អគ្គស្នងការដ្ឋាននគរបាលជាតិ ទទួលបានរថយន្ត និងឯកសណ្ឋានពន្លត់អគ្គិភ័យ និងឯកសណ្ឋានការពារសារធាតុគីមី ពីប្រទេសកូរ៉េខាងត្បូង
25-11-2025 19:24
(ភ្នំពេញ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិ ទទួលបានរថយន្តពន្លត់អគ្គិភ័យ ចំនួន៥គ្រឿង រថយន្តសង្រ្គោះបន្ទាន់ចំនួន២គ្រឿង ឯកសណ្ឋានពន្លត់អគ្គិភ័យ១០០ឈុត រួមទាំងឯកសណ្ឋានការពារសារធាតុគីមី ចំនួន២ម៉ឺនឈុត ពីរដ្ឋាភិបាល នៃសាធារណៈរដ្ឋកូរ៉េ តាមរយៈអង្គការ GO&DO (NGO) ដើម្បីចូលរួមចំណែកជាមួយ កងកម្លាំងប្រតិបត្តិការលើការងារពន្លត់អគ្គិភ័យ កាន់តែងាយស្រួលក្នុងការអនុវត្តការងារ ជួយសង្គ្រោះប្រជាពលរដ្ឋពេលជួបបញ្ហាអគ្គិភ័យបានទាន់ពេលវេលា ជាពិសេសការរួមចំណែកក្នុងការការពារ អាយុជីវិត ទ្រព្យសម្បត្តិ បរិស្ថាន សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម។
ពិធីទទួលរថយន្ត និងឯកសណ្ឋានពន្លត់អគ្គិភ័យ និងឯកសណ្ឋានការពារសារធាតុគីមីនេះធ្វើឡើង ក្រោមអធិបតីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ។
ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ស ថេត បានលើកឡើងថា ជំនួយឥតសំណងរបស់ប្រជាជន និងរដ្ឋាភិបាលកូរ៉េនេះ គឺពិតជាមានតម្លៃសម្រាប់ប្រជាជនកម្ពុជា និងបានបង្ហាញអំពីការយកចិត្តទុកដាក់ ដោយសប្បុរសធម៌ពីប្រជាជន និងរដ្ឋាភិបាលកូរ៉េផងដែរ។ មួយវិញទៀត ជំនួយនេះក៏ជាការរួមចំណែកលើកទឹកចិត្តដល់កងកម្លាំងនគរបាលជាតិ ក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិ និងប្រជាជនកម្ពុជា។
នាយឧត្តមសេនីយ៍ ស ថេត តាំងនាមឲ្យនគរបាលជាតិកម្ពុជាទាំងមូល សូមថ្លែងអំណរគុណចំពោះប្រជាជន និងរដ្ឋាភិបាលកូរ៉េ ដែលបានបន្តផ្តល់ជំនួយឥតសំណងនេះដល់កម្ពុជា។ លោកបានបញ្ជាក់ថា សម្ភារៈទាំងនេះនឹងបម្រើដល់ប្រជាជនកម្ពុជាទាំងបច្ចុប្បន្ន និងទៅអនាគតឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។
នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ សង្ឃឹម និងជឿជាក់ថា ទៅថ្ងៃខាងមុខរដ្ឋាភិបាលនៃប្រទេសកូរ៉េ និងបន្តផ្ដល់ការគាំទ្រ ជួយជាជំនួយឯកសណ្ឋានការពារសារធាតុគីមីនេះបន្ថែមទៀត ខណៈកងកម្លាំងកម្ពុជា នៅមានបញ្ហាប្រឈមជាមួយឯកសណ្ឋានការពារសារធាតុគីមីនេះ ក្នុងការអន្តរាគមន៍បាញ់ពន្លត់អគ្គិភ័យ ក្នុងករណីធំៗមួយចំនួន ដូចជា រោងចក្រ អគារខុនដូរ និងទីតាំងសហគ្រាសធំៗ មួយចំនួនដែលភាគច្រើនទីតាំងទាំងអស់នោះមានភាពស្មុកស្មាញ និងសារធាតុគីមីផងដែរ។
យោងតាមការបញ្ជាក់របស់លោកឧត្ដមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា គ្រោះថ្នាក់អគ្គិភ័យរយៈពេល៩ខែ ឆ្នាំ២០២៥ ចំនួន៦៥៤/៨៧៣លើក ធៀបនឹង៩ខែឆ្នាំ២០២៤ ថយចុះ២១៩លើក៖ ការខូចខាតឆេះផ្ទះចំនួន៤៨១/៥៣៥ខ្នង, តូបចំនួន៩៨/៥០៨, ស្លាប់១៤/១១ នាក់, របួស៤៣/ ២៤នាក់, មូលហេតុ ចរន្តអគ្គិសនី ៤២,២៦%, ប្រើភ្លើង ៣៩,១៨% និង កត្តាផ្សេងៗ ១៨,៥៦%៕



























