បេក្ខជន និងសកម្មជន ៦១នាក់ មកពីបក្សភ្លើងទៀន នៅស្រុកកៀនស្វាយ និងស្រុកលើកដែក ខេត្តកណ្ដាល ដើរចេញពីបក្ស និងសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

01-12-2025 14:21

(កណ្ដាល)៖ បេក្ខជន និងសកម្មជនគណបក្សភ្លើងទៀន ចំនួន ៦១នាក់ នៅស្រុកកៀនស្វាយ និងស្រុកលើកដែក ខេត្តកណ្ដាល បានបន្តប្រកាសផ្តាច់ខ្លួនពីបក្សប្រឆាំង និងគោរពស្នើសម្តេចតេជោ ហ៊ុន សែន សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

លោកបណ្ឌិត ឃួន សុវណ្ណ, លោក ឡេង បូរ៉ា ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សប្រជាជននៅមូលដ្ឋានខេត្តកណ្ដាល តំណាងឱ្យលោក ស៊ុយ ឆៃលាង បានឱ្យដឹងថា នៅថ្ងៃ០១ ខែធ្នូ ឆ្នាំ ២០២៥នេះថា, លោក គួច ចំរើន ប្រធានគណៈកម្មាធិការគណបក្សខេត្ត បានផ្ដល់ភាពកក់ក្តៅដល់បេក្ខជន សកម្មជនរបស់គណបក្សនយោបាយនានានៅក្នុងខេត្ត ដែលបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

បណ្ឌិតបានបន្តថា ការងារនេះក៏មានវត្តមានចូលរួមផងដែរពីសំណាក់លោក យឹង សារ៉ាត់, លោក រ៉ុម ផានិត, លោក លី ស៊ីផាន់, លោក សាន ផានិត, លោក រិន រស្មី, លោក ជា រដ្ឋា, លោក សុង សិរី, លោក ជា ប៊ុនធឿន, លោក អាត ធី, លោកស្រី ជា បូរ៉ា និងក្រុមការងារ បានចុះជួបផ្ទាល់ជាមួយបងប្អូនដែលមកពីគណបក្សប្រឆាំងនៅខេត្តកណ្ដាល បានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានៅស្រុកកៀនស្វាយ និងស្រុកលើកដែក។

បណ្ឌិតបានបន្ថែមថា ពួកគេបានប្រកាសឈប់មានទំនាក់ទំនងជាមួយបក្សប្រឆាំងបន្តទៀតហើយ បន្ទាប់ពីមើលឃើញថាសកម្មភាពនយោបាយរបស់បក្សប្រឆាំង មិនបានជួយអ្វីដល់ជាតិនោះឡើយ។ ទន្ទឹមនឹងការប្រកាសបញ្ឈប់ទំនាក់ទំនងជាមួយបក្សប្រឆាំងហើយនោះ ពួកគេក៏បានសុំការអនុគ្រោះពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីបានឱកាសរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា និងធ្វើសកម្មភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជាផងដែរ។

ពួកគេ បានមើលឃើញច្បាស់ដោយឥតសង្ស័យថាគណបក្សប្រជាជនកម្ពុជា គឺជាបក្សនយោបាយតែមួយគត់ ដែលមានគុណបំណាច់ដ៏ធំធេងសម្រាប់ជាតិ និងប្រជាជនកម្ពុជា។ ជាពិសេសសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដ៏ខ្លាំងពូកែ ដែលបានប្រឹងប្រែងរំដោះអាយុជីវិតជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ សម្តេចតេជោ ហ៊ុន សែន បានយកជីវិតធ្វើដើមទុន ដើម្បីបញ្ចប់សង្គ្រាម ហើយឈានដល់ការបង្រួបបង្រួមជាតិ និងកសាងជាតិឱ្យរីកចម្រើនដូចពេលបច្ចុប្បន្ន។

ក្រុមសកម្មជនទាំងអស់ បានមើលឃើញទៀតថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សមានគោលនយោបាយច្បាស់លាស់ក្នុងការដឹកនាំជាតិ និងកសាងជាតិឆ្ពោះទៅរកភាពរុងរឿង។ ជាពិសេសបក្សប្រជាជនកម្ពុជា ជាបង្អែក និងជាទីទុកចិត្តរបស់ប្រជាពលរដ្ឋ ក្នុងការធានារក្សាបានសុខសន្តិភាព និងស្ថេរភាពសង្គមដែលជាលក្ខខណ្ឌដ៏ចាំបាច់សម្រាប់ធានាការរស់នៅប្រកបដោយភាពរីករាយរបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ ពួកគេក៏បានអំពាវនាវអ្នកបម្រើបក្សប្រឆាំងទាំងអស់ឱ្យភ្ញាក់រលឹក និងឈប់ចាញ់បោកបក្សប្រឆាំងបន្តទៅទៀត ហើយចូលរួមសកម្មភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជា ដើម្បីកសាងជាតិមាតុភូមិឱ្យរុងរឿង៕