លោក ជា យុពា និងលោក មែ ស៉ីថន នាំយកសាររំលែកទុក្ខរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនលោកស្រី ខៀវ វណ្ណា ចំពោះមរណភាពលោកសាស្ដ្រាចារ្យ ហេង តៃគ្រី
01-12-2025 11:49
(ភ្នំពេញ)៖ លោក ជា យុពា និងលោក មែ ស៉ីថន ជំនួយការសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥នេះ បាននាំយកសាររំលែកទុក្ខរបស់សម្ដេចធិបតី នាយករដ្ឋមន្ដ្រី ជូនលោកស្រី ខៀវ វណ្ណា ចំពោះមរណភាពលោកសាស្ដ្រាចារ្យ ហេង តៃគ្រី រដ្ឋលេខាធិការក្រសួងសុខាភិបាល។
ក្នុងសាររំលែកទុក្ខនោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានរៀបរាប់យ៉ាងដូច្នេះថា៖
«ខ្ញុំ និងភរិយា មានសេចក្តីក្តុកក្តួលរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងថា ឯកឧត្តមសាស្ត្រាចារ្យ ហេង តៃគ្រី រដ្ឋលេខាធិការក្រសួងសុខាភិបាល ត្រូវជាស្វាមីរបស់លោកជំទាវ បានទទួលមរណភាព នៅថ្ងៃអាទិត្យ ១០កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង១២:១០នាទីរំលងអធ្រាត្រ ក្នុងជន្មាយុ ៧៧ឆ្នាំ ដោយរោគាពាធ។
នៅក្នុងវេលាពោរពេញដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមចូលរួមរំលែកទុក្ខ និង សម្តែងនូវក្តីសង្វេគប្រកបដោយអនិច្ចលក្ខណធម៌យ៉ាងជ្រាលជ្រៅ ព្រមទាំងសោកស្ដាយ ស្រណោះអាឡោះ អាល័យជាទីបំផុត។ ការបាត់បង់ឯកឧត្តមសាស្ត្រាចារ្យ ហេង តៃគ្រី គឺជាការបាត់បង់ស្វាមី ឪពុក ឪពុកក្មេក និងជីតាដែលមានព្រហ្មវិហារធម៌សន្តោសប្រោសប្រណីចំពោះកូនៗ ចៅៗ ជាទីស្រឡាញ់ ទាំងអស់ ហើយក៏ជាការបាត់បង់នូវឥស្សរជនជាន់ខ្ពស់មួយរូបដែលបានលះបង់អស់ពីកម្លាំងកាយ បញ្ញ ស្មារតី ក្នុងបុព្វហេតុជាតិមាតុភូមិ ជាពិសេសបានរួមចំណែកយ៉ាងសកម្មក្នុងការពង្រឹង និងលើកកម្ពស់ វិស័យសុខាភិបាលប្រកបដោយគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាព ដើម្បីកាត់បន្ថយអត្រាឈឺ និងស្លាប់ របស់ប្រជាជនកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលគួរជាទីមោទកភាពក្រៃលែង។
ជាមួយគ្នានេះ ខ្ញុំ និងភរិយា សូមឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធឯកឧត្តមសាស្ត្រាចារ្យ ហេង តៃគ្រី សូមឆាប់បានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ»៕









