ផ្លូវក្រាសក្រួសក្រហមប្រវែង៤០០០ម៉ែត្រ ឆ្លងកាត់ចំនួនបីភូមិ ឃុំតានី ក្នុងស្រុកអង្គរជ័យ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
30-11-2025 09:41
(កំពត)៖ ផ្លូវក្រាសក្រួសក្រហមប្រវែង ៤០០០ម៉ែត្រ ឆ្លងកាត់ចំនួនបីភូមិ ឃុំតានី ក្នុងស្រុកអង្គរជ័យ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរកាន់តែងាយស្រួល។
ពិធីសម្ពោធនេះ បានរៀបចំឡើង នៅភូមិត្រពាំងរុន ឃុំអង្គតានី ស្រុកអង្គរជ័យ ខេត្តកំពត ក្រោមអធិបតីភាពលោក ហ៊ុន សុខា ទីប្រឹក្សា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង លោក ស្រៀង ម៉េង អនុប្រធានក្រុមចលនាកសាងសមាជិកបក្សមូលដ្ឋានខេត្តកំពត។ ក្នុងពិធីក៏មានការប្រគល់នូវសម្ភារផ្សេងៗដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនផងដែរ។
ក្នុងពិធីមានមានការអញ្ជើញចូលរួមពី លោក សុំ មនោរម្យ នាយកខុទ្ទកាល័យក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ លោក ទី ប៊ុនថេង ទីប្រឹក្សារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជា លោក ហាក់ សុវណ្ណា ប្រធានសភាពាណិជ្ជកម្មខេត្តកំពត-កែប លោកប៉ែន ប្រុស ក្រុមការងារចលនាកសាងសមាជិកបក្សមូលដ្ឋានខេត្តកំពត លោកហុង ភាព ក្រុមការងារចលនាកសាងសមាជិកបក្សមូលដ្ឋានខេត្តកំពត លោកឡូញ វុិត ក្រុមការងារចលនាកសាងសមាជិកបក្សមូលដ្ឋានខេត្តកំពត លោកមួង នឿន អភិបាលរស្រុកអង្គរជ័យ ព្រមទាំងអភិបាលរង លោក លោកស្រី គណៈប្រតិភូអមដំណើរ មន្ត្រីជុំវិញស្រុក និងប្រជាពលរដ្ឋចំនួន២៩០១នាក់។
លោក មួង នឿន អភិបាល នៃគណៈអភិបាលស្រុកអង្គរជ័យ បានថ្លែងស្វាគមន៍គណៈអធិបតី និងសំណេះសំណាលប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីសម្ពោធ និងចេញសារផ្តាំផ្ញើរដល់ប្រជាពលរដ្ឋ កុំជឿពួកញុះញង់ ក្រុមប្រឆាំងជ្រុលនិយម និងរួមគ្នាធ្វើអនុវត្តកាតព្វជាពលរដ្ឋល្អ គឺជួយគ្នាទៅវិញទៅមក និងរួមគ្នាអភិវឌ្ឍន៍សង្គមជាតិ និងណែនាំឱ្យប្រជាពលរដ្ឋជឿជាក់លើរាជរដ្ឋាភិបាល ក្រោមការដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺមានតែការអភិវឌ្ឍន៍លើគ្រប់វិស័យ និងមានការខិតខំប្រឹងប្រែងទៅមុខជានិច្ច ដើម្បីបម្រើប្រជាពលរដ្ឋ បម្រើប្រទេសជាតិឱ្យមានការអភិវឌ្ឍន៍ជានិច្ច។
មានមតិសំណេះសំណាលក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រាសក្រួសក្រហមនេះ លោក ហ៊ុន សុខា និងលោក ស្រៀង ម៉េងបានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅប្រជាពលរដ្ឋ ពោលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋជានិច្ច។
លោកមានប្រសាសន៍ថា បច្ចុប្បន្ននេះ ពីមួយថ្ងៃទៅមួយថ្ងៃនៅតាមមូលដ្ឋាន មានការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាច្រើន និងជាបន្តបន្ទាប់ ហើយស្ថាប័នពាក់ព័ន្ធបាននឹងកំពុងប្រឹងប្រែង កសាង ជួសជុលផ្លូវក្នុងស្រុកអង្គរជ័យទាំងនៅទីប្រជុំជន និងនៅជនបទ ឱ្យកាន់តែស្រួលក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។
លោកបន្ថែមថា«នេះជាសកម្មភាពមួយដោយអនុវត្តតាមគោលនយោបាយជាតិ ដែលមានសម្តេចតេជោ ហ៊ុន សែនប្រធានគណបក្សប្រជាជនកម្ពុជា តែងតែគិតគូរពីសុខទុក្ខបងប្អូនគ្រប់ពេលវេលា ដោយផ្តោតសំខាន់ មនុស្ស ទឹក ផ្លូវ ភ្លើង។ ផ្លូវនេះពិតជាមានសារៈសំខាន់ណាស់ សម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់អាចធ្វើដំណើរទៅមក ឬដឹកជញ្ជូនកសិផលទៅកាន់ទីផ្សាតាមផ្លូវនេះ បានយ៉ាងងាយស្រួល»។
លោក ហ៊ុន សុខា និងលោក ស្រៀ ម៉េងក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានផ្តល់ជូនរួមមាន៖
- ផ្លូវក្រាលក្រួសក្រហមប្រវែង៤០០០ម៉ែត្រ ឆ្លងកាត់ចំនួន៣ភូមិ នៅឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត និងសម្ភារៈផ្សេងៗសរុបថវិការអស់៥៧,៤៩៨,០០០រៀល។
- វិទ្យុទាក់ទងប្រើស៊ីម ចំនួន ៦១គ្រឿង
- កុំព្យូទ័រលើតុ ចំនួន ០៦គ្រឿង
- ម៉ាស៊ីនព្រីនធ័រ ចំនួន ០៦គ្រឿង
- ជូនប្រជាពលរដ្ឋ កងម្លាំងទាំងបី លោកគ្រូ អ្នកគ្រូ គ្រូពេទ្យ សរុបចំនួន ២៩០១នាក់ ក្នុងម្នាក់ៗទទួលបាន សារ៉ុងចំនួន ១សារ៉ុង រួមទាំងថវិកាផងដែរ ។
ក្រោយពីបានបញ្ចប់កម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រាសក្រួសក្រហមប្រវែង៤០០០ម៉ែត្ររួយមកប្រជាពលរដ្ឋ បានសម្តែងនូវភាពសប្បាយរីករាយ និងថ្លែងអំណរគុណ សម្តេចទាំងទ្វេនៅពេលដែលទទួលបាននូវផ្លូវមួយខ្សែនេះ និងសម្ភារៈផ្សេងៗព្រមទាំងសមិទ្ធផលជាច្រើន ក្នុងការអភិវឌ្ឍន៍មូលដ្ឋានឱ្យមានភាពរីកចម្រើន និងងាយស្រួលដល់ការដឹកជញ្ជូន ធ្វើដំណើរ ដោយសុវត្ថិភាព និងងាយស្រួល មិនលំបាកដូចជាពេលមុន៕



































