ក្រោមវប្បធម៌សន្ទនា! អតិថិជនបុរី «ឡេង ណាវ៉ាត្រា ៦អា» មួយចំនួននៅតែបន្តអញ្ជើញមកទទួលយកដំណោះស្រាយ
01-12-2025 14:38
(ភ្នំពេញ)៖ អតិថិជនបុរី ឡេង ណាវ៉ាត្រា គម្រោង៦អា មួយចំនួនបន្តអញ្ជើញមកទទួលយកដំណោះស្រាយ ជាមួយក្រុមការងារបុរី ក្រោមវប្បធម៌សន្ទនាជាបន្តបន្ទាប់ ប្រកបដោយស្នាមញញឹម។
លើបណ្តាញសង្គមផ្លូវការ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបន្តផ្សព្វផ្សាយសកម្មភាពអតិថិជន មកពិភាក្សាជាមួយក្រុមការងារបុរីដើម្បីស្វែងរកដំណោះស្រាយ។ ជាក់ស្តែងនៅថ្ងៃចន្ទ ទី០១ ខែធ្នូនេះ អតិថិជនគម្រោង ៦អា មួយចំនួនបន្តអញ្ជើញមកស្វែងរកដំណោះស្រាយ និងបញ្ចប់ដោយស្នាមញញឹម និងឈ្នះឈ្នះទាំងអស់គ្នា។ ទន្ទឹមគ្នានោះបុរីក៏បន្តបង្ហាញឆន្ទៈ ប្រកាន់ជំហរឈរលើកគោលការណ៍ដោះស្រាយ មិនឲ្យអតិថិជនខាតបង់អត្ថប្រយោជន៍ឡើយ។
ជាមួយនឹងការសម្រេចបាននូវវឌ្ឍនភាពថ្មីៗ ក្នុងការដោះស្រាយជូនអតិថិជន, បុរីក៏សូមអរគុណដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដែលបានជួយសម្របសម្រួលប្លង់ជូនអតិថិជនបុរី ឡេង ណាវ៉ាត្រា ស្របពេលបច្ចុប្បន្នក្រុមការងារបុរី ក៏កំពុងតែទាក់ទងអតិថិជន ដើម្បីធ្វើការដោះស្រាយបញ្ចប់ជាបន្តបន្ទាប់។
បុរី ឡេង ណាវ៉ាត្រា ក៏បានបញ្ជាក់ពីការស្វែងរកដំណោះស្រាយជាបន្តបន្ទាប់ ក្រោមការសម្របសម្រួលរបស់ក្រសួងរៀបចំដែនដី អាជ្ញាធរពាក់ព័ន្ធ ដើម្បីបន្ដសកម្មភាពការចាក់ដី ការសាងសង់ និងការប្រគល់ប្លង់រហូតបញ្ចប់គម្រោងទាំងស្រុង៕















