រដ្ឋមន្ដ្រីក្រសួងទេសចរណ៍៖ ការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន

24-11-2025 22:34

(សៀមរាប)៖ លោក ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ បានលើកឡើងថា ការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សេដ្ឋកិច្ចប្រជាពលរដ្ឋនៅមូលដ្ឋាន និងបានចូលរួមដល់កំណើនសេដ្ឋកិច្ចជាតិផង ព្រមទាំងជួយកាត់បន្ថយការពឹងផ្អែកជាចម្បងលើធនធានធម្មជាតិ តាមរយៈការធ្វើពិពិធកម្មផលិតផលទេសចរណ៍ និងសេវាកម្មរបស់សហគមន៍ សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

លោកថ្លែងយ៉ាងដូច្នេះ នៅក្នុងពិធីបើកវេទិកាជាតិអេកូទេសចរណ៍ ឆ្នាំ២០២៥ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ នៅសណ្ឋាគារសុខាសៀមរាប ដោយមានការចូលរួមពីលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ព្រមទាំងភាគីពាក់ព័ន្ធជាច្រើនចូលរួមផងដែរ។

លោករដ្ឋមន្រ្តី បានបន្តថា ការអភិវឌ្ឍអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ គឺជាយន្តការមួយដ៏សមស្របសម្រាប់ការអភិវឌ្ឍ និងអភិរក្សធនធានធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិ និងរបៀងជីវចម្រុះនានាប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព ដែលផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋមូលដ្ឋាន អាចចូលរួមយ៉ាងសកម្មក្នុងការសម្រេចចិត្ត។

លោករដ្ឋមន្រ្តី បន្តថា ការរៀបចំចាត់ចែង និងអភិវឌ្ឍសហគមន៍របស់ខ្លួនដោយខ្លួនឯង, ការទាញយកផលប្រយោជន៍ផ្ទាល់ពីទេសចរណ៍ប្រកបដោយសមធម៌, ការបែងចែកផលចំណេញពីសេវាកម្មទេសចរណ៍ និងអេកូទេសចរណ៍ សំដៅចូលរួមក្នុងការកាត់បន្ថយភាពក្រីក្រ, ការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋ និងការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។

លោករដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង សមិទ្ធផលការងារ និងកិច្ចសហការដ៏ល្អ រវាងលេខាធិការដ្ឋានគណៈកម្មាធិការជាតិ និងដៃគូពាក់ព័ន្ធ ពិសេសអង្គការជាតិ អន្តរជាតិ និងអង្គការដៃគូអភិវឌ្ឍទាំងអស់ ដែលបានសហការ និងចូលរួមគាំទ្រដល់ការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍នៅទូទាំងប្រទេស តាមរយៈការផ្តល់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុនានា។

លោករដ្ឋមន្រ្តី បញ្ជាក់ថា ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព វិស័យទេសចរណ៍ បានរីកលូតលាស់គួរជាទីមោទនៈ ដោយទេសចរអន្តរជាតិមកទស្សនាកម្ពុជា បានកើនឡើងពីប្រមាណតែជាង ២៩ ម៉ឺននាក់ ក្នុងឆ្នាំ១៩៩៨ ឡើងដល់ជាង ៦,៦ លាននាក់ នៅឆ្នាំ២០១៩, ហើយនៅឆ្នាំ២០២៤ យើងទទួលទេសចរអន្តរជាតិប្រមាណ ៦,៧ លាននាក់ ជាមួយទេសចរជាតិប្រមាណ ២២,៥២ លាននាក់។ គិតត្រឹម ១០ខែ ឆ្នាំ២០២៥នេះ ទេសចរអន្តរជាតិ មានចំនួនប្រមាណ ៤ លាន ៧៥ ម៉ឺននាក់, ស្របពេលដែលទេសចរជាតិ មានចំនួនប្រមាណ ២០លាន ៧៤ម៉ឺនាក់ គឺកើនឡើងប្រមាណ ៥៣% ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៤។

លោករដ្ឋមន្រ្តី បន្ថែមថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍនៅតាមសហគមន៍ ដោយធ្វើយ៉ាងណាត្រូវធានាផលប្រយោជន៍សេដ្ឋកិច្ច សង្គម និងបរិស្ថាន ជូន ប្រជាសហគមន៍ ជាអាទិភាពទីមួយ ដូចដែលសម្តេចបានផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់ នាឱកាសចុះធ្វើទស្សនកិច្ចនៅតំបន់អេកូទេសចរណ៍តេទឹកពុះ និងសហគមន៍អេកូទេសចរណ៍ខ្នងផ្សារ សហគមន៍ទេសចរណ៍កំពង់ភ្លុក និងសហគមន៍ភ្នំគូលែនជាដើម។

ជាមួយនេះដែរ លោករដ្ឋមន្រ្តី ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានរួមគ្នាជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជានាពេលកន្លងមក។ ក្នុងស្មារតីនៃការអនុវត្ត អភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ក្រសួងទេសចរណ៍បានដាក់ចេញសសរស្តម្ភយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការចំនួន ដែលត្រូវការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធផងដែរ៕