ប្រធាននាយកដ្ឋានជំរុញចលនាវប្បធម៌ ស.ស.យ.ក. កំពុងខិតខំជួយរកទីផ្សារ ការសូនឆ្នាំង នៅខេត្តកំពង់ឆ្នាំង
01-12-2025 10:53
(កំពង់ឆ្នាំង)៖ លោកបណ្ឌិត ហ៊ឺ វីរៈ ប្រធាននាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្ត្រ នៃសហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ថា ស.ស.យ.ក. បានបង្ហាញពីឆន្ទៈនៅក្នុងការខិតខំជួយរកទីផ្សារ ការសូនឆ្នាំង នៅខេត្តកំពង់ឆ្នាំង។
ឆន្ទៈនេះត្រូៈបានបង្ហាញឡើងនាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងឱកាសលោកជួបសំណេះសំណាលជាមួយលោកស្រី ជា សុខុន គ្រូបង្គោលបង្រៀនក្នុងជំនាញវិជ្ជាជីវៈដូនតាសូនឆ្នាំង និងសិស្ស ស្ថិតនៅភូមិអណ្តូងឫស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតានេះ ផ្តួចផ្តើមរៀបចំដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
ការជួបសំណេះសំណាលនេះ មានវត្តមានអញ្ជើញចូលរួមពី ក្រុមការងារនាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្ត្រ លោក លោកស្រី នៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង ក្រុមការងារស.ស.យ.ក. ស្រុករលាប្អៀរ ក្រុមប្រឹក្សាឃុំស្រែថ្មី អាជ្ញាធរមូលដ្ឋាន លោកស្រីគ្រូបង្គោល និងសិស្ស នៃវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដូនតា សរុបប្រមាណ ៤០នាក់។
នាឱកាសនោះ លោកបណ្ឌិត បានថ្លែងអំណរគុណដល់ក្រុមការងារ មន្ត្រីនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត សមាជិក សមាជិកា ស.ស.យ.ក.ស្រុករលាប្អៀរ អាជ្ញាធរមូលដ្ឋាន និងលោកស្រីគ្រូបង្គោល និងសិស្សទាំងអស់ ដែលបានរៀបចំកម្មវិធីនេះឡើង។ លោកក៏បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដល់អ្នកគ្រូបង្គោល និងបងប្អូនរៀនក្នុងជំនាញវិជ្ជាជីវៈដូនតា និងសមាជិក សមាជិកាស.ស.យ.ក.ស្រុករលាប្អៀរ និងបងប្អូនចូលរួមកម្មវិធីទាំងអស់។
ក្នុងនោះដែរ លោកស្រី ជា សុខុន គ្រូបង្គោល បានធ្វើបទបង្ហាញអំពីដំណើរការផលិត តាំងពីការយកវត្ថុធាតុផ្សំមានដីឥដ្ឋ និងដីស្កាតជាដេីម ដែលជាប្រភេទដីមានសារសំខាន់មាននៅភ្នំក្រាំងដីមាសសម្រាប់យកមកធ្វើក្អម ឆ្នាំង និងរបៀបធ្វើ និងដុតសម្រេចជាក្អម ឆ្នាំង អាចយកទៅប្រេីប្រាស់ និងយកទៅលក់ដូរលេីទីផ្សារ។
លោកបណ្ឌិត ហ៉ឺ វីរៈ បានគិតគូរពីច្រវាក់ផលិតកម្ម ការរកទីផ្សារ ការបង្កើននូវការផលិតឱ្យមានគុណភាពខ្ពស់ និងផ្គត់ផ្គង់បរិមាណគ្រប់គ្រាន់តាមតម្រូវការ និងជាពិសេសរិះរកវិធីក្នុងការផ្ទុកនូវវត្ថុធាតុដើម។
លោកក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អ្នកគ្រូ និងសិស្សទាំងអស់ ដែលបានលះបង់ពេលវេលា និងកម្លាំងកាយចិត្ត ក្នុងការចែករំលែកចំណេះដឹង បង្រៀនដល់សិស្ស និងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឱ្យបានទទួលចំណេះជំនាញអំពីរបៀបធ្វើទាំងបច្ចេកទេសធ្វើសម័យបុរាណ និងសម័យទំនើប ដេីម្បីថែរក្សានូវទំនៀមទម្លាប់ធ្វើក្អម ឆ្នាំង និងសម្ភារៈប្រើប្រាស់ផ្សេងៗទៀតឱ្យបានគង់វង្សយូរអង្វែង និងអាចចាប់ជាអាជីពសម្រាប់ចិញ្ចឹមជីវិតទៅថ្ងៃអនាគត៕























