គណបក្សប្រជាជនកម្ពុជា ផ្ញើសារចូលរួមរំលែកទុក្ខមរណភាពរបស់ ឯកឧត្តមសាស្ដ្រាចារ្យ ហេង តៃគ្រី សមាជិកគណៈកម្មាធិការកណ្ដាល និងជារដ្ឋលេខាធិការក្រសួងសុខាភិបាល

01-12-2025 11:12

(ភ្នំពេញ)៖ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល សូមសម្ដែងនូវទុក្ខក្រៀមក្រំ ប្រកបដោយក្តីក្តុកក្តួលបំផុតដោយ ឯកឧត្តមសាស្ត្រាចារ្យ ហេង តៃគ្រី សមាជិកគណៈកម្មាធិការកណ្ដាល និងជារដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលមរណភាព កាលពីថ្ងៃអាទិត្យ១០កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២៥ វេលាម៉ោង០០៖១០នាទីរំលងអធ្រាត្រ ក្នុងជន្មាយុ៧៧ឆ្នាំ ដោយរោគាពាធ។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ គណៈអចិន្ត្រៃយ៍នៃគណៈ កម្មាធិការកណ្តាល សូមសម្តែងនូវការសោកស្តាយគ្មានអ្វីប្រៀបផ្ទឹមបានឡើយ ចំពោះមរណភាពនេះ និងសូមចងចាំទុកនូវរាល់ស្នាដៃរបស់ ឯកឧត្តមសាស្ត្រាចារ្យ ហេង តៃគ្រី ដែលជាឥស្សរជនដ៏ឆ្នើមមួយរូបក្នុងវិស័យសុខាភិបាល ដែលបានរួមចំណែកលើកកម្ពស់ដល់ សុខុមាលភាពប្រជាជន និងមានគុណសម្បត្តិជាច្រើនទៀត ក្នុងការបម្រើដល់ផលប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ និងគណបក្សប្រជាជនកម្ពុជា។

គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល សូមចូលរួមរំលែកនូវមរណទុក្ខ ដោយក្តីសោកសង្រេងបំផុតជាមួយក្រុមគ្រួសារនៃសព និងសូមបួងសួងឲ្យវិញ្ញាណក្ខន្ធរបស់ឯកឧត្តមសាស្ដ្រាចារ្យ ហេង តៃគ្រី បានទៅកាន់សុគតិភពកុំបីខានឡើយ៕