អាជ្ញាធរអគ្គិសនីកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋ កុំចាញ់បោកទិញឧបករណ៍ ជួយកាត់បន្ថយអគ្គិសនី
28-11-2025 12:17
(ភ្នំពេញ)៖ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានបញ្ជាក់ថា មកដល់ពេលនេះ នៅតែសង្កេតឃើញ មានលក់ឧបករណ៍មួយចំនួនតាមអនឡាញ ដែលបានផ្សព្វផ្សាយបោកប្រាស់ថា ការប្រើឧបករណ៍នោះ ភ្ជាប់ជាមួយបណ្តាញអគ្គិសនីក្នុងផ្ទះ នឹងជួយកាត់បន្ថយការប្រើប្រាស់អគ្គិសនី។
ជាថ្មីម្តងទៀត អាជ្ញាធរអគ្គិសនីកម្ពុជា សូមរំលឹក និងជម្រាបជូនអ្នកប្រើប្រាស់អគ្គិសនីមេត្តាជ្រាបថា ឧបករណ៍ទាំងនោះ ពុំបានជួយកាត់បន្ថយការប្រើប្រាស់អគ្គិសនី ដូចការផ្សព្វផ្សាយនោះទេ ដូច្នេះសូមកុំចាញ់បោកទិញយកមកប្រើ។ អាជ្ញាធរអគ្គិសនីកម្ពុជា នឹងបង្ហាញវីដេអូនៃការពិសោធន៍ជាក់ស្តែងជូននៅពេលឆាប់ៗ៕








