Fresh Exclusive: ថៃកំពុងខឹងនឹងការពិត ដែលសហរដ្ឋអាមេរិក និងម៉ាឡេស៊ី ស្វែងរកយុត្តិធម៌តាមបណ្តោយព្រំដែនកម្ពុជា-ថៃ (Video inside)
25-11-2025 16:03
(ភ្នំពេញ)៖ ប៉ុន្មានថ្ងៃនេះ សំឡេងជាតិនិយមជ្រុលរបស់ថៃក្នុងប្រទេស បានជះកំហឹងជាខ្លាំងដាក់ទៅ លើសហរដ្ឋអាមេរិក និងប្រទេសម៉ាឡេស៊ី។ Fresh Exclusive មានអត្ថបទស៊ីជម្រៅមួយចង់ដឹងថា តើការជះកំហឹងនៃអារម្មណ៍ជាតិនិយមជ្រុលរបស់ថៃ បានកើតឡើងដោយសារអ្វី?
នៅពេលដែលសង្គមថៃ កំពុងរអាក់រអួលដោយការរិះគន់នៅក្នុងស្រុក និងការខឹងសម្បារចំពោះបរទេស, ភាពលេចឡើងនូវសម្លេងប្រឆាំងសហរដ្ឋអាមេរិក និងម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន កំពុងបញ្ជាក់ថា បញ្ហាផ្ទៃក្នុងរបស់ថៃ ក្លាយទៅជាអារម្មណ៍ប្រឆាំងការពិតជាងជាការប្រឆាំងប្រទេសជិតខាង។ ប៉ុន្តែនៅខាងកម្ពុជាវិញ រាជរដ្ឋាភិបាលមិនបានធ្លាក់ចូលក្នុងល្បែងអារម្មណ៍នោះឡើយ។ កម្ពុជា កំពុងគាំទ្របុព្វហេតុមួយដ៏សាមញ្ញ ប៉ុន្តែរឹងមាំ នោះគឺកន្លែងដែលមានជម្លោះត្រូវតែមានយុត្តិធម៌ និងត្រូវមានអ្នកធានាសន្តិភាព។
អ្វីដែលសហរដ្ឋអាមេរិក និងម៉ាឡេស៊ី កំពុងធ្វើមិនមែនជាការជ្រើសភាគីនៃជាតិណាមួយឡើយ។ វាគ្រាន់តែជាការជ្រើសច្បាប់អន្តរជាតិ និងយុត្តិធម៌តាមព្រំដែន ដើម្បីធានាថា កិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួរ ត្រូវបានគេគោរព។ ខណៈពលរដ្ឋថៃខ្លះបានខឹងទាំងប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ និងលោក អានវ៉ា អ៊ីប្រាហ៊ីម នៃប្រធានអាស៊ាន ដោយសារជាតិនិយមជ្រុលដ៏ពេញទំហឹង ប៉ុន្តែ អ្វីដែលកម្ពុជាបានសម្លឹងមើលឃើញគឺមានតែមួយគត់នោះគឺការអនុវត្តច្បាប់ដោយខ្ជាប់ខ្ជួន គឺជាការការពារជីវិត។ ហើយចំពោះអារម្មណ៍អវិជ្ជមានរបស់ថៃចំពោះសហរដ្ឋអាមេរិក និងម៉ាឡេស៊ី ក៏ដោយសារតែលោក ដូណាល់ ត្រាំ និងលោក អានវ៉ា អ៊ីប្រាហ៊ីម កំពុងតែជួយការពារកិច្ចព្រមព្រៀងសន្តិភាព ដែលនាយករដ្ឋមន្ត្រីកម្ពុជានិងថៃ បានចុះហត្ថលេខាថ្ងៃទី២៦ តុលា ២០២៥ ក្នុងក្រុងគូឡាឡាំពូរ តែប៉ុណ្ណោះ។
* អ្វីដែលសហរដ្ឋអាមេរិកកំពុងធ្វើ គឺជួយស្វែងរកការពិត, មិនមែនកាន់ជើងភាគីណាមួយទេ!
នៅពេលដែលមានហេតុការណ៍ផ្ទុះគ្រាប់មីនបណ្តាលឱ្យទាហានថៃខ្លះរងរបួស និងអំពើបាញ់រះដាក់លើពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ បណ្តាលឱ្យស្លាប់ម្នាក់និងរបួស៣នាក់, ការប្រកាសរបស់រដ្ឋបាលអាមេរិកពេលនោះបានបញ្ជាក់ថា គេកំពុង «ប្រមូលព័ត៌មានបន្ថែមទៀត» អំពីរឿងគ្រាប់មីន និងការបាញ់រះ ប៉ុន្តែបែរជាត្រូវបានក្រុមជាតិនិយមថៃ បកស្រាយឆ្លើយឆ្លងថា សហរដ្ឋអាមេរិកចង់ទម្លាក់កំហុសមកលើថៃទៅវិញ ខណៈការពិតបង្ហាញថា សហរដ្ឋអាមេរិកកំពុងស្វែងរកការពិត និងទង្វើរបស់សហរដ្ឋអាមេរិកនោះមិនមែនជាការ «កាន់ជើង» ភាគីណាមួយឡើយ ប៉ុន្តែវាជាការអនុវត្តស្តង់ដារអន្តរជាតិដែលរួមមាន៖
• ផ្តល់សុវត្ថិភាពសម្រាប់ពលរដ្ឋ
• ការពារមិនឲ្យមានការបំពានរបស់ភាគីណាផ្ទុយសន្ធិសញ្ញា
• និងការត្រួតពិនិត្យតាមគោលការណ៍ due diligence មានន័យថា ការត្រួតពិនិត្យ ឬស្រាវជ្រាវយ៉ាងម៉ត់ចត់ និងធ្វើតាមកាតព្វកិច្ច មុនពេលធ្វើសេចក្តីសម្រេច ឬសកម្មភាពណាមួយ។
សម្តីបញ្ជាក់របស់សហរដ្ឋអាមេរិក មិនបានដាក់ការចោទប្រកាន់ទៅលើថៃ ឬធ្វើឱ្យថៃរងទុក្ខទោសឡើយ ប៉ុន្តែជាសម្តីបង្ហាញឱ្យភាគីទាំងសងខាងត្រូវគោរពច្បាប់ ដែលក្នុងនោះគឺភាគីកម្ពុជា បានបញ្ជាក់ការប្តេជ្ញាចិត្តរបស់ខ្លួនគាំទ្រកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួរឥតងាករេឡើយ។
* ម៉ាឡេស៊ី ជាមេដឹកនាំអាស៊ាន កំពុងបំពេញកាតព្វកិច្ចអាស៊ាន, មិនមែនលូកដៃចូលផ្ទៃក្នុងប្រទេសណាមួយឡើយ
ការខឹងរបស់ក្រុមជាតិនិយមថៃ ចំពោះម៉ាឡេស៊ី គឺមិនមែនពីព្រោះម៉ាឡេស៊ីលំអៀងទៅកម្ពុជាទេ ប៉ុន្តែពីព្រោះម៉ាឡេស៊ី មិនលម្អៀងទៅថៃ។
តាមពិតក្នុងនាមជាប្រធានអាស៊ានម៉ាឡេស៊ីមានកាតព្វកិច្ច៖
• បើកកិច្ចសន្ទនាពីចម្ងាយដើម្បីការគោរពកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួរ
• គាំទ្រការបង្កើតយន្តការអាស៊ាន AOT (ASEAN Observer Team) ស្របតាមស្មារតីកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួរ
• ការតាមដានការដកអាវុធពីភាគីទាំងសងខាង
• និងការធានាថា ព្រំដែនមិនក្លាយជាកន្លែងបង្ហាញកម្លាំងប្រឈមយោធាដាក់គ្នាទៀតឡើយ។
ទង្វើរបស់ប្រទេសម៉ាឡេស៊ី មិនមែនជាការទប់ឥទ្ធិពលថៃទេ ប៉ុន្តែគឺទប់ការបំពានច្បាប់ តាមដែលអាស៊ានកំណត់។
* ការខឹងរបស់ថៃ កំពុងបង្ហាញថាពួកគេចង់បានអ្វីមួយដែលអាចផ្ទុយច្បាប់
ការសម្រេចបង្កើតយន្តការអាស៊ាន AOT ដើម្បីអនុវត្តលើកិច្ចព្រមព្រៀងអនុស្សារណៈឆ្នាំ ២០០០-២០០១ និងសាលក្រម ICJ ១៩៦២ បានបង្ហាញថា ថៃមិនអាចមានលេសប្រើផែនទីឯកតោភាគីរបស់ខ្លួន ១/៥០,០០០ ដូចអ្វីដែលក្រុមជាតិនិយមក្នុងស្រុកតែងតែជំរុញឱ្យអនុវត្តឡើយ។ ក្រុមទាំងនេះជះកំហឹងដាក់លើសហរដ្ឋអាមេរិក ដែលជម្រុញឱ្យភាគីទាំងពីរ ទាំងកម្ពុជានិងថៃ ត្រូវគោរពកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួរ, គោរពច្បាប់អន្តរជាតិ ដែលធានាឲ្យព្រំដែននៃប្រទេសទាំងពីរឈានដល់ការរកយុត្តិធម៌ដ៏ត្រឹមត្រូវគ្មានភាគីណារំលោភបំពានបានឡើយ។
ដូច្នេះការខឹងរបស់ក្រុមជាតិនិយមថៃ ចំពោះសហរដ្ឋអាមេរិក និងម៉ាឡេស៊ី គឺជាការខឹងនឹងការបង្កើតយន្តការ AOT, ខឹងនឹងការទទួលស្គាល់សាលដីកា ICJ, ខឹងនឹងកិច្ចព្រមព្រៀងគូឡាឡាំពួរ និងខឹងការទប់ស្កាត់អំពើគំរាមកំហែងអាវុធ ពីព្រោះអ្វីដែលពួកគេចង់បានគឺ «អំណាចលើសច្បាប់» មិនមែន «សុចរិតភាពតាមច្បាប់» ឡើយ។
*កម្ពុជា គាំទ្រច្បាប់និងការពិតដែលសហរដ្ឋអាមេរិកនិងម៉ាឡេស៊ីស្វែងរក
ខណៈថៃ ប្រើអារម្មណ៍ជាតិនិយមជ្រុលប្រឆាំងការពិត ប៉ុន្តែនៅខាងកម្ពុជាវិញ រាជរដ្ឋាភិបាលមិនបានធ្លាក់ចូលក្នុងល្បែងអារម្មណ៍ទាំងនោះឡើយ។
រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញសំលេងដ៏ស្ងប់ស្ងាត់របស់ខ្លួន ដែលជាសម្លេងរឹងមាំដ៏ជាក់លាក់គឺ៖
• សន្តិភាពត្រូវមានអ្នកធានា
• ការពិតត្រូវបានស្វែងរក
• ហើយការពារច្បាប់អន្តរជាតិ ដើម្បីកុំឲ្យភាគីណាឆ្លងកាត់ខ្សែក្រហមបានឡើយ
សហរដ្ឋអាមេរិកនិងម៉ាឡេស៊ី គឺជាសាក្សីដ៏រឹងមាំនិងមានឥទ្ធិពលពិតប្រាកដដែលធ្វើអោយសន្តិភាពកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពូរ នឹងទទួលបានការអនុវត្តសម្រេចដោយជោគជ័យ។ ប្រសិនបើគ្មានសាក្សីអន្តរជាតិដ៏មានឥទ្ធិពលនេះទេ ម្ល៉េះតំបន់ព្រំដែនកម្ពុជា-ថៃ នឹងក្លាយជាកន្លែងវាយប្រហារ ដែលបង្កការស្លាប់និងរបួសមនុស្សមិនតិចឡើយ។
ក្នុងការសន្និដ្ឋានជារួម៖
ការខឹងរបស់ក្រុមជាតិនិយមថៃ ចំពោះសហរដ្ឋអាមេរិកនិងម៉ាឡេស៊ី មិនមែនជារឿងថ្មីទេ ប៉ុន្តែវាជាការបង្ហាញនូវសារសំខាន់មួយ ដែលយើងត្រូវមើលឃើញដោយច្បាស់លាស់ថា ថៃកំពុងខឹងនឹងការពិត ដែលសហរដ្ឋអាមេរិកនិងម៉ាឡេស៊ី បាននិងកំពុងលាតត្រដាងដើម្បីស្វែងរកយុត្តិធម៌រវាងជម្លោះព្រំដែនកម្ពុជា-ថៃ។ សហរដ្ឋអាមេរិក និងម៉ាឡេស៊ីមិនបានលម្អៀងទៅកម្ពុជាទេ ប៉ុន្តែលម្អៀងទៅរកការពិត និង ច្បាប់អន្តរជាតិ។
រាជរដ្ឋាភិបាលកម្ពុជា គាំទ្រសំឡេងរកការពិតនិងយុត្តិធម៌ទាំងនេះ ពីព្រោះច្បាប់អន្តរជាតិគឺជាអាវុធដ៏សំខាន់បំផុតសម្រាប់ប្រទេសដ៏តូច ដូចកម្ពុជានេះជាដើម។ ការស្វែងរកការពិត យុត្តិធម៌ និងការគោរពច្បាប់អន្តរជាតិ គឺអាវុធដែលការពារជីវិតប្រជាពលរដ្ឋខ្មែរ និងធានាថា តំបន់ព្រំដែនអាចរស់នៅក្នុងសុខសន្តិភាពសាឡើងវិញ។ ដូច្នេះ ក្នុងពេលដែលអ្នកខ្លះនៅក្នុងប្រទេសថៃកំពុងជះកំហឹងដាក់លើភាគីសាក្សីបរទេស ដែលស្វែងរកការពិត យុត្តិធម៌ និងការគោរពច្បាប់អន្តរជាតិ, កម្ពុជា កំពុងជ្រើសយកផ្លូវស្ងប់ស្ងាត់ដែលរឹងមាំនោះគឺ ផ្លូវនៃសុចរិតភាព, ការពិត, និងសន្តិភាពតាមបណ្តោយព្រំដែន៕


















