អភិបាលក្រុងបាវិត៖ វិស័យពុទ្ធចក្រ និងអាណាចក្រ ដើរទន្ទឹមគ្នាមិនអាចកាត់ផ្តាច់មួយណាបានឡើយ ក្នុងការចូលរួមអភិវឌ្ឍន៍សង្គមជាតិ

01-12-2025 14:04

(ស្វាយរៀង)៖ លោក លឹម សៀងហេង អភិបាលក្រុងបាវិត បានថ្លែងថា វិស័យពុទ្ធចក្រ និងអាណាចក្រ ដើរទន្ទឹមគ្នាមិនអាចកាត់ផ្តាច់ មួយណាបានឡើយ ក្នុងការចូលរួមអភិវឌ្ឍន៍សង្គមជាតិ។

ការថ្លែងលើកឡើងបែបនេះធ្វើឡើងនាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់កុដថ្មី ១ខ្នង បណ្តោយ ២១ម៉ែត្រ ទទឹង ១១ម៉ែត្រ មាន ៥បន្ទប់ ស្ថិតនៅវត្តសាមគ្គីមុនីរតន៍ ភូមិគោកល្វៀង សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្ដស្វាយរៀង។

ពិធីនេះ ដោយមានការនិមន្ត និងចូលរួមពី ព្រះគ្រូចៅអធិការ និងភិក្ខុសង្ឃក្នុងវត្ត លោកអភិបាលរងក្រុង លោកនាយករងរដ្ឋបាល លោកអនុប្រធានការិយាល័យសង្គមកិច្ចក្រុង មហាឧបាសក មហាឧបាសិកា លោកចៅសង្កាត់ព្រៃអង្គុញ លោកគ្រូអាចារ្យ គណៈកម្មការ លោកយាយ លោកតា និងពុទ្ធបរិស័ទចំណុះជើងវត្ត។

អភិបាលក្រុងបាវិត បានបន្តថា ជាក់ស្តែងក្នុងការពិធីបញ្ចុះបឋមសិលាសាងសង់កុដថ្មី ១ខ្នង ស្ថិតនៅវត្តសាមគ្គីមុនីរតន៍នេះឡើងបាន ក៏ដោយសារតែប្រទេសជាតិ យើងមានសុខសន្តិភាព មានការយកចិត្តទុកដាក់ពីសំណាក់ ថ្នាក់ដឹកនាំកំពូល របស់ជាតិ លើវិស័យព្រះពុទ្ធសាសនា ហើយបានបន្តជំរុញឱ្យមានការអភិវឌ្ឍ ដើរទន្ទឹមគ្នារវាងអាណាចក្រ និងពុទ្ធចក្រ ព្រោះព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋដែលប្រជាពលរដ្ឋទូទាំងប្រទេសគោរព ប្រណិប័តន៍។

លោកអភិបាលក្រុងបាវិត បានថ្លែងអំណរគុណសប្បុរសជន ញាតិមិត្តជិតឆ្ងាយដែលបានរួមគ្នាសាងសង់សមិទ្ធផលនេះ និងសមិទ្ធផលនានាក្នុងវត្តសាមគ្គីមុនីរតន៍ ដើម្បីទុកជាប្រយោជន៍រួម របស់ប្រជាពលរដ្ឋនៅមូលដ្ឋានសង្កាត់ព្រៃអង្គុញ ក្រុងបាវិត ផងដែរ៕