ខេត្តរតនគិរី មានគ្រោះថ្នាក់ចរាចរណ៍២លើក នៅស្រុកលំផាត់ និងក្រុងបានលុង បណ្តាលឲ្យស្លាប់២នាក់, របួសធ្ងន់២នាក់ និងខូចខាតសម្ភារមួយចំនួន
27-11-2025 15:30
(រតនគិរី)៖ ខេត្តរតនគិរី មានគ្រោះថ្នាក់ចរាចរណ៍ចំនួន២លើក នៅស្រុកលំផាត់ និងក្រុងបានលុង បណ្តាលឲ្យស្លាប់ចំនួន២នាក់, របស់ធ្ងន់ម្នាក់ និងខូចខាតទ្រព្យសម្បត្តិមួយចំនួន។ នេះបើតាមលោកវរសេនីយ៍ទោ ម៉ៅ ភារម្យ នាយរងការិយាល័យចរាចរណ៍ នៃស្នងការនគរបាលខេត្តរតនគិរី ថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥។
លោកវរសេនីយ៍ទោ ម៉ៅ ភារម្យ បន្តថា នៅវេលាម៉ោង១៧៖៥០នាទី ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើង១លើក រវាងម៉ូតូបុកគោយន្តកន្ត្រៃពីក្រោយ ក្នុងទិសដៅស្របទិសគ្នា (ត្បូង-ជើង) ស្ថិតនៅចំណុចស្ពានលេខ៣៥ លើកំណាត់ផ្លូវជាតិលេខ៧៦ ចន្លោះបង្គោលគីឡូម៉ែត្រ២៧៣-២៧៤ ស្ថិតនៅក្នុងភូមិលំផាត់ ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី បណ្តាលឲ្យស្លាប់ម្នាក់ គឺអ្នកបើកម៉ូតូម៉ាកហុងដាC125 ពណ៌ខ្មៅផ្លាកលេខកណ្តាល1AL 6332 ធ្វើដំណើរពីត្បូងទៅជើង បើកបរដោយឈ្មោះ គឹក នឹម ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិទំពូន មុខរបរកសិករទីលំនៅបច្ចុប្បន្នភូមិសាយ៉ស់ ឃុំកាឡែង ស្រុកលំផាត់ពាក់មួកសុវត្ថិភាព (ស្លាប់នៅកន្លែង)។
ចំណែកឯ អ្នកបើកគោយន្តកន្ត្រៃមានឈ្មោះ ឡែត ស៊ីមុយ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិឡាវ សញ្ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិអូរកាន ឃុំជ័យឧត្តម ស្រុកលំផាត់ (គ្មានរបួស) ដោយមានការសម្របសម្រួលពីលោក ឡេង លីណា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី។
លោកវរសេនីយ៍ទោ ម៉ៅ ភារម្យ បន្ថែមឲ្យដឹងទៀតថា នៅវេលាម៉ោង២៣៖១៧យប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង១លើក រវាងរថយន្ត និងម៉ូតូត្រង់ចំណុចផ្លូវបែកជា៤ បណ្តាលឲ្យរបួសធ្ងន់ចំនួន៣នាក់ ក្នុងនោះម្នាក់បានស្លាប់នៅមន្ទីរពេទ្យប្រទេសវៀតណាម។
រថយន្តម៉ាក (Ford Ranger) ពណ៌ស ពាក់ផ្លាកលេខកំពង់ចាម 2B-2681បើកបរដោយឈ្មោះ ហេង ឆេងហ័រ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន ទីលំនៅបច្ចុប្បន្នភូមិបេង ឃុំដាស្រុកមេមត់ ខេត្តត្បូងឃ្មុំ (គ្មានរបួស)។ រីឯម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខរតនគិរី 1AF-7353 បើកបរដោយឈ្មោះ ហិត លី ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិរ៉យ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី មិនពាក់មួកសុវត្ថិភាព (របួសធ្ងន់ក្បាល) កំពុងសម្រាកព្យាបាលនៅមន្ទីរបង្អែកខេត្ត។
អ្នករួមដំណើរឈ្មោះ ថេន ចន្ថា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិតឺន ឃុំតឺន ស្រុកកូនមុំ មិនពាក់មួកសុវត្ថិភាព (របួសធ្ងន់ ជើង និងក្បាល) កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ត និងអ្នករួមដំណើរម្នាក់ទៀត ឈ្មោះ យឿង តារាយុទ្ធ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិតឺន ឃុំតឺន ស្រុកកូនមុំ (ស្លាប់ក្រោយបញ្ជូនទៅព្យាបាល នៅពេទ្យប្រទេសវៀតណាម)។
បច្ចុប្បន្នមន្ត្រីនគរបាលជំនាញ បាននាំយកគោយន្តកន្ត្រៃ១គ្រឿង និងម៉ូតូ១គ្រឿង រក្សាទុកនៅអធិការដ្ឋានស្រុកលំផាត់ និងរថយន្តម៉ាក (Ford Ranger) ១គ្រឿង និងម៉ូតូ១គ្រឿង រក្សាទុកនៅស្នងការនគរបាលខេត្តរតនគិរី រងចាំធ្វើការដោះស្រាយនៅពេលក្រោយ៕













