មវិធីនេះ ប្រសិនបើទីក្រុងទាត់ចោលផែនការ សន្តិភាព។ បើគិតពីចំណុចវិជ្ជមាន អ៊ុយក្រែនបាន និងកំពុងកសាងឧស្សាហកម្មផលិតដ្រូន និងមីស៊ីល ដោយក្រុមមន្ត្រីអ៊ុយក្រែនបាននិយាយថា៩០ភាគរយនៃដ្រូនដែលខ្លួនកំពុងប្រើត្រូវបានផលិតនៅអ៊ុយក្រែន។
* ការចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់
សហរដ្ឋអាមេរិកធ្លាប់បានបញ្ឈប់ការចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ជាមួយអ៊ុយក្រែនមួយរយៈពេលខ្លីកាលពីខែមីនាកន្លងទៅ បន្ទាប់ពីជំនួបដ៏តឹងសសៃកដាក់គ្នារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី នៅឯការិយាល័យពងក្រពើនៃសេតវិមាន។ គេមិនបានដឹងច្បាស់ថាតើសហរដ្ឋអាមេរិក និងអ៊ុយក្រែនចែករំលែកព័ត៌មានសម្ងាត់អ្វីនឹងគ្នាទេ តែក្រុមអ្នកជំនាញជឿថាព័ត៌មានទាំងនោះអាចជាការព្រមានជាមុនអំពីការវាយប្រហារ ដោយមីស៊ីលរុស្ស៉ី និងការវិភាគពីចលនារបស់កងទ័ពរុស្ស៉ី នៅក្នុងបរិបទដ៏សំខាន់ដែលកងទ័ពរុស្ស៉ីបន្តភាពរីកចម្រើនទៅមុខនៅតាមផ្នែកជាច្រើននៃសមរភូមិមុខ។
កាលពីខែតុលា លោក ហ្សេលេនស្គីបានទទួលស្គាល់ថាប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែនប្រឆាំងនឹងមីស៊ីលរុស្ស៉ីដូចជា Patriot, NASAMS និង IRIS-T នឹងថយចុះប្រសិទ្ធភាព បើគ្មានព័ត៌មានសម្ងាត់ពីសហរដ្ឋអាមេរិក។ នេះមានន័យថាអ៊ុយក្រែននឹងមិនមានព័ត៌មានគ្រប់គ្រាន់ដើម្បីត្រៀមខ្លួនទប់ទល់នឹងការវាយប្រហារដោយមីស៊ីលពីរុស្ស៉ីឡើយ។ តាមក្រុមមន្ត្រីអ៊ុយក្រែន ព័ត៌មានស៊ើបការណ៍សម្ងាត់ផ្ដល់សហរដ្ឋអាមេរិកក៏ត្រូវបានអ៊ុយក្រែនប្រើប្រាស់ដែរ នៅក្នុងការវាយប្រហារលើគោលដៅស្ថិតនៅជ្រៅក្នុងទឹកដីរុស្ស៉ី។ អឺរ៉ុបបាន និងកំពុងពង្រឹងសមត្ថភាពស៊ើបការណ៍សម្ងាត់ ប៉ុន្តែពួកគេប្រហែលជាត្រូវពេលច្រើនឆ្នាំ ដើម្បីកសាង និងសម្របសម្រួលសមត្ថភាពស៊ើបការណ៍សម្ងាត់ឱ្យមាន ប្រសិទ្ធភាព។
* កងទ័ព និងហិរញ្ញវត្ថុ
បញ្ហាដ៏ធំបំផុតមួយរបស់អ៊ុយក្រែនគឺចំនួនកងទ័ព ដែលមិនអាចត្រូវបានបំពេញបន្ថែមដោយរថក្រោះ ឬមីស៊ីលពីសហរដ្ឋអាមេរិកនោះទេ។ យោធាអ៊ុយក្រែនកំពុងប្រឈមនឹងការថយចុះចំនួនកងទ័ព ដោយក្នុងនោះកងទ័ពរាប់ម៉ឺននាក់ បានអវត្តមានដោយមិនមានការអនុញ្ញាត ឬរត់ចោលជួរ ក្នុងរយៈពេល៧ខែដំបូងក្នុងឆ្នាំ២០២៥នេះ។ បើអ៊ុយក្រែនទាត់ចោលផែនការសន្តិភាព អ៊ុយក្រែននឹងជួបបញ្ហារឹតតែធ្ងន់ទៀត គឺអាចបាត់បង់ការគាំទ្រពីសហរដ្ឋអាមេរិក។ មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បាននិយាយថាអ៊ុយក្រែនត្រូវការមូលនិធិ ៦៥ពាន់លានដុល្លារដើម្បីគាំទ្រដល់កញ្ចប់ថវិកាសម្រាប់ឆ្នាំក្រោយ។ សហភាពអឺរ៉ុបកំពុងខ្វែងគំនិតគ្នានៅឡើយពាក់ព័ន្ធនឹងការប្រើទ្រព្យសម្បត្តិរុស្ស៉ីដែល ត្រូវបានបង្កកដើម្បីជួយដល់អ៊ុយក្រែន។ ប៉ុន្តែផែនការ២៨ចំណុចដែលត្រូវបានឈានដល់ដោយបេសកជនអាមេរិក លោក Steve Witkoff និងបេសកជនរុស្ស៉ី លោក Kirill Dmitriev កំពុងគំរាមកំហែងដល់កិច្ចចរចាស្ដីពី ការប្រើប្រាស់ទ្រព្យសម្បត្តិរុស្ស៉ីទាំងនោះ។
* ការធានាសន្តិសុខ
ផែនការ២៨ចំណុចរបស់សហរដ្ឋអាមេរិក និងរុស្ស៉ី នៅចំណុចទី៥ បាននិយាយថាអ៊ុយក្រែននឹងទទួលការធានាសន្តិសុខគួរឱ្យជឿទុកចិត្តបាន តែមិនមានព័ត៌មានលម្អិតអ្វីបន្ថែមទេ។ សេចក្ដីរាយការណ៍ខ្លះទៀតបានឱ្យដឹងថានៅក្រោម ផែនការសន្តិភាព ការវាយប្រហារទ្រង់ទ្រាយធំណាមួយ និងការវាយប្រហារប្រដាប់អាវុធជាប់លាប់ដោយរុស្ស៉ីដែលឆ្លងហួសខ្សែបន្ទាត់បទឈប់បាញ់ដែលត្រូវបានឯកភាពគ្នា ចូលទៅក្នុងទឹកដីអ៊ុយក្រែន នឹងត្រូវបានចាត់ទុកថា ការគំរាមកំហែងដល់សន្តិភាព និងសន្តិសុខរបស់សហគមន៍អន្តរអាត្លង់ទិក។ ដោយមិនមានការបញ្ជាក់ឱ្យច្បាស់ និងលម្អិតពីការធានាសន្តិសុខមួយដែលគួរតែទទួលបានការគាំទ្រពីសភាអាមេរិកដែលមានអំណាចខាងផ្លូវច្បាប់ និងដាក់ទណ្ឌកម្មទេ វាពិបាកណាស់ក្នុងការសន្និដ្ឋានថាលោក ហ្សេលេនស្គីនឹងទទួលយកលក្ខខណ្ឌក្នុងផែនការសន្តិភាព។ មេដឹកនាំអឺរ៉ុប រួមជាមួយជប៉ុន និងកាណាដា បានបង្ហាញការជំទាស់ដោយប្រយោលទៅនឹងផែនការសន្តិភាព ដោយនិយាយថាតម្រូវឱ្យមានការធ្វើការងារបន្ថែមទៀត។
* តើអាចជាន់ដានប្រវត្តិសាស្ត្រ ឬ?
កាលពីជាងមួយខែមុន លោក ហ្សេលេនស្គី បាននិយាយថារូបលោកបានបើកកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយលោក ត្រាំ ហើយថែមទាំងអះអាងទៀតផងថារូបលោកបានពិភាក្សាពីឱកាសដើម្បីពង្រឹងប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែន រួមទាំងកិច្ចព្រមព្រៀងដ៏រឹងមាំមួយជាមួយជម្រើសដ៏ល្អ។ តែជម្រើសល្អទាំងនោះហាក់រលាយបាត់ទៅហើយ។ លទ្ធភាពនៃការបាត់បង់់ការផ្គត់ផ្គង់អាវុធ និងព័ត៌មានស៊ើបការណ៍សម្ងាត់ គួបផ្សំនឹងផលវិបាកភ្លាមៗនៃការបាត់បង់នេះទៅលើ សមរភូមិដែលរុស្ស៉ីកំពុងមានប្រៀប ក៏ដូចជាលើការផ្គត់ផ្គង់ថាមពលរបស់អ៊ុយក្រែនពិតជាមានសារៈសំខាន់ណាស់។ តែកាន់តែសំខាន់ជាងនេះទៅទៀត ជាកង្វល់ដ៏ធំរបស់អ៊ុយក្រែន និងអឺរ៉ុប នោះគឺទីក្រុងវ៉ាស៊ីនតោនហាក់ដូចជាកំពុង ត្រៀមផ្ដល់រង្វាន់ដល់ការឈ្លានពានរបស់រុស្ស៉ី មិនអើពើដែលលោក ពូទីន កាត់យកទឹកដីនៃប្រទេសមួយនៅអឺរ៉ុប និងដកខ្លួនចេញឆ្ងាយពី NATO ដើម្បីសន្តិភាពមួយនៅក្នុងយុគសម័យទំនើប។
លោកស្រី Anne Applebaum ជាអ្នកប្រវត្តិសាស្ត្រម្នាក់របស់សហរដ្ឋអាមេរិកបានលើកឡើងនៅក្នុងអត្ថបទមួយចេញផ្សាយដោយកាសែត Atlantic ថា «កាលពីអតីតកាល ពួកមហាអំណាចនៅអឺរ៉ុប តែងតែធ្វើកិច្ចព្រមព្រៀងជំនួសមុខឱ្យប្រទេសតូចៗ តែការធ្វើបែបនេះបាននាំទៅរកភាពឈឺចាប់យ៉ាងរន្ធត់»។ លោកស្រីបន្ថែមថា «ឧទាហរណ៍ដូចជាកិច្ចព្រមព្រៀងសម្ងាត់រវាងស្ដាលីន និងហ៊ីត្លែរ បានធ្វើឱ្យសង្រ្គាមលោកលើកទី២ផ្ទុះឡើង។ កិច្ចព្រមព្រៀង Yalta ធ្វើឱ្យសង្រ្គាមត្រជាក់កើតឡើង ហើយឥលូវ កិច្ចព្រមព្រៀង Witkoff-Dmitriev ប្រសិនបើត្រូវបានអនុវត្តពិតមែន នោះការដើរជាន់ដានប្រវត្តិសាស្ត្រអាចនឹងកើតឡើងក៏ថាបាន»៕









