ប្រធានធនាគារពិភពលោកប្រចាំកម្ពុជា កោតសសើរ និងលើកទឹកចិត្តដល់ធនាគារជាតិបន្តជួយចែករំលែកបទពិសោធជោគជ័យ លើការអភិវឌ្ឍប្រព័ន្ធទូទាត់ ក៏ដូចជាសមិទ្ធផលផ្សេងទៀតទៅកាន់ប្រទេសផ្សេងៗ
27-11-2025 18:14
(ភ្នំពេញ)៖ លោកស្រី Tania Meyer ប្រធានគ្រប់គ្រង ធនាគារពិភពលោកប្រចាំកម្ពុជា ក៏បានលើកសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលដែលធនាគារជាតិនៃកម្ពុជាសម្រេចបាន។ ក្នុងនោះលោកស្រី Tania Meyer បានលើកទឹកចិត្តឱ្យធនាគារជាតិនៃកម្ពុជា បន្តជួយចែករំលែកបទពិសោធជោគជ័យ លើការអភិវឌ្ឍប្រព័ន្ធទូទាត់ ក៏ដូចជាសមិទ្ធផលផ្សេងទៀតទៅកាន់ប្រទេសផ្សេងៗផងដែរ។
ការលើកឡើងរបស់ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជារូបនេះ ធ្វើឡើងក្នុងឱកាសលោកស្រី និងសហការីត្រូវបានអនុញ្ញាត ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោកស្រីបណ្ឌិត ជា សិរី ទេសាភិបា ធនាគារជាតិនៃកម្ពុជា។
ក្នុងនោះលោកស្រីបណ្ឌិត ជា សិរី និងលោកស្រី Tania បានលើកឡើងពីកិច្ចសហប្រតិបត្តិការល្អរវាងស្ថាប័នទាំងពីរនាពេលកន្លងមក។ ព្រមទាំងបានផ្លាស់ប្តូរទស្សនាទានអំពីការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងបញ្ហាប្រឈមដែលកំពុងជួបប្រទះដោយសារកត្តាខាងក្រៅមួយចំនួន។
លោកស្រី Tania Meyer បានថ្លែងឲ្យដឹងថា ជាក់ស្តែង ធនាគារពិភពលោកបាន និងកំពុងផ្តល់ជំនួយបច្ចេកទេសសំខាន់ៗមួយចំនួន ដល់ធនាគារជាតិនៃកម្ពុជាដូចជា ការរួមចំណែកក្នុងការអភិវឌ្ឍសមត្ថភាពគ្រប់គ្រងទុនបម្រុងអន្តរជាតិ ក្របខ័ណ្ឌគ្រប់គ្រងនិងបង្ការវិបត្តិ ប្រព័ន្ធធានារ៉ាប់រងលើប្រាក់បញ្ញើ និងបច្ចេកវិទ្យាជាដើម។
លោកស្រី Tania ក៏បានលើកសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលធនាគារជាតិនៃកម្ពុជាសម្រេចបានដូចជា ការរក្សាបានស្ថិរភាពអត្រាប្តូរប្រាក់ និងស្ថិរភាពថ្លៃ ភាពរឹងមាំនៃប្រព័ន្ធធនាគារ និងការរីកចម្រើននៃប្រព័ន្ធទូទាត់ឌីជីថលនៅកម្ពុជា។
លោកស្រី Tania Meyer បានលើកទឹកចិត្តឱ្យធនាគារជាតិនៃកម្ពុជាបន្តជួយចែករំលែកបទពិសោធជោគជ័យលើការអភិវឌ្ឍប្រព័ន្ធទូទាត់ ក៏ដូចជាសមិទ្ធផលផ្សេងទៀតទៅកាន់ប្រទេសផ្សេងៗផងដែរ។
លោកស្រីបណ្ឌិត ជា សិរី បានចែករំលែកបទពិសោធនៃការអភិវឌ្ឍប្រព័ន្ធទូទាត់ឌីជីថលកម្ពុជា ការគ្រប់គ្រងទុនបម្រុងអន្តរជាតិ និងការត្រួតពិនិត្យប្រព័ន្ធធនាគារ ទៅកាន់បណ្តាប្រទេសនានាទាំងក្នុងតំបន់ និងពិភពលោកនាពេលកន្លងមក។ ធនាគារជាតិនៃកម្ពុជា តែងទទួលស្វាគមន៍ដំណើរទស្សនកិច្ចសិក្សា របស់គណៈប្រតិភូជាន់ខ្ពស់នៃធនាគារកណ្តាលនានាមកកាន់កម្ពុជា ក្នុងគោលបំណងស្វែងយល់ពីដំណើរការ អភិវឌ្ឍប្រព័ន្ធទូទាត់នៅកម្ពុជា។
ក្នុងនោះផងដែរលោកស្រីបណ្ឌិត ជា សិរី ក៏បានលើកឡើងពីអត្ថប្រយោជន៍ នៃការរីកចម្រើននៃបច្ចេកវិទ្យា និងហានិភ័យពាក់ព័ន្ធ ជាពិសេស ការរីកចម្រើនយ៉ាងឆាប់រហ័សនៃបញ្ញាសិប្បនិម្មិត AI បញ្ហាសាយប័រ និងអនឡាញស្កេម ដែលទាមទារឱ្យមានកិច្ចសហការ ពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងរក្សាស្ថិរភាពហិរញ្ញវត្ថុ៕












