អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញប្រគល់ផ្ទះ និងនាំយកអំណោយចែកជូនគ្រួសារក្រីក្រ នៅស្រុកកងមាស និងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម
28-11-2025 20:33
(កំពង់ចាម)៖ នៅថ្ងៃសុក្រ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ នៃព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ អមដំណើរដោយសមាជិក-សមាជិការព្រឹទ្ធសភា ក្រុមការងារភូមិភាគ២ ទីប្រឹក្សា និងមន្ត្រីខុទ្ទកាល័យ បានអញ្ជើញប្រគល់ផ្ទះចំនួន ២ខ្នង និងសម្ភារៈប្រើប្រាស់ចាំបាច់ក្នុងផ្ទះជូនដល់ ២គ្រួសារ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ព្រមទាំងសម្ភារៈប្រើប្រាស់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសប្បុរសជននានា ចែកជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន៦០ គ្រួសារផ្សេងទៀត រស់នៅក្នុងស្រុកកងមាស និងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដើម្បីឱ្យប្រជាពលរដ្ឋតាមមូលដ្ឋានទទួលបានលំនៅដ្ឋានសមរម្យ និងការដោះស្រាយតម្រូវការក្នុងជីវភាពប្រចាំថ្ងៃ។
ក្នុងកិច្ចសំណេះសំណាល, អនុប្រធានទី១ បានពាំនាំការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងក្ដីនឹករលឹករបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចគតិបណ្ឌិត ជូនចំពោះប្រជាពលរដ្ឋ និងបានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់សម្តេច នៅគ្រប់កាលៈទេសៈ ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋមូលដ្ឋានគ្រប់ស្រទាប់វណ្ណៈ ដោយមិនប្រកាន់ជំនឿសាសនា ពណ៌សម្បុរ ឬនិន្នាការនយោបាយសោះឡើយ។ ដោយប្រតិបត្តិតាមអនុសាសន៍ដ៏ឧត្តុងឧត្តម ថ្លៃថ្លា ប្រកបដោយគតិបណ្ឌិតនិងទស្សនវិស័យវែងឆ្ងាយរបស់សម្តេចប្រធាន សមាជិក សមាជិការព្រឹទ្ធសភានីតិកាលទី៥ បានខិតខំអនុវត្តការងារចុះជាប់ជាប្រចាំជាមួយអង្គបោះឆ្នោត ជាមួយប្រជាពលរដ្ឋតាមមូលដ្ឋាន ដែលជាអាទិភាពមួយ ក្នុងចំនួនអាទិភាពទាំងពីរ សំដៅរួមចំណែកអនុវត្តឱ្យបានជោគជ័យ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១» ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។ នៅក្នុងស្មារតីនេះ តាមរយៈព្រិទ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដែគូរអភិវឌ្ឍបរទេស អង្គការក្រៅរដ្ឋាភិបាលអន្តរជាតិមួយចំនួន ដែលមានជាអាទិ អង្គការចែករំលែកសង្គ្រោះជីវិតសកល(Global Life Sharing) អង្គការគ្រូពេទ្យស្ម័គ្រចិត្តប៊ីយោដែរម៉ា បានផ្តល់ជាអំណោយឧសថ អំណោយមនុស្សធម៌ សាងសង់លំនៅដ្ឋានជូនប្រជាជនក្រីក្រ និងសេវាព្យាបាលជម្ងឺដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋជាបន្តបន្ទាប់ រួមចំណែកដ៏សំខាន់ក្នុងការលើកកំពស់សុខមាលភាពប្រជាជន និងការអភិវឌ្ឋប្រទេសជាតិ ។ ជាមួយគ្នានេះ លោកអនុប្រធានទីមួយព្រិទ្ឋសភា ក៏បានក្រើនរំឮកដល់ក្មួយៗសិស្ស និស្សិត ខិតខំរៀនសូត្រ ដើម្បីប្រែក្លាយខ្លួនជាទំពាំងស្នងឬស្សី បន្តវេនការពារអធិប្បតេយ្យភាព ឯករាជ្យភាព និងបូរណៈភាពដែនដីកម្ពុជា។
ជាចុងបញ្ចប់ លោកអនុប្រធានទី១ បានជម្រាបជូនប្រជាពលរដ្ឋអំពីស្ថានភាព ដើមចម និងមហិច្ឆតាគឃ្លើនឈ្លានពានរបស់ថៃមកលើបូរណភាពទឹកដីកម្ពុជា ដោយបានគូសបញ្ជាក់ពីមោទនភាពជាតិខ្ពស់បំផុតចំពោះសាមគ្គី ឯកភាពជាតិជាធ្លុងមួយជុំវិញរាជរដ្ឋាភិបាលដែលមានសម្តេចធិបតីជាមគ្គុទេសដ៏ឈ្លៀសវៃ ក្នុងការតស៊ូប្រយុទ្ឋការពារបូរណៈភាពដែនដីមាតុភូមិកម្ពុជា ប្រឆាំងនិងពួកឈ្លៀនពានថៃ។
ជាកិច្ចឆ្លើយតប បងប្អូនប្រជាពលរដ្ឋទាំងអស់បានសម្តែងនូវក្តីអំណរអរគុណ និងសូមប្រសិទ្ឋិពរជ័យជូនសម្តេចតេជោ ប្រធានព្រិទ្ឋសភា សម្តេចធិបតី សូមប្រកបតែសុខភាពល្អ និងប្តេជ្ញារួមសាមគ្គីជាធ្លុងមួយជុំវិញរាជរដ្ឋាភិបាល ការពារអធិបតេរយ្យភាព ឯករាជ្យភាព និងបូរណៈភាពដែនដី និងអភិវឌ្ឍ ប្រទេសជាតិ៕





