អាជ្ញាធរខេត្តកំពង់ចាម ទទួលសំណើ និងសំណូមពររបស់ប្រជាពលរដ្ឋចំនួន៨ ក្នុងវេទិកាសាធារណៈ នៅក្នុងស្រុកស្រីសន្ធរ
01-12-2025 14:06
(កំពង់ចាម)៖ ក្រុមប្រឹក្សាខេត្តកំពង់ចាម បានធ្វើវេទិកាពិភាក្សា និងពិគ្រោះយោបល់លើកទី២ អាណត្តិទី៤ នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ក្នុងបរិវេណវត្តកោះកែវ ស្ថិតក្នុងភូមិតាមល់ ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ក្រោមអធិបតីភាពលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម។
លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែងក្នុងឱកាសនោះថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម លើកទី២ អាណត្តិទី៤ នាថ្ងៃនេះ គឺដើម្បីផ្ដល់ព័ត៌មានដល់ក្រុមប្រឹក្សាក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ សហគមន៍ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធអំពីសកម្មភាពនានារបស់ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ក្នុងការឆ្លើយតបទៅនឹងសំណើទាំងឡាយរបស់ក្រុមប្រឹក្សាក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ និងសហគមន៍ប្រជាពលរដ្ឋ ប្រមូល ពិភាក្សាអំពីសំណើ និងមតិយោបល់នានា សម្រាប់សកម្មភាពឆ្នាំខាងមុខ ដែលមានការចូលរួមរបស់សមាជិកក្រុមប្រឹក្សា គណ:អភិបាលខេត្ត សមាជិកក្រុមប្រឹក្សា គណ:អភិបាលក្រុង ស្រុក សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ រួមទាំងតំណាងសហគមន៍ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធដទៃទៀត។
អាស្រ័យហេតុនេះ សូមស្នើលោក លោកស្រី លើកឡើងជាសំណួរចម្លើយ ព្រមទាំងពិភាក្សាគ្នាក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ ដើម្បីទទួលបានព័ត៌មានជាសមិទ្ធផលដែលក្រុមប្រឹក្សាសម្រេចបាននាឆ្នាំកន្លង បញ្ហាប្រឈមនានា និងពិភាក្សាអំពីការអភិវឌ្ឍន៍នាឆ្នាំបន្ទាប់ ព្រមទាំងទទួលយកនូវអនុសាសន៍ និងសំណូមពររបស់ប្រជាពលរដ្ឋ រួមទាំងអ្នកពាក់ព័ន្ធ ដើម្បីពិភាក្សា និងឆ្លើយតប។
សូមបញ្ជាក់ថា ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ពេលនេះ មានសមាសភាពចូលរួមប្រមាណជាង ៦០០នាក់ ។ បន្ទាប់ពីបញ្ចប់ការពិគ្រោះយោបល់ មានប្រជាពលរដ្ឋចូលរួមលើកជាសំណើ សំណូមពរ និងកង្វល់ ចំនួន៨ ហើយត្រូវបានដោះស្រាយ និងបំភ្លឺជូនអង្គវេទិកាផ្ទាល់បានមួយចំនួន ចំពោះសំណើសំណូមពរមួយចំនួនទៀត អង្គវេទិកាទទួលយកទៅពិភាក្សា ដោះស្រាយបន្តតាមនីតិវិធីរដ្ឋបាល៕















