វិភាគអន្តរជាតិ៖ នៅចិន សំណួរមួយដែលមិនត្រូវសួរកំពុងផុសឡើង តើនរណានឹងស្នងតំណែងពីលោក ស៊ី ជីនពីង?

27-11-2025 20:47

(វ៉ាស៊ីនតោន)៖ លោកប្រធានាធិបតី ស៊ី ជីនពីង បានឡើងកាន់អំណាចដឹកនាំប្រទេសចិនអស់រយៈពេលជាង១៣ឆ្នាំមកហើយ ដោយលោកបានក្ដាប់អំណាចយ៉ាងពេញដៃមិនធ្លាប់មានចាប់តាំងពីសម័យ លោកប្រធានម៉ៅ សេទុង។ លោកមិនបានបង្ហាញពីសញ្ញាចង់លាលែងពីតំណែង ឬចូលនិវត្តន៍នោះទេ។ ប៉ុន្តែមនុស្សកើតចាស់ឈឺស្លាប់ វាជាច្បាប់ធម្មជាតិដែលគ្មាននរណាម្នាក់អាចគេចផុត។ ពីមួយឆ្នាំទៅមួយឆ្នាំនៃការកាន់អំណាចរបស់លោក ភាពមិនច្បាស់លាស់កាន់តែមានភាពស៊ីជម្រៅអំពីថាតើនរណាអាចនឹងត្រូវស្នងតំណែងពីរូបលោក ប្រសិនបើលោកមានបញ្ហាសុខភាព និងថាតើ មេដឹកនាំថ្មីនឹងពង្រឹង ឬបន្ធូរបន្ថយគោលនយោបាយម៉ឺងម៉ាត់របស់លោក ស៊ី ជីនពីង?

ដូចគ្នាទៅនឹងមេដឹកនាំដទៃដែលកាន់អំណាចយូរ ការតែងតាំងអ្នកស្នងតំណែងអាចបង្កហានិភ័យបង្កើតគូប្រជែងដោយមិនដឹងខ្លួន និងធ្វើឱ្យអំណាចរបស់លោកចុះខ្សោយ។ តែបរាជ័យក្នុងការជ្រើសរើស អនាគតមេដឹកនាំក៏អាចនឹងបំផ្លាញកេរមរតកស្នាដៃរបស់លោក និងបង្កជាការបាក់បែកនៅក្នុងចំណោមឥស្សរជននយោបាយកំពូលៗរបស់ចិនផងដែរ។ មានអាយុ៧២ឆ្នាំទៅហើយនោះ លោក ស៊ី ជីនពីង ប្រាកដណាស់ត្រូវតែស្វែងរកអ្នកបន្តវេនម្នាក់ដែលត្រូវបង្ហាញពីសមត្ថភាពរបស់ខ្លួនឯង និងទទួលបានការជឿទុកចិត្តពីរូបលោក។ នៅក្នុងករណីលោក ស៊ី ជីនពីង សម្រេចចិត្តជ្រើសរើសអ្នកបន្តវេន ភាពស្មោះត្រង់ចំពោះរូបលោក និងការដើរតាមរបៀបវារៈរបស់លោកនឹងក្លាយជាកត្តាដ៏សំខាន់បំផុត។ លោក ស៊ី ជីនពីង ធ្លាប់បាននិយាយថាអតីតសហភាពសូវៀតបានដួលរលំ គឺដោយសារប្រព្រឹត្ត កំហុសដ៏ធំតាមរយៈការជ្រើសរើសលោក Mikhail Gorbachev ដែលជាអ្នកធ្វើកំណែទម្រង់និយមម្នាក់ឱ្យឡើងធ្វើជាមេដឹកនាំ។

កាលពីខែតុលាកន្លងទៅ លោក ស៊ី ជីនពីង បានគូសបញ្ជាក់ច្បាស់ៗថារូបលោកនឹងមិនលើកលែងឱ្យដាច់ខាតចំពោះអ្នកដែលគ្មានភាពស្មោះត្រង់ចំពោះរូបលោក ក្នុងពេលយោធាចិនបានប្រកាសពី ការបណ្ដេញមន្ត្រីជាន់ខ្ពស់៩នាក់ដែលត្រូវប្រឈមនឹងការកាត់ទោសពីបទចោទពុករលួយ និងរំលោភអំណាចចេញពីតំណែង។ «លោក ស៊ី ជីនពីងដឹងពីសារៈសំខាន់នៃការជ្រើសរើសអ្នកបន្តវេន ប៉ុន្តែ លោកក៏ដឹងយ៉ាងច្បាស់ដែរពីការលំបាកក្នុងការជ្រើសរើសអ្នកបន្តវេនម្នាក់ដោយមិនធ្វើឱ្យអំណាចរបស់លោករង្គោះរង្គើរ»។ នេះជាការយល់ឃើញរបស់លោក Neil Thomas ជាអ្នកវិភាគម្នាក់មកពី មជ្ឈមណ្ឌលសម្រាប់ការវិភាគអំពីចិននៃវិទ្យាស្ថាន Asia Society Policy។ នៅក្នុងប្រទេសចិន ការចោទសួរ ឬការបង្ហាញការសង្ស័យពីអនាគតរបស់លោក ស៊ី ជីនពីង គឺជារឿងដ៏រសើប និងត្រូវបាន ហាមឃាត់។ ក្រុមអ្នកវិភាគជាច្រើនជឿថាលោក ស៊ី ជីនពីង នឹងពន្យារពេលជ្រើសរើសអ្នកបន្តវេន យ៉ាងហោចរហូតដល់នៅក្រោយអាណត្តិទី៤មានរយៈពេល៥ឆ្នាំរបស់លោកចាប់ផ្ដើមក្នុងឆ្នាំ២០២៧ ឬអាចយូរជាងនេះទៀតក៏ថាបាន។

លោក ស៊ី ជីនពីងធ្លាប់បានឃើញដោយផ្ទាល់ភ្នែកថាតើការជ្រើសរើសអ្នកបន្តវេនអាចធ្វើឱ្យគណបក្សកម្មុយនីស្តចិនរង្គោះរង្គើរយ៉ាងដូចម្ដេច? ជាពិសេសនៅពេលឪពុករបស់លោកដែលជាមន្ត្រីជាន់ខ្ពស់ម្នាក់ ត្រូវបានលោក ម៉ៅ សេទុងបណ្ដេញចេញពីតំណែង។ នៅពេលធ្វើជាមន្ត្រីមូលដ្ឋានម្នាក់អំឡុងមានបាតុកម្មគាំទ្រប្រជាធិបតេយ្យក្នុងឆ្នាំ១៩៨៩ លោក ស៊ី ជីនពីងក៏បានឃើញផ្ទាល់ភ្នែកដែរថាតើការបែកបាក់ ក្នុងចំណោមថ្នាក់ដឹកនាំចិនបានរុញច្រានឱ្យប្រទេសជាតិធ្លាក់ក្នុងភាពចលាចលបែបណា? នៅពេលនោះ អតីតមេដឹកនាំចិន លោក Deng Xiaoping បានដកតំណែងអគ្គលេខាធិការបក្ស លោក Zhao Ziyang ហើយតែងតាំងលោក Jiang Zemin ជាអគ្គលេខាធិការបក្សថ្មី និងជាអ្នកបន្តវេនពីរូបលោក។ លោក Christopher K. Johnson ជាប្រធានក្រុមហ៊ុនប្រឹក្សាយោបល់ China Strategies Group និងដែលធ្លាប់ធ្វើការជាមន្ត្រីស៊ើបការណ៍សម្ងាត់អាមេរិកម្នាក់ផ្ដោតលើចិនបាននិយាយថា «ជាមនុស្សម្នាក់ដែលបានចំណាយពេលជាច្រើនឆ្នាំសិក្សាពីមេរៀននៃការជ្រើសរើសមេដឹកនាំរបស់ចិន និងប្រវត្តិសាស្ត្រនៃគណបក្សកុម្មុយនីស្ដសូវៀត លោក ស៊ី ជីនពីងបានដឹងយ៉ាងច្បាស់ថាការជ្រើសរើសអ្នកស្នងតំណែងគឺជាបញ្ហាមួយដែលលោកត្រូវគិតគូរឱ្យបានហ្មត់ចត់បំផុត»។

ក្នុងពេលបច្ចុប្បន្ន ក្រុមអ្នកជំនាញជឿថាលោក ស៊ី ជីនពីងទំនងជាជឿជាក់ថាការរីកសាយឥទ្ធិពលចិនគឺពឹងផ្អែកលើការបន្តដឹកនាំប្រទេសរបស់លោក។ ម្លោះហើយលោកបានសម្រេចកប់ចោលគំរូចូលនិវត្តន៍ ដូចដែលអតីតមេដឹកនាំចិនបានធ្វើដូចជាលោក Hu Jintao ជាដើម និងបានលុបចោលការកំណត់អាណត្តិប្រធានាធិបតីដែលពីមុនប្រធានាធិបតីចិនអាចកាន់តំណែងត្រឹម ២អាណត្តិ កាលពីឆ្នាំ២០១៨ ។ នេះបានបើកផ្លូវឱ្យលោក ស៊ី ជីនពីងអាចកាន់តំណែងដោយគ្មានកាលកំណត់ក្នុងនាមជាប្រមុខបក្ស ប្រមុខរដ្ឋ និងប្រមុខយោធា។ ប៉ុន្តែពីមួយឆ្នាំទៅមួយឆ្នាំដែលលោកបន្តកាន់អំណាច មើលទៅវាកាន់តែ ពិបាកក្នុងការជ្រើសរើសអ្នកបន្តវេនដែលមានគុណសម្បត្តិ២យ៉ាង គឺនៅវ័យក្មេងដែលអាចកាន់អំណាចបានច្រើនទសវត្ស៍ និងមានបទពិសោធន៍គ្រប់គ្រាន់ដើម្បីក្ដាប់អំណាចនៅក្រោមស្រមោលរបស់លោក។ លោក ស៊ី ជីនពីងបានជ្រើសរើសសមាជិកទាំង៧រូបនៃគណៈកម្មាធិការអចិន្ត្រៃយ៍ការិយាល័យនយោបាយដែលសុទ្ធសឹងតែជាមនុស្សជំនិតរបស់លោក។ ពួកគេមានអាយុ៦០ឆ្នាំ ឬលើសនេះបន្តិច តែបើរាប់ពី ឥលូវទៅ ពួកគេនឹងមានវ័យចំណាស់ពេកដើម្បីក្លាយជាអ្នកស្នងតំណែងពីលោក ស៊ី ជីនពីង។ លោក ស៊ី ជីនពីងខ្លួនឯងមានអាយុ៥៤ឆ្នាំ នៅពេលចូលរួមក្នុងគណៈកម្មាធិការអចិន្រ្តៃយ៍បក្សកុម្មុយនីស្ដចិន ក្នុងឆ្នាំ២០០៧ ជាការដំឡើងតំណែងមួយត្រូវបានគេមើលឃើញថាលោកនឹងក្លាយជាអនាគតមេដឹកនាំចិន។

លើសពីនេះទៅទៀត សូម្បីតែក្រុមមន្ត្រីដែលត្រូវបានរំពឹងថានឹងត្រូវបានដំឡើងតំណែងនៅឯសមាជបក្សកុម្មុយនីស្ដចិននៅឆ្នាំ២០២៧ ក៏ប្រហែលមើលទៅមានអាយុចាស់ៗណាស់ដែរ ដើម្បីស្នងតំណែងពី លោក ស៊ី ជីនពីង។ នេះបើតាមលោក Victor Shih ជាសាស្ត្រាចារ្យម្នាក់មកពីសាកលវិទ្យាល័យ University of California San Diego។ ដោយលោក ស៊ី ជីនពីងនឹងត្រូវបន្តកាន់តំណែង មួយអាណត្តិទៀត ឬយូរទៅមុខទៀត អ្នកបន្តវេនរបស់លោកអាចជាមន្ត្រីកើតអំឡុងទសវត្សរ៍ឆ្នាំ១៩៧០ និងសព្វថ្ងៃកំពុងបម្រើការឱ្យរដ្ឋបាលខេត្ត ឬទីភ្នាក់ងារណាមួយរបស់រដ្ឋាភិបាលកណ្ដាល។ តាមលោក Wang Hsin-hsien ជាសាស្ត្រាចារ្យមកពីសាកលវិទ្យាល័យ National Chengchi University នៅតៃវ៉ាន់ដែលសិក្សាពីគណបក្សកុម្មុយនីស្ដចិន គណបក្សកុម្មុយនីស្តចិនបាន និងកំពុងដំឡើង តំណែងដល់ក្រុមមន្ត្រីវ័យក្មេងមួយចំនួនដែលអាចបំពេញតាមប្រវត្តិរូបខាងលើ។ ក៏ប៉ុន្តែ លោក ស៊ី ជីនពីង នៅតែមានការព្រួយបារម្ភចំពោះក្រុមមន្ត្រីដែលមិនបានឆ្លងកាត់ការសាកល្បងតឹងរ៉ឹងជាមួយ ការទទួលខុសត្រូវខ្ពស់។ លោកបានព្រមានថា «ចំណុចខ្វះខាតតែបន្តិចបន្តួចរបស់ក្រុមមន្ត្រី អាចនឹងក្លាយជាការគំរាមកំហែងធ្ងន់ធ្ងរក្នុងពេលមានវិបត្តិមួយកើតឡើង ឬដូចដែលលោកបានលើកឡើងថា «ស្នាមប្រេះស្រាំតែបន្តិច ក៏អាចធ្វើឱ្យជញ្ជាំងទំនប់ទឹកដ៏ធំមួយបាក់រលំបានដែរ»។

លោក Wang Hsin-hsien បន្ថែមថានៅប៉ុន្មានឆ្នាំខាងមុខ ក្រុមមន្ត្រីជាន់ខ្ពស់របស់គណបក្សកុម្មុយនីស្តចិនអាចនឹងមានការប្រែប្រួលយ៉ាងខ្លាំង ខណៈលោក ស៊ី ជីនពីងនឹងធ្វើការសាកល្បង ហើយសម្រាំងយកបេក្ខជនដែលស័ក្តិសមស្នងតំណែងពីរូបលោក។ តែនៅពីក្រោយឆាក ក្រុមមន្ត្រីនៅក្បែររូបលោកអាចនឹងប្រជែងគ្នាដើម្បីដណ្ដើមឥទ្ធិពល និងការពារអាយុជីវិតនយោបាយរបស់ពួកគេ៕