វិភាគអន្តរជាតិ៖ តើអ៊ុយក្រែនផលិតបានអាវុធរយៈចម្ងាយឆ្ងាយអ្វីខ្លះ ចាប់តាំងពីរុស្ស៉ីឈ្លានពាន?
28-11-2025 21:03
(ឡុងដ៍)៖ ការវាយប្រហាររបស់អ៊ុយក្រែនកាលពីពេលថ្មីៗនេះលើទីក្រុងកំពង់ផែ Novorossiysk របស់រុស្ស៉ីបានបង្ខំឱ្យទីក្រុងមូស្គូផ្អាកការនាំចេញប្រេងរបស់ខ្លួន។ នៅក្នុងការវាយប្រហារនេះ អ៊ុយក្រែនបានប្រើប្រាស់ មីស៊ីល Neptune ដែលជាប្រភេទមីស៊ីលរយៈចម្ងាយមួយនៅក្នុងចំណោមអាវុធរយៈចម្ងាយឆ្ងាយដែលអ៊ុយក្រែនបានអភិវឌ្ឍចាប់តាំងពីរងការឈ្លានពានពីរុស្ស៉ីកាលពីឆ្នាំ២០២២។ ដូច្នេះតើមានអាវុធអ្វីខ្លះដែលអ៊ុយក្រែន បានអភិវឌ្ឍចាប់តាំងពីរុស្ស៉ីបើកការឈ្លានពានមកទល់នឹងពេលនេះ?
១. Neptune
អ៊ុយក្រែនបាននិយាយថា Neptune ដែលជាមីស៊ីលផលិតក្នុងស្រុកគឺជាប្រភេទមីស៊ីលគ្រូសបាញ់ចេញពីផ្ទៃដី និងអាចបាញ់បានរយៈចម្ងាយ ១០០០គីឡូម៉ែត្រ។ មីស៊ីលនេះត្រូវបានអភិវឌ្ឍចេញពីមីស៊ីល Neptune រយៈចម្ងាយខ្លីដែលអ៊ុយក្រែនមានស្រាប់ មុនរុស្ស៉ីបើកការឈ្លានពាន។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រកាសថាមីស៊ីល Neptune ត្រូវបានបង្កើនរយៈចម្ងាយបាញ់កាលពីខែមីនាកន្លងទៅ ហើយកាលពីពេលថ្មីៗនេះយោធាអ៊ុយក្រែនបានអះអាងថាបានប្រើ Neptune ក្នុងការវាយប្រហារលើទីក្រុង Novorossiysk ដែលជាទីក្រុងកំពង់ផែដ៏ធំបំផុតរបស់រុស្ស៉ីនៅសមុទ្រខ្មៅ។ អ៊ុយក្រែនសព្វថ្ងៃកំពុងបង្កើន ការផលិតមីស៊ីលនេះបន្ថែម។
២. Flamingo
Flamingo ឬគេស្គាល់ថា FP-5 ជាមីស៊ីលគ្រូសថ្មីមួយបាញ់ចេញពីផ្ទៃដីដែលលោក ហ្សេលេនស្គីអះអាងថាមានរយៈចម្ងាយបាញ់ដល់ទៅ ៣០០០គីឡូម៉ែត្រ។ លោក ហ្សេលេនស្គីបានចាត់ទុក Flamingo ជាមីស៊ីល ដ៏ខ្លាំងបំផុតមួយរបស់អ៊ុយក្រែន ហើយថាមីស៊ីលនេះគួរតែចូលក្នុងដំណាក់កាលផលិតទ្រង់ទ្រាយធំនៅមុនដំណាច់ឆ្នាំ២០២៥។ Flamingo ត្រូវបានផលិតដោយ Fire Point ជាក្រុមហ៊ុនផលិតអាវុធឯកជនមួយរបស់ អ៊ុយក្រែន។ កាលពីខែតុលា លោក ហ្សេលេនស្គីបាននិយាយថា Flamingo ត្រូវបានប្រើប្រាស់រួចហើយក្នុងការវាយប្រហារលើរុស្ស៉ី តែលោកមិនបានលម្អិតអ្វីទេ។
៣. Lyutyi
Lyutyi គឺជាដ្រូនប្រយុទ្ធវាយប្រហាររយៈចម្ងាយឆ្ងាយ ដែលអ៊ុយក្រែនបានប្រើជាញឹកញាប់ក្នុងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលនៅលើទឹកដីរុស្ស៉ីក្នុងឆ្នាំ២០២៥។ ដ្រូននេះត្រូវបានផលិតដោយក្រុមហ៊ុន Antonov និងមានសមត្ថភាពហោះបានរយៈចម្ងាយជាង ១០០០គីឡូម៉ែត្រ។
៤. FP-1
FP-1 ជាដ្រូនប្រយុទ្ធរយៈចម្ងាយឆ្ងាយផលិតដោយក្រុមហ៊ុន Fire Point។ ដ្រូននេះក៏ត្រូវបានអ៊ុយក្រែនប្រើប្រាស់យ៉ាងទូលំទូលាយក្នុងការវាយប្រហារលើគោលដៅស្ថិតនៅជ្រៅក្នុងទឹកដីរុស្ស៉ីផងដែរ ជាមួយរយៈចម្ងាយ ហោះហើរ ១០០០គីឡូម៉ែត្រ។
៥. Palianytsia
Palianytsia គឺជា «រ៉ុក្កែតដ្រូន» ដែលត្រូវបានប្រកាសឱ្យដឹងដោយលោក ហ្សេលេនស្គីកាលពីខែសីហា ឆ្នាំ២០២៤។ លោក ហ្សេលេនស្គីកាលពីខែតុលា ឆ្នាំនេះបាននិយាយថាអាវុធនេះដែលយកឈ្មោះតាមនំបុ័ងមួយ ប្រភេទរបស់អ៊ុយក្រែនដែលមានឈ្មោះថា Palianytsia បានវាយប្រហារលើឃ្លាំងស្ដុកអាវុធរុស្ស៉ីជាច្រើនលើក។ តាមសារព័ត៌មានជំនាញខាងយោធារបស់អ៊ុយក្រែន Militarnyi រ៉ុក្កែតដ្រូន Palianytsia មានរយៈចម្ងាយបាញ់ ៦៥០គីឡូម៉ែត្រ និងប្រើប្រាស់ម៉ាស៊ីនយន្ដហោះដែលអាចឱ្យវាហោះបានក្នុងល្បឿន ៩០០គីឡូម៉ែត្រក្នុងមួយម៉ោង លឿនជាងដ្រូនធម្មតា។
៦. Ruta
Ruta ក៏ជា «រ៉ុក្កែតដ្រូន» ដែរដែលលោក ហ្សេលេនស្គីបាននិយាយថាលោកផ្ទាល់រំពឹងថានឹងត្រូវបានផលិតទ្រង់ទ្រាយធំនៅដំណាច់ឆ្នាំនេះ។ កាលពីខែតុលា លោកប្រធានាធិបតីអ៊ុយក្រែនបានឱ្យដឹងថា Ruta ត្រូវបានប្រើជាលើកដំបូងនៅក្នុងការវាយប្រហារលើគោលដៅនៅលើផ្ទៃសមុទ្រដែលស្ថិតនៅចម្ងាយជាង ២៥០គីឡូម៉ែត្រ។
៧. Peklo
Peklo ដែលមានន័យជាភាសាអ៊ុយក្រែនថា «ឋាននរក» គឺជា «រ៉ុក្កែតដ្រូន» មួយផ្សេងទៀត។ លោក ហ្សេលេនស្គីកាលពីខែធ្នូ ឆ្នាំ២០២៤ បានប្រកាសថាកញ្ចប់ដំបូងនៃអាវុធនេះត្រូវបានផ្គត់ផ្គង់ឱ្យយោធាអ៊ុយក្រែន។ សារព័ត៌មានអ៊ុយក្រែន Defence Express បានវាយតម្លៃថា Peklo មានរយៈចម្ងាយបាញ់ ៧០០គីឡូម៉ែត្រ។
៨. Bars
Bars ដែលមានន័យជាភាសាអ៊ុយក្រែន «ខ្លារខិន» ជា «រ៉ុក្កែតដ្រូន» ស៊េរីថ្មីមួយដែលត្រូវបានប្រកាសឱ្យដឹងពីវត្តមានកាលពីខែមេសា ឆ្នាំ២០២៥។ យោធាអ៊ុយក្រែនថ្មីៗនេះបាននិយាយថារ៉ុក្កែតដ្រូននេះត្រូវបានប្រើ នៅក្នុងការវាយប្រហារលើគោលដៅរុស្ស៉ី៕















