រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ស្នើឱ្យមិត្តចិនជួយផ្សព្វផ្សាយពីសភាពការណ៍ពិតរបស់កម្ពុជា ទៅកាន់ទេសចរចិនឱ្យបានទូលំទូលាយ
27-11-2025 17:37
(សៀមរាប)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានស្នើឱ្យភាគីមិត្តចិន រួមនិងអ្នកផលិតមាតិកាផ្សព្វផ្សាយទាំងអស់ ជួយផ្សព្វផ្សាយពីសភាពការណ៍ពិតរបស់ប្រទេសកម្ពុជា ក្នុងបំណងដើម្បីឱ្យពលរដ្ឋចិនយល់ច្បាស់ពីស្ថានភាពជាក់ស្តែងរបស់កម្ពុជា មិនដូចប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ផ្សាយពីបញ្ហាអសុវត្ថិភាពរបស់កម្ពុជាឡើយ។
ការស្នើយ៉ាងដូច្នេះរបស់លោក ហួត ហាក់ នៅក្នុងវេទិកាវេទិកាទេសចរណ៍ កម្ពុជា-ចិន ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការចាប់យកកាលានុវត្តភាពទីផ្សារទេសចរណ៍ចិន ឆ្ពោះទៅការកសាងសហគមន៍ ជោគវាសនារួម» នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ដោយមានការចូលរួមពីលោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប និងលោក Chen Cong ទីប្រឹក្សារដ្ឋមន្រ្តី នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។
លោករដ្ឋមន្រ្តី បានបន្តថា កម្ពុជា ជាគោលដៅទេសចរណ៍អន្តរជាតិ ប្រកបដោយសុខសុវត្ថិភាព មិត្តភាព ផ្តល់ភាពកក់ក្តៅ និងទាក់ទាញ។ កម្ពុជា នៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ឥតប្រែប្រួល គឺថែរក្សាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ ជាមួយគ្រប់ប្រទេសជាមិត្ត ទោះក្នុងកាលៈទេសៈណាក៏ដោយ ដើម្បីធានាដល់ការអភិវឌ្ឍលើគ្រប់វិស័យ ទាំងសេដ្ឋកិច្ច និងសង្គម ជាពិសេសសុខសុវត្ថិភាព និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋកម្ពុជា បូករួមទាំងមិត្តចិន ភ្ញៀវទេសចរចិន និងភ្ញៀវទេសចរអន្តរជាតិទាំងអស់នៅកម្ពុជា។
លោករដ្ឋមន្រ្តី ក៏បានគាំទ្រឱ្យមានជំនួបផ្លាស់ប្តូរធុរកិច្ច (Bussiness Marching) រវាងវិស័យឯកជននៃប្រទេសទាំងពីរ ទាំងនៅប្រទេសកម្ពុជា និងនៅប្រទេសចិន ហើយដែលលទ្ធផលនៃជំនួបទាំងនេះ នឹងត្រូវយកមកបង្ហាញនាឱកាសវេទិកាទេសចរណ៍ទេសចរណ៍ កម្ពុជា-ចិន ឆ្នាំ២០២៦។ ក្នុងក្របខណ្ឌនៃឆ្នាំទេសចរណ៍ កម្ពុជា-ចិន ក្រសួងទេសចរណ៍ នឹងបន្តរៀបចំកម្មវិធីសំខាន់ៗមួយចំនួន នាចុងឆ្នាំ២០២៥ ដែលរួមមាន៖ ទី១ ព្រឹត្តិការណ៍មហាស្រពតន្រ្តីទេសចរណ៍អន្តរជាតិ កម្ពុជា-ចិន អមដោយការបង្ហាញវប្បធម៌តន្រ្តីចម្រុះកម្ពុជា-ចិន, ទី២ វេទិកាផ្គូផ្គងធុរកិច្ចទេសចរណ៍អន្តរជាតិ កម្ពុជា-ចិន នាថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែធ្នូ នៅខេត្តសៀមរាប។
ដោយឡែក សម្រាប់ឆ្នាំ ២០២៦ ក្រសួងគ្រោរៀបចំព្រឹត្តិការណ៍សំខាន់ៗចំនួន៦ ផ្សេងទៀតក្នុងក្របខ័ណ្ឌនៃ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន» ដែលរួមមាន៖ មហាស្រពសិល្បៈតាមដងផ្លូវអន្តរជាតិ (Street Art Performance) កម្ពុជា-ចិន, មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន, ព្រឹត្តិការណ៍ផ្សព្វផ្សាយការទូតទេសចរណ៍ម្ហូបអាហារ កម្ពុជា-ចិន, ព្រឹត្តិការណ៍ផ្សព្វផ្សាយទេសចរណ៍ភាពយន្ត កម្ពុជា-ចិន (Cambodia-China Film Tourism), ព្រឹត្តិការណ៍បើករថយន្តឆ្លងកាត់ព្រំដែន (Caravan Tour) កម្ពុជា-ចិន និងកម្មវិធីបង្ហាញផ្លូវទេសចរណ៍រដូវកាលបៃតង សម្រាប់ទីផ្សារចិន រួមជាមួយកម្មវិធីផ្សេងៗទៀត ក្រោមការសម្របសម្រួលពីស្ថានទូតចិនប្រចាំកម្ពុជា។
លោក ហួត ហាក់ ចាត់ទុកវេទិកានេះថាពិតជាឆ្លុះបញ្ចាំងឱ្យឃើញនូវការ យកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលប្រទេសទាំងពីរ ពិសេសកិច្ចសហការដ៏ល្អ និងស្និតរមួតរវាងក្រសួងទេសចរណ៍កម្ពុជា ស្ថានទូតចិនប្រចាំកម្ពុជា និងបណ្តារដ្ឋបាលខេត្ត-ក្រុង នានារបស់ប្រទេសចិន ក្នុងការចូលរួមពង្រឹង និងពង្រីកចំណងមិត្តភាពកម្ពុជា-ចិន ស្របតាមស្មារតីមិត្តដែកថែប និងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មីប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្ដង់ដាខ្ពស់ ស្របតាមគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» ក៏ដូចជាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងកម្ពុជា-ចិន ដែលផ្តោតលើវិស័យអាទិភាពចំនួន៦ ក្នុងនោះរួមបញ្ចូលទាំងការផ្លាស់ប្តូរប្រជាជន និងប្រជាជន។
លោក ឌី រ៉ាដូ បានលើកឡើងថា ចាប់ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០២៥ កិច្ចសហប្រតិបត្តិការសម្ព័ន្ធមេត្រីភាពត្រូវបានបង្កើតឡើងរវាងរដ្ឋបាលខេត្តសៀមរាប និងខេត្ត/ក្រុងចំនួន ៣០ នៃសាធារណរដ្ឋប្រជាមានិតចិន។ ផ្អែកលើទំនាក់ទំនងសម្ព័ន្ធមេត្រីភាពនេះ ខេត្តសៀមរាប សម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ ក្នុងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ វិស័យអប់រំ វិស័យកសិកម្ម វិស័យពាណិជ្ជកម្ម និងវិនិយោគ វិស័យសេដ្ឋកិច្ច វិស័យវប្បធម៌ និងបច្ចេកទេស។
លោក ឌី រ៉ាដូ បានចាត់ទុកវេទិកាទេសចរណ៍ កម្ពុជា-ចិន ឆ្នាំ២០២៥ គឺជាសក្ខីភាព ដ៏អស្ចារ្យសម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ក៏ដូចជាអបអរសាទរខួបលើកទី៦៧ នៃការបង្កើតចំណងការទូតរវាងប្រទេសកម្ពុជា-ចិន ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជា-ចិន។
លោក Chen Cong បានលើកឡើងថា ការពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍បន្តបន្ទាប់រវាងចិន និងកម្ពុជា មិនអាចកាត់ផ្តាច់ចេញពីការលើកទឹកចិត្ត និងការគាំទ្រផ្នែកគោលនយោបាយបានទេ។ យើងមានសេចក្តីសោមន្សរីករាយដែលបានឃើញថា កម្ពុជាបានដាក់ចេញវិធានការមួយចំនួនក្នុងការជំរុញទេសចរចិន។
ដូចជា៖ កាត់បន្ថយទិដ្ឋាកាទេសចរណ៍ និងការធ្វើឌីជីថលលូបនីយកម្មទិដ្ឋាកា សម្រាប់ភ្ញៀវទេសចរបរទេស ក៏ដូចជាការធ្វើឌីជីថលូបនីយកម្ម នៃការទិញសំបុត្រសម្រាប់កន្លែងទាក់ទាញ ដូចជាប្រាសាទអង្គរវត្ត និងការអនុវត្តគោលនយោបាយ China Ready សម្រាប់ភ្ញៀវទេសចរចិន រួមទាំងការបន្ថែមផ្លាកសញ្ញាចិន នៅតាមទីតាំងលេចធ្លោនៅអាកាសយានដ្ឋាន សណ្ឋាគារ និងរមណីយដ្ឋានទេសចរណ៍។
លោកបញ្ជាក់ថា ស្ថានទូតចិនប្រចាំកម្ពុជា និងក្រសួងទេសចរណ៍កម្ពុជា និងក្រុមហ៊ុន China Tourism Group បានបង្កើតយន្តការផ្លាស់ប្តូរត្រីភាគី សម្រាប់កិច្ចសហប្រតិបត្តិការទេសចរណ៍ រវាងចិន និងកម្ពុជា កាលពីខែកញ្ញា ឆ្នាំ២០២៤។ ចាប់តាំងពីពេលនោះមក សន្និសីទចំនួន៣ ត្រូវបានធ្វើឡើងដោយជោគជ័យ ហើយចំនួនអង្គភាពចូលរួមបានបន្តពង្រីក។ យន្តការនេះ បានក្លាយជាវេទិកាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដែលមានការចូលរួមយ៉ាងទូលំទូលាយពីក្រសួងរដ្ឋាភិបាល សហគ្រាស ប្រព័ន្ធផ្សព្វផ្សាយ និងសមាគមទេសចរណ៍នៃប្រទេសទាំងពីរ។
លោក Chen Cong ជឿជាក់ថា វេទិកាទេសចរណ៍ចិន-កម្ពុជា ដែលប្រារព្ធឡើងនៅពេលនេះ នឹងប្រមូលផ្តុំការឯកភាពគ្នាកាន់តែច្រើន និងបង្កើតភាពស៊ីសង្វាក់គ្នាកាន់តែច្រើន ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ៕


















