ប្រធានគណៈកម្មាធិការគណបក្សខេត្តស្ទឹងត្រែង វាយតម្លៃខ្ពស់ចំពោះ មន្រ្តីគណបក្ស ដែលបានចូលរៀនវគ្គអប់រំនយោបាយ ជំរុញឱ្យរបៀបរបបធ្វើការងារនៅតាមស្ថាប័នឲ្យកាន់តែល្អប្រសើរ

30-11-2025 21:57

(ស្ទឹងត្រែង)៖ លោក សរ សុពុត្រា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តស្ទឹងត្រែង នារសៀល ថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នាំ ២០២៥នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីវគ្គអប់រំនយោបាយ ជំនាន់ទី២៥ ជូនដល់មន្រ្តីគណៈបក្សក្នុងរចនាសម្ពន្ធ័គណៈបក្សស្រុកបុរីអូរស្វាយសែនជ័យ ។

បើតាមរបាយការណ៍ របស់ លោក អ៊ុក ធាវី សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សខេត្តស្ទឹងត្រែង និងជាប្រធានគណៈឃោសនាអប់រំនៃគណបក្សខេត្តស្ទឹងត្រែង បានគូសបញ្ជាក់ថា អប់រំនយោបាយជូនដល់មន្រ្តីគណៈបក្សក្នុងរចនាសម្ពន្ធ័គណៈបក្សស្រុកបុរីអូរស្វាយសែនជ័យ ដែលមានរយៈពេល ២ថ្ងៃពេញ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បានប្រព្រឹត្តទៅ រលូន និងទទួលបានជោគជ័យ ដែលមានសិក្ខាកាម ចូលរួមរៀន មានចំនួន១២០ នាក់។

ជាលទ្ធផលសិក្ខាមកាម ដែឡមានការយល់ដឹង បានល្អ ចំនួន ៦០% សិក្ខាកាម មានការយល់ដឹង បានល្អបង្គួរ ចំនួន ៣៥% និងសិក្ខាកាម មានការយល់ដឹង មធ្យម ចំនួន ៥% ។

មានប្រសាសន៍ក្នុងពិធីបិទវគ្គអប់រំនយោបាយ លោក សរ សុពុត្រា បានវាយតម្លៃខ្ពស់ចំពោះ អប់រំនយោបាយជូនដល់មន្រ្តីគណបក្សក្នុងរចនាសម្ពន្ធ័គណបក្សស្រុក របស់ គណៈឃោសនាអប់រំនៃគណបក្សខេត្ត នាពេលនេះ និង ការយកចិត្តទុកដាក់ក្នុងការរៀនសូត្ររបស់សិក្ខាកាម ដែលបានបង្ហាញអំពី ការរីកចម្រើនមួយដ៏ល្អខាងផ្នែកទស្សនៈ និងគោលជំហរ និងឆ្លើយតបទៅនឹងសំណូមពរនៃវគ្គសិក្សា ។
ក្នុងនោះលោក ប្រធានគណៈកម្មាធិការគណបក្សខេត្តបាន បានបន្តថាការបណ្តុះបណ្តាលដល់មន្រ្តីគណបក្ស និងយុវជនគណបក្ស នាពេលនេះ គឺជាប្រទីបសម្រាប់បំភ្លឺផ្លូវឱ្យសិក្ខាកាម ដើរបានត្រឹមត្រូវតាមកម្មវិធីនយោបាយ គោលការណ៍ គោលនយោបាយ លក្ខន្តិកៈ និងសេចក្តីសម្រេចនានារបស់គណបក្ស , ជាអាវុធសម្រាប់យកទៅប្រើប្រាស់ក្នុងការវាយបក លើសមរភូមិនយោបាយ សតិអារម្មណ៍ និងសមរភូមិសាធារណមតិជាដើម។

បន្ថែមពីនោះទៀត លោកបានមានប្រសាសន៍ វគ្គអប់រំនយោបាយនេះផងដែរ និងធ្វើឲ្យសិក្ខាកាម បានដឹង និងរៀនសូត្រអំពីការពង្រឹងតួនាទីដឹកនាំរបស់គណបក្ស និងរបៀបរបបធ្វើការងារនៅតាមស្ថាប័នឲ្យកាន់តែល្អប្រសើរ ឆ្លើយតបទៅនឹងទិសដៅជាយុទ្ធសាស្រ្តរបស់គណបក្ស គឺរក្សាបានសុខសន្តិភាពជូនប្រជាពលរដ្ឋនិង រក្សាប្រៀបឈ្នះក្នុងការបោះឆ្នោតអាណត្តិក្រោយៗបន្តទៀត។

ឆ្លៀតក្នុងឳកាសនោះដែរ លោក សរ សុពុត្រា បានផ្តាំផ្ញើឱ្យសិក្ខាកាមនិងមន្រ្តីគណបក្សប្រជាជនកម្ពុជា ត្រូវសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ ផ្សព្វផ្សាយគោលនយោបាយគណបក្សឱ្យប្រជាពលរដ្ឋយល់ជ្រូតជ្រាបនិងអនុវត្តឱ្យបាននូវអភិក្រមទាំង៥គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាលនិងវះកាត់៕