លោកបណ្ឌិត ចែម វីឌ្យ៉ា ពលរដ្ឋខ្មែរដំបូងគេ ទទួលបានគ្រឿងឥស្សរិយយសកម្រិតទី២របស់អាល្លឺម៉ង់ សម្រាប់កិច្ចប្រឹងប្រែងជួយលើកកម្ពស់ទំនាក់ទំនងកម្ពុជា-អាល្លឺម៉ង់
01-12-2025 12:19
(ភ្នំពេញ)៖ លោកបណ្ឌិត ចែម វីឌ៉្យា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបតិ្តការអន្តរជាតិ និងព័ត៌មាននៃព្រឹទ្ធសភា ត្រូវបានរដ្ឋាភិបាលអាល្លឺម៉ង់ ផ្តល់ជូននូវគ្រឿងឥស្សរិយយស (Grand Cross of Merit with star of the Order of Merit of the Federal Republic of Germany) ដែលជាគ្រឿងឥស្សរិយយសកម្រិតទី២របស់អាល្លឺម៉ង់។
លោកបណ្ឌិត ចែម វីឌ្យ៉ា បានក្លាយទៅជាពលរដ្ឋខ្មែរដំបូងគេ ដែលទទួលបានគ្រឿងឥស្សរិយយសនេះ។ ការផ្តល់ជូនគ្រឿងឥស្សរិយយសនេះ គឺជាការទទួលស្គាល់ចំពោះកិច្ចប្រឹងប្រែងរបស់លោកបណ្ឌិត ចែម វីឌ្យ៉ា ក្នុងការរួមចំណែកលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាល្លឺម៉ង់ឱ្យកាន់តែល្អប្រសើរ។
គ្រឿងឥស្សរិយយសដ៏មានគុណតម្លៃនេះ ត្រូវបានលោក Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា បំពាក់ជូនលោកជូនលោកបណ្ឌិត ចែម វីឌ៉្យា
កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥កន្លងទៅនេះ នៅស្ថានទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា។
នៅក្នុងពិធីនោះ មានការអញ្ជើញចូលសារទរយ៉ាងច្រើនពីសំណាក់មន្ត្រីព្រឹទ្ធសភា រាជរដ្ឋាភិបាល មន្ត្រីស្ថានទូតល្លឺម៉ង់ ព្រមទាំងក្រុមគ្រួសារ។
លោកបណ្ឌិត ចែម វីឌ្យ៉ា បានបង្ហាញនូវក្តីរីករាយ និងអរគុណដល់រដ្ឋាភិបាលអាល្លឺម៉ង់ ដែលបានវាយតម្លៃចំពោះស្នាដៃការងាររបស់លោក និងបានផ្តល់នូវគ្រឿងឥស្សរិយយដ៏មានកិត្តិយសនេះ។
លោកបណ្ឌិត ចែម វីឌ្យ៉ា ក៏បានអរគុណដល់រាជរដ្ឋាភិបាលកម្ពុជាជាច្រើនអាណត្តិកន្លងទៅក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់ឱកាសឱ្យរូបលោកបានបម្រើការងារជូនជាតិ និងប្រជាពលរដ្ឋ ហើយឈានដល់ការទទួលបានគ្រឿងឥស្សរិយយសនេះ។ សម្រាប់លោកបណ្ឌិត បើគ្មានការដ្ឋានការងារដែលជាឱកាសផ្តល់ជូនដោយរាជរដ្ឋាភិបាល លោកក៏មិនមានឱកាសទទួលបាននូវកិត្តិយសនេះពីរដ្ឋាភិបាលអាល្លឺម៉ង់ផងដែរ៕
















