មន្ត្រីនៃក្រសួងព័ត៌មានជាង ៥០០នាក់ ទទួលការពិនិត្យភ្នែក និងកាត់វ៉ែនតា ដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យជំនាញភ្នែកចក្ខុ
29-11-2025 13:32
(ភ្នំពេញ)៖ ក្រសួងព័ត៌មាន បានសហការជាមួយក្រុមគ្រូពេទ្យភ្នែកគៀនឃ្លាំង នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានរៀបចំកម្មវិធីពិនិត្យភ្នែក និងវាស់កាត់វ៉ែនតា ជាប្រភេទវ៉ែនតា ការពារកុំព្យូទ័រ វ៉ែនតាមីញ៉ូប និងវ៉ែនតា សម្រាប់អានអក្សរ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន ជាង៥០០នាក់ ដោយឥតគិតថ្លៃ។
ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងគោលបំណងផ្តោតសំខាន់លើការថែទាំសុខភាពភ្នែករបស់ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងព័ត៌មាន ដើម្បីអនុវត្តការងារប្រចាំថ្ងៃឱ្យកាន់តែប្រសើរឡើង និងមានប្រសិទ្ធភាពខ្ពស់។
លោកចក្ខុបណ្ឌិត ប៉ាង សាម៉ន ប្រធានមន្ទីរពេទ្យភ្នែកគៀនឃ្លាំង បានលើកឡើងថា លោកបាននាំក្រុមគ្រូពេទ្យ មកពិនិត្យភ្នែក និងផ្ដល់វ៉ែនតាដល់មន្ត្រីរាជការនៅក្រសួងព័ត៌មាន ដោយបានពិនិត្យជូនដល់មន្ត្រីរាជការជាង ៥០០នាក់នេះ ជាសកម្មភាពដែលធ្វើជូនមន្ត្រីរាជការ ដោយប្រើប្រាស់ថវិកាផ្ទាល់ខ្លួនរបស់ក្រុមគ្រួសាររបស់លោកផ្ទាល់។
លោកចក្ខុបណ្ឌិត ប៉ាង សាម៉ន បានបន្តថា ការពិនិត្យភ្នែក និងផ្តល់វ៉ែនតាជូនមន្ត្រីរាជការនៃក្រសួងព័ត៌មាន ចង់រួមចំណែកដល់រាជរដ្ឋាភិបាលកម្ពុជា និងបម្រើដល់ប្រទេសជាតិ ហើយគិតថាមន្ត្រីរាជការ គាត់ត្រូវការវ៉ែនតាជាចាំបាច់ក្នុងការសរសេរ និងការអាន និងការមើល ធ្វើឯកសារផ្សេងៗ ជារៀងរាល់ថ្ងៃ ម្យ៉ាងវិញទៀត គឺដោយសារឃើញមន្ត្រីរាជការ គាត់មិនសូវមានពេល ឬមិនបានវាស់ភ្នែកឱ្យត្រឹមត្រូវ គាត់ច្រើនតែទិញវ៉ែនតា នៅតាមទីផ្សារយកមកប្រើតែម្ដង។
លោកចក្ខុបណ្ឌិត ប៉ាង សាម៉ន បានឱ្យដឹងថា ក្នុងនាមលោកជាគ្រូពេទ្យឯកទេសជំងឺភ្នែក យើងចង់រួមចំណែកទិញវ៉ែនតាល្អៗជូនដល់ពួកគាត់ និងវាស់បានត្រឹមត្រូវ មិនមែនចេះតែយកៗទេ គឺយើងមានម៉ាស៊ីនកុំព្យូទ័រវាស់ដឺក្រេត្រឹមត្រូវ ហើយនឹងផ្ដល់វ៉ែនតាត្រឹមត្រូវដល់គាត់ និងចង់ឱ្យគាត់មានវ៉ែនតាត្រឹមត្រូវ អាចធ្វើការងារ សរសេរឯកសារបានជាមន្ត្រីងាយស្រួលបំពេញការងារប្រចាំថ្ងៃរបស់គាត់ ទាំងជិតទាំងឆ្ងាយ ព្រោះគាត់ត្រូវការវ៉ែនតាជាចាំបាច់។
លោកចក្ខុបណ្ឌិត ប៉ាង សាម៉ន បានបន្ថែមថា ការផ្ដល់វ៉ែនតានេះសំដៅលើវ៉ែនតាមីញ៉ូមឆ្ងាយ និងមីញ៉ូបជិត មីញ៉ូបអានអក្សរ និងមីញ៉ូបសម្រាប់មើលឆ្ងាយមិនគិតចាស់ក្មេងនោះទេ។ លោកក៏បានផ្ដាំផ្ញើដល់មន្ត្រីរាជាការ បញ្ហាជំងឺឡើងបាយ កន្ទុយថ្លែន មិនអាចវ៉ែនតាដាក់ជួយឱ្យភ្លឺទេ ហើយក៏មិនមានថ្នាំបន្ដក់ ថ្នាំលេបណាមានប្រសិទ្ធភាពអាចព្យាបាលឡើងបាយ កន្ទុយថ្លែនបាននោះដែរ។ ត្រូវតែទៅពិគ្រោះជាមួយគ្រូពេទ្យ វេជ្ជបណ្ឌិតឯកទេសជំងឺភ្នែកនៅក្បែរផ្ទះរបស់គាត់ ដើម្បីអាចប្រឹក្សាយោបល់ថា តើព្យាបាលយ៉ាងម៉េច ចៀសជាងឱ្យគាត់ទិញថ្នាំ ឬក៏វ៉ែនតាមកប្រើ គឺជាការខាតបង់ថវិកាឥតប្រយោជន៍ ជួនកាលទុកឱ្យជំងឺរបស់គាត់កាន់តែធ្ងន់ទៅៗ ដល់ពេលត្រូវព្យាបាល គឺហួសពេលមានន័យថាទោះបីជាយើងបកយើងព្យាបាលក៏នៅតែមើលមិនឃើញដែរព្រោះដោយសារគាត់ទុកជ្រុលពេលអីចឹងសូមបញ្ជាក់ថាវ៉ែនតា និងថ្នាំបន្តក់ ថ្នាំលេប មិនអាចជួយព្យាបាលជំងឺឡើងបាយ កន្ទុយថ្លែនបាននោះទេ។
បើតាមលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានចាត់ទុកសកម្មភាពរបស់ក្រុមគ្រូពេទ្យ គឺជាសអំណោយមួយដែលផ្តល់នូវតម្លៃជីវិត ឬផ្តល់នូវក្តីសង្ឃឹមបន្ថែមទៀត នៅពេលដែលអ្នកមានបញ្ហាភ្នែកទទួលបានវ៉ែនតាសម្រាប់ជាជំនួយ។ ដូច្នេះ ប្រសិនបើអ្នកមានជំងឺភ្នែកមីញ៉ូប មិនមានវ៉ែនតា ជាជំនួយនោះទេ ច្បាស់ណាស់ ប្រសិទ្ធភាពការងារក៏នឹងមិនធ្វើបានល្អនោះដែរ ពីព្រោះបញ្ហាជំងឺភ្នែក វាបង្កផលរំខានជាច្រើនដល់អ្នកជំងឺ។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា៖ «ខ្ញុំជឿថា អំណោយជាវ៉ែនតានេះនឹងជួយជំរុញប្រសិទ្ធភាពការងាររបស់បងប្អូនជាមន្ត្រីរាជការ ទីប្រឹក្សាក្រសួងព័ត៌មាន នឹងកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។ ពីព្រោះវ៉ែនតា ជួយកាត់បន្ថយការស្រវាំងភ្នែក ឬបញ្ហាឈឺក្បាលដែលបង្អាក់សកម្មភាពការងារ ហើយសុខភាពភ្នែក ជារឿងដ៏សំខាន់»។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា បុគ្គលដែលមានបញ្ហាភ្នែក ប៉ុន្តែ នៅពេលទទួលបានវ៉ែនតា ដែលក្រុមគ្រូពេទ្យជំនាញបានពិនិត្យ វាស់ជាក់ស្តែងតាមអាការៈភ្នែករបស់អ្នកជំងឺច្បាស់ណាស់ វានឹងធ្វើឱ្យអ្នកមានបញ្ហាភ្នែកដែលបានពាក់វ៉ែនតា នឹងមានអារម្មណ៍ប្លែក និងធូរស្រាល មានអារម្មណ៍ស្រឡះក្នុងខ្លួន ដែលអាចជួយឱ្យអ្នកជំងឺអាចបំពេញការងារបានយ៉ាងរលូនជាដើម។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានលើកទឹកចិត្តដល់អ្នកមានជំងឺភ្នែក មកទទួលសេវាព្យាបាលនៅមន្ទីរពេទ្យជំនាញឯកទេសចក្ខុ ពីព្រោះបច្ចុប្បន្ននេះ មន្ទីរពេទ្យមានឧបករណ៍ទំនើប និងមានក្រុមគ្រូពេទ្យជំនាញៗ សម្រាប់ពិគ្រោះ និងព្យាបាលជំងឺភ្នែកជូនអ្នកកជំងឺ។ បន្ថែមពីនេះ អ្នកជំងឺដែលមានបណ្ណ ប.ស.ស នៅក្នុងដៃ គឺមិនតម្រូវឱ្យចំណាយថវិកាលើថ្លៃព្យាបាលនោះទេ៕
































