វិភាគអន្តរជាតិ៖ តើជប៉ុននឹងធ្វើសង្រ្គាម ដើម្បីការពារតៃវ៉ាន់?
25-11-2025 20:34
(វ៉ាស៊ីនតោន)៖ ជម្លោះការទូតរវាងទីក្រុងប៉េកាំង និងទីក្រុងតូក្យូ ជុំវិញការអត្ថាធិប្បាយរបស់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi លើបញ្ហាតៃវ៉ាន់ បាន និងកំពុងបង្កឱ្យមានការចោទសួរថាតើកងកម្លាំងស្វ័យការពារជប៉ុន នឹងដើរតួនាទីយ៉ាងណា នៅក្នុងករណីសង្រ្គាមណាមួយនៅតៃវ៉ាន់ផ្ទុះឡើង? លោកស្រី Sanae Takaichi កាលពីថ្ងៃទី៧ ខែវិច្ឆិកា ត្រូវបានសមាជិកតំណាងរាស្ត្រមកពីគណបក្សប្រឆាំងចោទសួរអំពី «survival-threatening situations» ជាខ្លឹមសារច្បាប់មួយដែលចង់សំដៅថានៅពេលមានការវាយប្រហារប្រដាប់អាវុធលើសម្ព័ន្ធមិត្តរបស់ខ្លួន នោះនឹងត្រូវបានចាត់ទុកជាការគំរាមកំហែងពីខាងក្រៅចំពោះជប៉ុនដែលតម្រូវឱ្យកងកម្លាំងស្វ័យការពារជប៉ុន ចាត់វិធានការឆ្លើយតប។
សេណារីយ៉ូ survival-threatening situations ត្រូវបានធ្វើបទបង្ហាញកាលពីឆ្នាំ២០១៥ នៅពេលអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe អនុម័តកញ្ចប់ច្បាប់សន្តិសុខមួយចំនួន។ នៅមុនការអនុម័តច្បាប់សន្តិសុខ កងកម្លាំងស្វ័យការពារជប៉ុន SDF អាចត្រូវបានដាក់ពង្រាយ តែក្នុងករណីជប៉ុនខ្លួនឯងស្ថិតនៅក្រោមការវាយប្រហារដោយប្រដាប់អាវុធប៉ុណ្ណោះដូចដែលមានចែងក្នុងមាត្រា៩ នៃរដ្ឋធម្មនុញ្ញសន្តិនិយម។ ក៏ប៉ុន្តែច្បាប់ថ្មីលើកឡើងពី ទិដ្ឋភាពដ៏ចម្រូងចម្រាស់នៃស្វ័យការពារជាសមូហភាព ដែលអនុញ្ញាតឱ្យតូក្យូបើកភ្លើងបៃតងឱ្យ SDF ប្រើប្រាស់កម្លាំងបាយ នៅក្នុងករណីបរទេសណាមួយមានទំនាក់ទំនងជិតស្និទ្ធជាមួយជប៉ុនស្ថិតនៅក្រោមការវាយប្រហារដែលជា លទ្ធផលធ្វើឱ្យអាយុជីវិត និងសេរីភាពក្នុងប្រទេសជប៉ុនប្រឈមនឹងគ្រោះថ្នាក់ដែរ។ ទោះជាមិនបានបញ្ជាក់ថាតើបរទេសនោះជានរណា? តែគេដឹងយ៉ាងច្បាស់ថាជប៉ុនចង់សំដៅលើសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុត របស់ជប៉ុន។
ជាការឆ្លើយទៅនឹងសំណួររបស់តំណាងរាស្ត្របក្សប្រឆាំង លោកស្រី Takaichi បានលើកយកករណីតៃវ៉ាន់មកធ្វើជាឧទាហរណ៍ ដោយនិយាយថាការប៉ុនប៉ងណាមួយរបស់ប៉េកាំងដើម្បីគ្រប់គ្រងតៃវ៉ាន់ទាំងស្រុងជាមួយការប្រើប្រាស់ នាវាចម្បាំង និងកងកម្លាំងយោធាអាចនឹងត្រូវបានចាត់ទុកថាជាសេណារីយ៉ូ survival-threatening situations។ លោកស្រីបានបន្ថែមទៀតថាចំណែកការវាយប្រហារលើនាវាចម្បាំងអាមេរិកដែលត្រូវបានបញ្ជូនទៅបំបែក ការបិទខ្ទប់របស់ចិនលើតៃវ៉ាន់អាចនឹងតម្រូវឱ្យតូក្យូធ្វើអន្តរាគមន៍យោធាដើម្បីការពារខ្លួនឯង និងសម្ព័ន្ធមិត្តរបស់ខ្លួន។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានប្រាប់ក្រុមអ្នកសារព័ត៌មានថាការកត់សម្គាល់របស់ លោកស្រី Takaichi គឺជាការសន្មត់ពីលទ្ធភាពនៃការធ្វើអន្តរាគមន៍ដោយប្រដាប់អាវុធនៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ ហើយលោកថែមទាំងបានចោទសួរទៀតផងថាតើជប៉ុនមានសមត្ថភាពអាចប្រជែងនឹងផលប្រយោជន៍ស្នូល និងការបង្រួបបង្រួមជាតិរបស់ចិន បានឬ? ខណៈជម្លោះការទូតនៅតែបន្ត ខាងក្រោមកនេះចំណុចសំខាន់ៗ គួរដឹងពីតួនាទីរបស់ SDF ថាតើក្រុមអ្នកវិភាគយល់ឃើញយ៉ាងណាចំពោះគោលជំហររបស់លោកស្រី Takaichi និងថាតើ ជប៉ុនយល់យ៉ាងណាដែរ អំពីការការពារសន្តិសុខតំបន់?
* តើជប៉ុននឹងធ្វើសង្រ្គាម ដើម្បីការពារតៃវ៉ាន់?
លោក Jeffrey Hornung ជាអ្នកជំនាញម្នាក់មកពីស្ថាប័ន RAND មានមូលដ្ឋាននៅសហរដ្ឋអាមេរិកយល់ថាជប៉ុននឹងមិនប្រយុទ្ធក្នុងសង្រ្គាមដើម្បីការពារតៃវ៉ាន់នោះទេ។ លោកយល់ថា «សេណារីយ៉ូ survival-threatening situations» ក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ត្រូវបានបកស្រាយជាទូទៅថាជាសេណារីយ៉ូមួយដែលជប៉ុននឹងចូលរួមក្នុងស្វ័យការពារជាសមូហភាពជាមួយសហរដ្ឋអាមេរិក។ «ដូច្នេះជប៉ុននឹងមិនទទួលខុសត្រូវដើម្បីការពារតៃវ៉ាន់ឡើយ»។ នេះបើតាមលោក Hornung។ លោក Hornung មើលមិនឃើញសេណារីយូដែលក្នុងនោះសមាជិកនៃកងកម្លាំងជើងគោកស្វ័យការពារជប៉ុនត្រូវប្រកៀកស្មាជាមួយកងទ័ពអាមេរិកក្នុងសង្រ្គាមប្រឆាំងចិននៅលើទឹកដីតៃវ៉ាន់នោះទេ។ លោក បានបន្ថែមថា «ប្រសិនបើអ្នកស្ថិតនៅលើដីគោកដោយផ្ទាល់ នោះមានន័យថាអ្នកកំពុងការពារតៃវ៉ាន់។ ប៉ុន្តែបើអ្នកស្ថិតនៅលើផ្ទៃទឹកសមុទ្រ ឬបើអ្នកស្ថិតនៅលើអាកាស វាមានន័យថាអ្នកកំពុងគាំទ្រដល់កងកម្លាំងអាមេរិកដែលកំពុងធ្វើ បេសកកម្មរបស់ពួកគេ»។
* តើ SDF អាចដើរតួនាទីអ្វីខ្លះ?
តាមលោក Hornung តួនាទីជាក់ស្ដែងរបស់ SDF នៅក្នុងជម្លោះណាមួយនៅតៃវ៉ាន់ នោះគឺផ្ដល់ការការពារកងទ័ពអាមេរិក។ ក្នុងនោះមានដូចជាអមដំណើរនាវាចម្បាំងអាមេរិកក្នុងតំបន់ និងផ្ដល់ការការពារពីលើអាកាសសម្រាប់ នាវាចម្បាំង យន្ដហោះចម្បាំង និងយន្ដហោះស៊ើបការណ៍របស់សហរដ្ឋអាមេរិក។ SDF ក៏អាចផ្ដល់ការគាំទ្រផងដែរដល់សង្រ្គាមប្រឆាំងនាវាមុជទឹក និងជួយតាមដាននាវាចម្បាំងចិន។ លោក Hornung បាននិយាយថា «កងកម្លាំងស្វ័យការពារជប៉ុនមិនមែនជាអ្នកនាំមុខប្រយុទ្ធនោះទេ តែគឺជួយគាំទ្រ។ ពួកគេអាចជួយសហរដ្ឋអាមេរិកក្នុងស្ថានការណ៍អាសន្ន ហើយភារកិច្ចការពារតៃវ៉ាន់គឺនៅលើកងទ័ពអាមេរិក»។
* តើជំនួយពីជប៉ុនពិតជាអាចជួយសហរដ្ឋអាមេរិក ឬ?
លោក Hornung បាននិយាយថាជំនួយពីជប៉ុនអាចជួយសហរដ្ឋអាមេរិកបានច្រើនណាស់។ ពីព្រោះបើសង្រ្គាមនៅតៃវ៉ាន់ផ្ទុះឡើង ហើយសហរដ្ឋអាមេរិកសម្រេចចិត្តធ្វើអន្តរាគមន៍យោធា នោះកងទ័ពអាមេរិកនឹងត្រូវប្រយុទ្ធក្នុង សង្រ្គាមមួយដែលស្ថិតនៅឆ្ងាយពីសហរដ្ឋអាមេរិក។ តាមអ្នកជំនាញរូបនេះ ជំនួយ និងការគាំទ្រពីជប៉ុនអាចជួយឱ្យសហរដ្ឋអាមេរិកផ្ដោតអារម្មណ៍យ៉ាងពេញលេញលើជម្លោះ។ ជប៉ុនមានធនធានគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់។ ម្យ៉ាង បើទោះជាបានដាក់កំហិតលើកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ក្រោយការបិទបញ្ចប់សង្រ្គាមលោកលើកទី២ក៏ពិតមែន តែជប៉ុនមិនមែនជាប្រទេសនៅចុងប៉ូចគេនោះទេ នៅពេលនិយាយដល់កញ្ចប់ថវិកាយោធា។ សន្ទស្សន៍អំណាចអាស៊ី ចេញផ្សាយដោយវិទ្យាស្ថាន Lowy Institute បានបង្ហាញថាជប៉ុនជាប់ចំណាត់ថ្នាក់ទី៥ នៅក្នុងតំបន់អាស៊ី លើការចំណាយលើវិស័យការពារជាតិកាលពីឆ្នាំ២០២៤ ជាមួយកញ្ចប់ថវិកាយោធា ៥៤ពាន់លានដុល្លារ បើទោះជានៅតិច ជាងការចំណាយរបស់សហរដ្ឋអាមេរិក និងចិនក៏ដោយ។
* តើលោកស្រី Takaichi ដើរឆ្លងបន្ទាត់ក្រហម ឬ?
ក្រៅតែពីចិន ក្រុមអ្នករិះគន់នៅក្នុងប្រទេសជប៉ុនបានចាត់ទុកការអត្ថាធិប្បាយរបស់លោកស្រី Takaichi ជាទង្វើមិនគិតគូរពីគ្រោះថ្នាក់។ គណបក្សប្រឆាំងនៅតៃវ៉ាន់ដែលមានទំនោរទន់ភ្លន់ជាមួយចិន ក៏បានរិះគន់លោកស្រីផងដែរ។ តាមពិតទៅ អ្នកនយោបាយជប៉ុនដទៃទៀត ក៏ធ្លាប់ធ្វើសេចក្ដីថ្លែងការណ៍ស្រដៀងគ្នាទៅនឹងការអត្ថាធិប្បាយរបស់លោកស្រី Takaichi កាលពីអតីតកាលដែរ។ តួយ៉ាង អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Abe កាលពីឆ្នាំ២០២១ បាននិយាយថាស្ថានការណ៍អាសន្ននៅតៃវ៉ាន់ គឺជាស្ថានការណ៍អាសន្នរបស់ជប៉ុន។ មិនតែប៉ុណ្ណោះ អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Taro Aso បាននិយាយខ្លាំងជាងនេះទៅទៀតថាជប៉ុនអាចនឹងត្រូវការពារតៃវ៉ាន់។ ក៏ប៉ុន្តែ ការលើកឡើងរបស់លោក Abe និងលោក Aso ធ្វើឡើងនៅពេលនោះ គឺអ្នកទាំង២មិនមែនជានាយករដ្ឋមន្ត្រីកំពុងកាន់អំណាចដូចជាលោកស្រី Takaichi នោះទេ ហើយម្យ៉ាងអ្នកទាំង២ក៏មិនបានលើកឡើងនៅក្នុងរដ្ឋសភា ឬក្នុងនាមជាមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលជប៉ុននោះដែរ។ «លោកស្រី Takaichi មិនបានលេបសម្ដីវិញទេ ហើយថែមទាំងដំឡើងសំឡេងទៀតផង»។ នេះជាការលើកឡើងរបស់លោក Philip Shetler-Jones ក្នុងរបាយការណ៍ មួយចេញផ្សាយថ្មីៗនេះសម្រាប់វិទ្យាស្ថាន RUSI របស់ចក្រភពអង់គ្លេស។ លោក Shetler-Jones យល់ថាអ្វីដែលចិនចង់បាន នោះគឺចង់តៃវ៉ាន់មានអារម្មណ៍ឯកោថាអាមេរិក និងសម្ព័ន្ធមិត្តនឹងមិនធ្វើអន្តរាគមន៍ការពារពួកគេឡើយ។
ជម្លោះរវាងជប៉ុន និងចិនកើតមានឡើងនៅចំពេលដែលមានការចោទសួរជាច្រើនអំពីគោលជំហររបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទាក់ទិននឹងការការពារតៃវ៉ាន់ បើទោះជារដ្ឋបាលលោក ត្រាំ ទើបតែប្រកាសអនុម័ត ការលក់បរិក្ខារយន្ដហោះចម្បាំង និងប្រព័ន្ធការពារដែនអាកាសទៅឱ្យតៃវ៉ាន់ក៏ដោយ។ នៅក្នុងបទវិចារណកថាមួយចេញផ្សាយដោយ Japan Institute for National Fundamentals លោក Kiyofumi Iwata ជាអតីតនាយសេនាធិការកងកម្លាំងស្វ័យការពារជើងគោកជប៉ុន បាននិយាយថាការកំញើញទប់ស្កាត់អាចដំណើរការទៅកើត លុះត្រាតែប្រទេសមួយបញ្ជូនសារយ៉ាងច្បាស់ទៅកាន់ភាគីម្ខាងទៀតថាខ្លួនមានឆន្ទៈ និងសមត្ថភាពដើម្បី ប្រយុទ្ធ។ លោកបានអះអាងថាលោកស្រី Takaichi បានធ្វើរឿងមួយនេះជាមួយការបញ្ជាក់យ៉ាងច្បាស់ពីឆន្ទៈរបស់ជប៉ុនដើម្បីក្រោកឈរការពារខ្លួនឯងរួមគ្នាជាមួយសហរដ្ឋអាមេរិក។ បើតាមលោក Iwata ការចាត់វិធានការឆ្លើយតប យ៉ាងម៉ឺងម៉ាត់របស់ចិនបានបង្ហាញថាការកំញើញកំពុងដំណើរការ។
* អ្វីទៅជាយុទ្ធសាស្ត្ររបស់ចិន?
ទីក្រុងប៉េកាំងត្រូវបានគេមើលឃើញថាកំពុងប្ដេជ្ញាចិត្តបញ្ជូនទៅកាន់ទីក្រុងតូក្យូ និងបណ្ដារដ្ឋាភិបាលដទៃទៀត នូវសារគំរាមយ៉ាងម៉ឺងម៉ាត់កុំឱ្យជ្រៀតជ្រែកចូលក្នុងបញ្ហាតៃវ៉ាន់។ ការជជែកវែកញែកអំពីការអត្ថាធិប្បាយរបស់លោកស្រី Takaichi នៅក្នុងប្រទេសចិន កំពុងឡើងកម្ដៅកាន់តែខ្លាំង។ ក្នុងនោះអ្នកអត្ថាធិប្បាយជាតិនិយមចិនមួយចំនួននៅលើអនឡាញបានបន្តសាបព្រោះគំនិតជាតិនិយម ជាមួយការអំពាវនាវដោយបើកចំហឱ្យដាក់់ពង្រាយនាវាចម្បាំង និងបញ្ឈប់ការនាំចេញរ៉ែកម្រទាំងស្រុង។ នេះបើតាមលោកស្រី Lizzi Lee ជាអ្នកវិភាគម្នាក់មកពីមជ្ឈមណ្ឌលសម្រាប់ការវិភាគពីចិន នៃវិទ្យាស្ថាន Asia Society Policy Institute។ លោកស្រីបន្តថាតែទោះជាយ៉ាងណា ជាការអនុវត្តជាក់ស្ដែង ទីក្រុងប៉េកាំងបច្ចុប្បន្នមានបំណងធ្វើការឆ្លើយតបដោយប្រើអំណាចសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ខ្លួនដូចជាការរឹតត្បិតលើការនាំចូលទំនិញមួយចំនួនពីជប៉ុន និងហាមពលរដ្ឋចិនធ្វើដំណើរកម្សាន្តទៅជប៉ុន ជាដើម។ លោកស្រី Lizzi Lee យល់ថាចិននឹងបន្តបង្កើនការដាក់សម្ពាធជាបន្តបន្ទាប់ ដើម្បីបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់ខ្លួន។
តែតាមក្រុមអ្នកជំនាញ ចំណាត់ការរបស់ចិនក៏អាចនឹងជះផលអាក្រក់ត្រឡប់ទៅវិញដែរ។ លោកស្រី Takaichi មកទល់នឹងពេលនេះបានបដិសេធធ្វើតាមការទាមទាររបស់ចិនដែលចង់ឱ្យលោកស្រីលេបសម្ដីវិញ ខណៈការប្រកាន់ជំហរ ដាច់ណាត់របស់ចិនកំពុងធ្វើឱ្យប្រជាជនជប៉ុនកាន់តែមានទំនោរចង់ឱ្យរដ្ឋាភិបាលរបស់ពួកគេពង្រឹងវិស័យការពារជាតិ។ ការស្ទង់មតិមួយចេញផ្សាយដោយសារព័ត៌មាន Kyodo ធ្វើឡើងចន្លោះពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា បានបង្ហាញថា ៤៨.៨ភាគរយនៃអ្នកដែលត្រូវបានសម្ភាសន៍បានយល់ស្របជាមួយលោកស្រី Takaichi ថាស្ថានការណ៍អាសន្ននៅតៃវ៉ាន់នឹងធ្វើឱ្យជប៉ុនធ្លាក់ចូលក្នុងសេណារីយ៉ូ survival-threatening situation ខណៈ ៤៤.២ភាគរយជំទាស់នឹងលោកស្រី។ តាមការស្ទង់មតិដដែល ពាក់ព័ន្ធនឹងវិស័យការពារជាតិវិញ ៦០.៤ភាគរយបាននិយាយថាពួកគេគាំទ្រការសន្យារបស់ជប៉ុនក្នុងការបង្កើនកញ្ចប់ថវិកាការពារជាតិ រីឯ៣៤.៧ភាគរយបានជំទាស់។
អតីតមន្ត្រីការទូតជប៉ុនម្នាក់បានប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងទីក្រុងតូក្យូថា «ប្រសិនបើជម្លោះការទូតកើនឡើងកាន់តែខ្លាំង ជប៉ុនក៏នឹងបន្តពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួនកាន់តែខ្លាំងដែរ ដែលនេះមិនមែនជារឿងល្អសម្រាប់ ចិននោះទេ»៕











