ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ចូលរួមជាវាគ្មិនកិត្តិយស នៃវេទិកាសន្តិភាពសកលស្តីពី សុខដុមនីយកម្មក្នុងភាពចម្រុះជាតិសាសន៍ នៅប្រទេសម៉ាឡេស៊ី

01-12-2025 11:10

(ម៉ាឡេស៉ី)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស នៃវេទិកាសន្តិភាពសកលស្តីពី សុខដុមនីយកម្មក្នុងភាពចម្រុះជាតិសាសន៍ នៅរដ្ឋសហព័ន្ធប៉ូឡាវប៉ីណាំង ប្រទេសម៉ាឡេស៊ី ក្រោមអធិបតីភាព លោកបណ្ឌិត Zulkifli bin Hassan សមាជិកព្រឹទ្ធសភា និងជាអនុរដ្ឋមន្ត្រី នៃទីស្តីការគណៈរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការសាសនា ម៉ាឡេស៊ី និងលោក Dato' Hj. Ahmad Azam Ab Rahman បេសកជនពិសេសម៉ាឡេស៊ីប្រចាំកម្ពុជា និងជាប្រធានអង្គការ WADAH។

តាមការគ្រោងទុកពិធីបើកនៃវេទិកានេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក Dato Seri Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ប៉ុន្តែដោយសារលោកមានធុរៈបន្ទាន់ ដែលមិនអាចអញ្ជើញមកចូលរួមផ្ទាល់បាន។

ថ្វីដ្បិតតែមិនបានចូលរួមផ្ទាល់ក្តី ក៏នាយករដ្ឋមន្ត្រី បានឆ្លៀតពេលដ៏មមាញឹករបស់ខ្លួន ដើម្បីថ្លែងសុន្ទរកថា គន្លឹះតាមរយៈប្រព័ន្ធសន្និសីទវីដេអូ ដែលបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ និងការគាំទ្ររបស់រដ្ឋាភិបាលម៉ាឡេស៊ីចំពោះបេសកកម្ម និងការងាររបស់អង្គការ Wadah ព្រមទាំងជំរុញការងាររបស់អង្គការ Wadah ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត នាពេលអនាគត។

វេទិកានេះ ត្រូវបានរៀបចំឡើងដោយ អង្គការ WADAH ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានអ្នកចូលរួមជាង៧០០នាក់ ក្នុងនោះថ្នាក់ដឹកនាំមកពីប្រទេសម៉ាឡេស៊ី ថៃ ហ្វីលីពីន កម្ពុជា និងផ្សេងៗទៀត ថ្នាក់ដឹកនាំអង្គការក្រៅរដ្ឋាភិបាល និងស្ថាប័នល្បីៗទូទាំងប្រទេស។

លោកបណ្ឌិតទេសរដ្ឋមន្ត្រី បានឡើងថ្លែងចែករំលែកបទពិសោធន៍ ពីគោលនយោបាយសុខដុមនីយកម្ម ជាតិសាសន៍ និងសាសនា ដែលកម្ពុជាទទួលបាន ដោយសារគុណបំណាច់ដ៏ធំធេង មិនអាចកាត់ថ្លៃបានរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងនោះ សហគមន៍ឥស្លាមកម្ពុជា ក៏ទទួលបាននូវសិទ្ធិសេរីភាព ក្នុងការប្រតិបត្តិសាសនា សិទ្ធិធ្វើនយោបាយ និងសិទ្ធិរស់នៅ ដោយស្មើមុខស្មើមាត់ក្នុងសង្គម ថែមទាំងទទួលបាននូវការអនុគ្រោះ និងការផ្តល់ជូនសព្វបែបយ៉ាង។

ទន្ទឹមគ្នាដែរ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានចាត់ទុកវេទិកានេះ មានតម្លៃណាស់សម្រាប់ការ ចែករំលែកចំណេះដឹង បទពិសោធន៍ និងគំនិត ដើម្បីកសាងសង្គមប្រកបដោយសន្តិភាព និងសុខដុមរមនា។

ក្នុងឱកាសនោះ លោកបណ្ឌិត Sabuddin N. Abdurahim រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសាសនា ឥស្លាមហ្វីលីភីន និងលោកសាស្ត្រាចារ្យបណ្ឌិត Pakorn Priyakorn គណៈកម្មការសិក្សាជាន់ខ្ពស់ និងសាសនាវិទូ នៃសៃឃុលឥស្លាមថៃ បានឡើងថ្លែងចែករំលែកបទពិសោធន៍ពីស្ថានភាពគោលនយោបាយសុខដុមនីយកម្ម ជាតិសាសន៍ និងសាសនា ជូនដល់អ្នកចូលរួមអំពីប្រទេសទាំង២ ផងដែរ ដែលជាប្រទេសមានអ្នកកាន់សាសនាឥស្លាមភាគតិច។

អង្គការ Wadah Pencerdasan Umat Malaysia (WADAH) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៥ ដែលបច្ចុប្បន្នមាន លោក Dato' Hj. Ahmad Azam Ab Rahman ជាប្រធាន ដោយមានគោលបំណង ពង្រឹងភាពរឹងមាំដល់សហគមន៍ឥស្លាមដោយប្រកាន់កណ្តាលនិយម ជាពិសេសក្នុងការយល់ដឹងអំពីសាសនាឥស្លាម និងដោះស្រាយបញ្ហាសំខាន់ៗ ដែលកំពុងប្រឈមក្នុងសង្គម៕