ADB ត្រៀមលុយ ៧៦៣លានដុល្លារជួយកម្ពុជា លើកកម្ពស់សុវត្ថិភាពទឹក និងពង្រឹងភាពធន់
01-12-2025 10:49
(ហ្វីលីពីន)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥នេះ បានអនុម័តកម្មវិធីវិនិយោគចំនួន ៧៦៣ លានដុល្លារ ដែលក្នុងនោះរួមមានជំនួយឥតសំណងចំនួន ២០ លានដុល្លារពីមូលនិធិអភិវឌ្ឍន៍អាស៊ី (ADF) ដើម្បីគាំទ្រកម្ពុជា ពង្រីកលទ្ធភាពទទួលបានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ពង្រឹងសន្តិសុខទឹក និង លើកកម្ពស់ភាពធន់ និងភាពសមស្របសម្រាប់រស់នៅនៃទីក្រុងរបស់ប្រទេស។
កម្មវិធីវិនិយោគដើម្បីទីក្រុងសមស្របសម្រាប់រស់នៅធន់ និង មានសុវត្ថិភាពទឹកនេះ ជាការផ្តល់ហិរញ្ញប្បទានតាមដំណាក់កាលៗ សំដៅបង្កើនសេវាកម្មទឹក នៅក្នុងទីក្រុងចំនួន ១៤ និងស្រុកចំនួន១២ នៅតាមតំបន់ទន្លេមេគង្គ ទន្លេសាប និងឆ្នេរសមុទ្រ។ កម្មវិធីនេះនឹងផ្តល់អាទិភាពដល់ការគ្របដណ្តប់ប្រកបដោយបរិយាបន្ននៃការទទួលបានទឹក និងសេវាទីក្រុង ដែលប្រមាណ១៥% នៃអ្នកទទួលផលផ្ទាល់សរុបពីកម្មវិធី គឺជាគ្រួសារក្រីក្រ។
លោកស្រី Yasmin Siddiqi នាយិកា ADB ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា «កម្មវិធីវិនិយោគនេះ នឹងជួយកម្ពុជាក្នុងការកសាងសេវាកម្មទីក្រុង ដែលធន់នឹងអាកាសធាតុ និងមានបរិយាបន្ន ដែលមិនត្រឹមតែគាំទ្រដល់ភាពសមស្របសម្រាប់រស់នៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនផលិតភាព និងសមត្ថភាពប្រកួតប្រជែងផងដែរ។ តាមរយៈការកែលម្អការផ្គត់ផ្គង់ទឹក អនាម័យ និងសេវាទីក្រុងផ្សេងទៀត យើងមានគោលបំណងនាំមកនូវអត្ថប្រយោជន៍ដោយផ្ទាល់ ដល់ពលរដ្ឋជាង ២ លាននាក់ ដោយធានាថាសូម្បីតែសហគមន៍ដែលងាយរងគ្រោះបំផុតក៏មិនត្រូវបានទុកចោលដែរ»។
ខណៈពេលដែលប្រទេសកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ជាមួយនឹងការទទួលបានការផ្គត់ផ្គង់ទឹក និងអនាម័យជាមូលដ្ឋាន កើនឡើងដល់ជិត ៨៣% ក្នុងឆ្នាំ ២០២៤ ដោយការផ្គត់ផ្គង់ទឹកកើនឡើងពី ៧៣% និង អនាម័យកើនឡើងពី ៥៤% កាលពីឆ្នាំ ២០១៥ បញ្ហាប្រឈមគន្លឹះមួយចំនួននៅតែមាន។ សេវាកម្មដូចជាប្រព័ន្ធលូទឹកកខ្វក់ លូរំដោះទឹកភ្លៀង និងការគ្រប់គ្រងសំណល់រឹង ទាមទារឱ្យមានការធ្វើឱ្យប្រសើរឡើង ដើម្បីបំពេញតម្រូវការ និង ដើម្បីដោះស្រាយបញ្ហាប្រឈមដែលទាក់ទងនឹងអាកាសធាតុដែលប្រែប្រួលខ្លាំង។
ជាងពាក់កណ្តាលនៃចំនួនប្រជាពលរដ្ឋកម្ពុជា ស្ថិតក្នុងស្ថានភាពអាចប្រឈមនឹងទឹកជំនន់ ហើយបើគ្មានការសម្របសម្រួល ដោយប្រសិទ្ធភាពដូចជាប្រព័ន្ធលូរំដោះទឹកភ្លៀងនោះទេ ការខាតបង់ប្រចាំឆ្នាំបង្កដោយអាកាសធាតុ អាចឈានដល់ ១០.៦ ពាន់លានដុល្លារនៅឆ្នាំ ២០៥០ ដែលអាចកាត់បន្ថយផលិតផលក្នុងស្រុកសរុបរហូតដល់ ១០% ។ តំបន់ទីក្រុងមានភាពងាយរងគ្រោះជាពិសេស ដោយប្រជាពលរដ្ឋរស់នៅតាមទីក្រុងត្រូវបានរំពឹងថានឹងកើនឡើងប្រមាណ ៤៧.៨% ពី ៤.៦ លាននាក់ក្នុងឆ្នាំ ២០២៤ ដល់ ៦.៨ លាននាក់ (៣៥% នៃចំនួនពលរដ្ឋសរុប) នៅឆ្នាំ ២០៤០។
កម្មវិធីវិនិយោគនេះ ស្របទៅនឹងគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ភាពធន់នៃទីក្រុង ការកាត់បន្ថយភាពក្រីក្រ និងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ វានឹងគាំទ្រការវិនិយោគជាអាទិភាព រយៈពេលខ្លី និងវែង ដើម្បីពង្រីកនិងធ្វើឱ្យមាននិរន្តរភាព នូវហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មទីក្រុងដែលធន់ លើកកម្ពស់សន្តិសុខទឹក និងពង្រឹងសមត្ថភាពស្ថាប័ន និងការផ្តល់សេវា។
បែងចែកជា ៤ កញ្ចប់ហិរញ្ញប្បទាន ជាមួយនឹងចំណាយប៉ាន់ស្មានសរុបចំនួន ៩៦៦ លានដុល្លារ កម្មវិធីវិនិយោគនេះប្រើវិធីសាស្រ្តអនុវត្តជាដំណាក់កាលៗ ដើម្បីឆ្លើយតបទៅនឹងសមត្ថភាពជាក់ស្តែងនៃភ្នាក់ងារប្រតិបត្តិ និង ភ្នាក់ងារអនុវត្ត។ ការនេះធានានូវភាពបត់បែន ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងការរួមបញ្ចូលមេរៀន និង បទពិសោធន៍ពីមុន ដើម្បីពង្រឹងការអនុវត្តកម្មវិធីដោយស្ថាប័នពាក់ព័ន្ធ។ កញ្ចប់នីមួយៗនឹងអនុវត្តបន្តពីមួយទៅមួយដើម្បីធានាគុណភាពផលជះ និង និរន្តរភាពរបស់កម្មវិធីទាំងមូល។
ជំនួយឥតសំណងពី ADF មានគោលបំណងជួយដល់ប្រទេសងាយរងគ្រោះបំផុតនៅអាស៊ី និងប៉ាស៊ីហ្វិក។ ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៤ មូលនិធិនេះបានជួយពលរដ្ឋប្រមាណ ៣៨៥.000 នាក់ឱ្យចេញផុតពីភាពក្រីក្រ និងបង្កើតការងារជាង ៥០០ ០០០៕






