កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបក្រុមក្មេងទំនើង៦នាក់ ពាក់ព័ន្ធករណីហិង្សា និងប្រើប្រាស់គ្រឿងញៀន
26-11-2025 11:47
(ភ្នំពេញ)៖ ក្រុមក្មេងទំនើងមួយក្រុម ប្រដាប់ដោយកាំបិត ដុំថ្ម ដេញកាប់ និងគប់លើប្រជាពលរដ្ឋ បណ្តាលឲ្យរងការខូចខាត ម៉ូតូ កង់បី និងបែកកញ្ចក់ទ្វារផ្ទះមួយកន្លែង កាលពីវេលាម៉ោងប្រមាណ ២៤៖០៥នាទីយប់ ឈានចូលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុច ផ្លូវបេតុង ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បន្ទាប់ពីបានទទួលព័ត៌មានពីបណ្តាញសង្គម កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ សហការជាមួយ កម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះទៅធ្វើការស្រាវជ្រាវ រហូតចាប់បានជនសង្ស័យ ចំនួន២នាក់ ឈ្មោះ ប៊ុន សីហា អាយុ២០ឆ្នាំ និងឈ្មោះ យ៉ែម ម៉ាក់ (ត ស៊ុន) អាយុ២៩ឆ្នាំ។
រហូតដល់វេលាម៉ោងប្រមាណ៧៖៣០នាទី ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បន្តសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ ចំនួន៤នាក់ បន្ថែមទៀត ឈ្មោះ ឌី សៀវពិញ ហៅ ច្រើន អាយុ១៥ឆ្នាំ, ឈ្មោះ យា នីសិទ្ធ អាយុ១៨ឆ្នាំ, ឈ្មោះ ខុន វាសនា អាយុ១៨ឆ្នាំ និងឈ្មោះ ខា តាំងអ័រ អាយុ១៧ឆ្នាំ បញ្ជូនទៅការិយាល័យជំនាញ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។
ចំពោះជនសង្ស័យឈ្មោះ យា នីសិទ្ធ រកឃើញមានវត្ថុតាង សារធាតុញៀន ម្សៅក្រាមពណ៌ស ជាប់ខ្លួន ត្រូវបានបញ្ជូនទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀន នៃមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។ វត្ថុតាងចាប់យក៖ ម៉ូតូ១គ្រឿងម៉ាក, កាំបិតប៉័ងតោ២ដើម និងកន្ត្រៃ២ដើម, សោម៉ាឡែត១, ដែកគាស់១, រណាអាដែក១ និងសម្ភារៈមួយចំនួនទៀត។
ក្រោមវិធានការជំនាញ ក្មេងទំនើងទាំង៥នាក់ បានសារភាពឲ្យដឹងដូចៗគ្នាថា ពួកខ្លួនពិតជាបានពាក់ព័ន្ធក្នុងអំពើហិង្សាដោយចេតនា ធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ដូចការរៀបរាប់ខាងលើ ប្រាកដមែន ហើយពួកខ្លួនក៏ជាមុខសញ្ញាប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងមានអ្នកខ្លះធ្លាប់ជាប់ក្នុងមណ្ឌលបន្សាបសារធាតុញៀនផងដែរ។
ជនសង្ស័យទាំង៥នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកឯបក្ខពួកដែលកំពុងរត់គេចខ្លួន សមត្ថកិច្ចជំនាញ អាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត៕
WATCH VIDEO: https://t.me/freshnewsasia/263062




