គណៈទន្តពេទ្យកម្ពុជា អំពាវនាវបញ្ឈប់ការប្រើប្រាស់បណ្តាញសង្គម ផ្សព្វផ្សាយរូបភាពមិនគប្បី អាកប្បិកិរិយាមិនសមរម្យ និងការពិនិត្យព្យាបាលលើសដែនកំណត់ ដែលប៉ះពាល់ដល់វិជ្ជាជីវៈទន្តសាស្ត្រទាំងមូល
25-11-2025 13:17
(ភ្នំពេញ)៖ លោកសាស្រ្តចារ្យជំនួយ ប៉ូច សុភារ័ត្ន ប្រធានគណៈទន្តពេទ្យកម្ពុជា បានអំពាវនាវឲ្យបញ្ឈប់ការប្រើប្រាស់បណ្តាញសង្គមដូចជា Facebook, Tiktok ផ្សព្វផ្សាយរូបភាពមិនគប្បី ឬអាកប្បិកិរិយាមិនសមរម្យ រួមទាំងការពិនិត្យព្យាបាលលើសដែនកំណត់ ដែលប៉ះពាល់ដល់កិត្តិយសវិជ្ជាជីវៈទន្តសាស្ត្រទាំងមូល។
ការអំពាវនារបស់លោកសាស្ត្រចារ្យជំនួយខាងលើ បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញចូលរួមក្នុង សន្និសីទទន្តសាស្រ្តរាជធានីភ្នំពេញ និងការតាំងពិព័រណ៍សម្ភារបរិក្ខាលើកទី២ ក្រោមប្រធានបទ «ការបណ្តុះបណ្តាល នឹងការអភិវឌ្ឍសមត្ថភាពរបស់អ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យទន្តសាស្ត្រ» ដែលរៀបចំដោយ គណៈទន្តពេទ្យរាជធានីភ្នំពេញ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាភ្នំពេញ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកទន្តបណ្ឌិត សុខុម រិទ្ធីវុធ អគ្គលេខាធិការគណះវិស្វករកម្ពុជា, លោកសាស្រ្តចារ្យជំនួយ កែវ ឌីណាម៉ូរ៉ា ប្រធានគណៈទន្តពេទ្យរាជធានីភ្នំពេញ និងសាស្រ្តចារ្យ ទន្តបណ្ឌិត លោក លោកស្រី វាគ្មិនកិត្តិយសជាតិ និងអន្តរជាតិ ព្រមទាំងសហភាតរជាច្រើនរូបផងដែរ។
លោកសាស្រ្តចារ្យជំនួយ ប៉ូច សុភារ័ត្ន បានថ្លែងថា «គណះទន្តពេទ្យមិនគាំទ្រជាដាច់ខាតដល់ការប្រើប្រាស់បណ្តាញសង្គមនានា មានដូចជា Facebook, Tiktok ផ្សព្វផ្សាយរូបភាពមិនគប្បី ឬអាកប្បិកិរិយាមិនសមរម្យ រួមទាំងការពិនិត្យព្យាបាលលើសដែនកំណត់ ដែលប៉ះពាល់ដល់កិត្តិយសវិជ្ជាជីវះទន្តសាស្ត្រទាំងមូល។ ក្នុងនោះត្រូវប្រើប្រាស់បណ្តាញសង្គមដោយការទទួលខុសត្រូវខ្ពស់ ដែលជាប្រយោជន៍ដល់វិជ្ជាជីវៈទន្តសាស្រ្ត និងសាធារណជនទាំងមូលផងដែរ»។
លោកសាស្រ្តចារ្យជំនួយ បានបង្ហាញក្តីសង្ឃឹមថា សិក្ខាកាមនិងសហភារតទាំងអស់នឹងប្រឹងប្រែងយកចិត្តទុកដាក់រៀនសូត្របន្ថែមទៀត ដើម្បីទទួលបានចំណេះជំនាញ និងបច្ចេកវិទ្យាថ្មីៗ ក្នុងការបន្តអភិវឌ្ឍនសមត្ថភាពសម្រាប់ឆ្លើយតបទៅនឹងសមាហរណកម្មក្នុងតំបន់ ក៏ដូចជាសកលលោក ព្រមទាំងលើកកម្ពស់ការផ្តល់សេវាពិនិត្យព្យាបាលនិងការថែទាំសុខភាពមាត់ធ្មេញជូនដល់ប្រជាពលរដ្ឋប្រកបដោយគុណភាព សុវត្តិភាព និងការទទួលខុសត្រូវខ្ពស់ ក្រោមការណែនាំដ៏ខ្ពង់ខ្ពស់របស់រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកសាស្រ្តចារ្យ ឈាង រ៉ា។
នៅក្នុងឱកាសនោះ លោកទន្តបណ្ឌិត សុខុម រិទ្ធីវុធ អគ្គលេខាធិការគណះវិស្វករកម្ពុជា ក៏បានផ្តាំទៅដល់លោកគ្រូ អ្នកគ្រូ ក្មួយៗ ដែលធា្លប់ជាសហភាតរការងារធ្វើយ៉ាងណារួមគ្នាត្រូវគោរពគោលការណ៍ច្បាប់ ដើម្បីកុំឲ្យធ្លាក់ក្នុងវិបត្តិនៃការចោទប្រកាន់របស់ផ្លូវច្បាប់ និងប្រឹងប្រែងរួមគ្នានាំវិស័យទន្តសាស្រ្តឲ្យមានភាពរីកចម្រើន និងល្អប្រសើរថែមទៀត។
ជាមួយគ្នានោះដែរ លោកសាស្រ្តចារ្យជំនួយ កែវ ឌីណាម៉ូរ៉ា ប្រធានគណៈទន្តពេទ្យរាជធានីភ្នំពេញ បានឲ្យដឹងដែរថា សមិទ្ធផលជាច្រើន ដែលសម្រេចបានជាបន្តបន្ទាប់មកនេះ ក៏ដោយសារមានការគាំទ្រ យ៉ាងពេញទំហឹងពីសំណាក់ សម្តេចបវរធិបតី ប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបវរធិបតីជាបុគ្គលដ៏ឆ្នើមរបស់កម្ពុជា និងការគាំទ្រ និងកិច្ចសហប្រតិបត្តិការល្អពីលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បាននឹងកំពុងយកចិត្តទុកដាក់ដល់ គណៈទន្តពេទ្យ ក៏ដូចជាការខិតខំប្រឹងប្រែង អស់ពីកំលាំងកាយចិត្ត និងដោយមិនខ្លាចនឿយហត់។
សូមបញ្ជាក់ថា ការរៀបចំសន្និសីទទន្តសាស្រ្តរាជធានីភ្នំពេញ និងការតាំងពិព័រណ៍សម្ភារបរិក្ខារ លើកទី២ ក្រោមប្រធានបទ «ការបណ្តុះបណ្តាល នឹងការអភិវឌ្ឍសមត្ថភាពរបស់អ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យទន្តសាស្ត្រ»ធ្វើឡើងក្នុងគោលបំណងធ្វើបទបង្ហាញចែករំលែកចំណេះដឹងចំណេះជំនាញបទពិសោធ និងបច្ចេកទេសថ្មីៗ ដល់ទន្តពេទ្យ។ អង្គសន្និសីទនេះ គឺជា វេទិកាមួយដែលផ្តល់នូវការ ពិភាក្សា ផ្លាស់ប្តូរ គំនិតយោបល់ថ្មីៗ លទ្ធផលនៃការអនុវត្ត និងស្រាវជ្រាវគ្លីនិក ដែលអាចឆ្លើយតប បាន ទៅនឹងបញ្ហាប្រឈមនានា ដែលបានជួបប្រទះក្នុងការផ្តល់សេវាព្យាបាល ថែទាំសុខភាពមាត់ ធ្មេញ ជូនប្រជាពលរដ្ឋ។ លើសពីនេះសន្និសីទខាងលើក៏មានការតាំងបង្ហាញនូវផលិតផល ឧបរណ៍ទំនើបៗ ព្រមទាំងបច្ចេកវិទ្យាថ្មីៗជាច្រើនផងដែរ៕
































